COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធាន​គណៈកម្មាធិការ​រៀបចំ​ថា អូឡាំពិក​តូ​ក្យូ​នឹងត្រូវ​លុបចោល បើ COVID-19 បន្ត​អុកឡុក​
29, Apr 2020 , 12:29 pm        
រូបភាព
លោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន
លោក Yoshiro Mori ប្រធានគណៈកម្មាធិការរៀបចំកីឡាអូឡាំពិកជប៉ុន
​ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ជប៉ុន ​បាន​និយាយថា​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​ នឹងត្រូវ​លុបចោល​តែម្តង ​ប្រសិនបើ​មិនអាច​ដំណើរ​បាន​នៅ​ឆ្នាំ​២០២១ ទេនោះ​។ លោក Yoshiro Mori ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន ​ប្រកាស​បែបនេះ​ នៅ​ថ្ងៃទី​២៨ ខែមេសា ដោយ​បន្ថែមថា គ្មាន​ឡើយ​ការពន្យារពេល​ជា​លើក​ទី​ពីរ បើ COVID-19 នៅតែ​មិនអាច​គ្រប់គ្រង​បាន​ដល់​ឆ្នាំក្រោយ​។​


 
​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ប្រភេទ​ថ្មី (COVID-19) បាន​បង្ខំ​ឲ្យ​ជប៉ុន​ពន្យារ​ពេល ធ្វើ​កីឡា​អូឡាំពិក​ឆ្នាំ​២០២០ រយៈពេល​មួយឆ្នាំ ពោលគឺ​ត្រូវធ្វើ​នៅ​ថ្ងៃទី​២៣ ខែកក្កដា​ ឆ្នាំ​២០២១ វិញ​។ យ៉ាងណាក៏ដោយ លោក Mori ប្រធាន​អ្នករៀបចំ​ព្រឹត្តិការណ៍​នេះ អះអាងថា នឹង​គ្មាន​ការពន្យារពេល​បន្តទៀត​ឡើយ​។​
 
​នៅក្នុង​បទសម្ភាសន៍​ជាមួយ​កាសែត​ជប៉ុន Nikkan Sports លោក Mori ត្រូវបាន​អ្នកសារព័ត៌មាន​សួរថា តើ​អូឡាំពិក​ អាច​ត្រូវ​ពន្យារពេល​ជាថ្មី​រហូតដល់​ឆ្នាំ២០២២ ទេ ប្រសិនបើ​ជំងឺ​រាតត្បាត​ នៅតែ​គំរាមកំហែង​ដល់​ឆ្នាំក្រោយ​ទៀត​។ លោក​ឆ្លើយ​យ៉ាងខ្លី​ថា «​ទេ​» បើ​មាន​ករណី​នោះ​មែន ​អូឡាំពិក​ក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ត្រូវ​រំសាយ​ចោល​តែម្តង​។​
 
​ជប៉ុន​បាន​ចំណាយលុយ​អស់ ​១៣​ពាន់​លាន​ដុល្លារ​រួចហើយ​ សម្រាប់​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ពិភពលោក​មួយ​នេះ​។ ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ជប៉ុន លើកឡើង​ទៀតថា ជប៉ុន​នឹងត្រូវ​ចំណាយ ​៣​ពាន់​លាន​ដុល្លារ​ទៀត​ លើ​ការពន្យារ​ពេលនេះ​។ ប៉ុន្តែ​លោក​សង្ឃឹមថា ការប្រយុទ្ធប្រឆាំង COVID-19 នឹង​ទទួលបាន​ជោគជ័យ ហើយ​កីឡា​នេះ ​នឹង​រៀបចំ​ដោយ​សន្តិភាព​ នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។​
 
​កាលពី​សប្តាហ៍​មុន គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) បានប្រកាសថា ជប៉ុន​នឹងត្រូវ​បង់ប្រាក់​បន្ថែមទៀត​ សម្រាប់​ការពន្យារពេល​ ដំណើរការ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​។ ហើយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ក៏បាន​យល់ព្រម​លើ​ការបង់ថ្លៃ​បន្ថែម​នេះដែរ ​ក្នុង​រង្វង់​ទឹក​ប្រមាណ ​៣​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​ជុំវិញ​លទ្ធភាព​ដំណើរការ​អូឡាំពិក​នៅ​ឆ្នាំក្រោយ លោក Kentaro Iwata អ្នកជំនាញ​ផ្នែក​ជំងឺឆ្លង​ មកពី​សាកលវិទ្យាល័យ Kobe បាន​លើកឡើងថា ព្រឹត្តិការណ៍​ដែល​ត្រូវបាន​ពន្យារពេល​ទៅ​ឆ្នាំ២០២១ មិន​ប្រាកដថា ជា​រយៈ​ពេលដែល​គ្រប់គ្រាន់​ សម្រាប់​ការលុបបំបាត់​ជំងឺ​រាតត្បាត​សកល​នេះឡើយ​។​
 
​តាម​ការអង្កេត លោក Iwata មើលឃើញថា​ជប៉ុន​អាច​គ្រប់គ្រង​ជំងឺ​នេះ​បាន ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ ប៉ុន្តែ​លោក​មិន​គិតថា​ប្រទេស​ដទៃ​ នៅ​ជុំវិញ​ពិភពលោក​ផ្សេងទៀត​ អាច​បញ្ឈប់ COVID-19 នេះ​បាន​ទាំងអស់​នោះទេ​។ 
 
​លើសពីនេះ​ទៀត​នោះ ប្រធាន​សមាគម​គ្រូពេទ្យ​ជប៉ុន ​លោក Yoshitake Yokokura បាន​ព្រមាន​ថា វា​ពិតជា​លំបាក​ខ្លាំងណាស់ ​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នៅ​ឆ្នាំក្រោយ ប្រសិនបើ​វ៉ាក់សាំង​មិនទាន់​រកឃើញ​ទេនោះ​៕

Tag:
 COVID-19
  Yoshiro Mori
  កីឡា​អូឡាំពិក​
© រក្សាសិទ្ធិដោយ thmeythmey.com