ជាកម្មការិនីចល័ត ស្ត្រីឈ្មោះ ញឹម រៀម មិនបានទទួលប្រាក់ឧបត្ថម្ភទៅតាមគោលការណ៍រដ្ឋាភិបាលនោះឡើយ។ រយៈពេល៤ខែចុងក្រោយ ស្ត្រីវ័យ៤៩ឆ្នាំរូបនេះ ផ្សងព្រេងឈរតម្រង់ជួរនៅមុខរោងចក្រដើម្បីសុំការងារធ្វើផង និងដើររើសអេតចាយលក់ផងដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។ ក្នុងកញ្ចប់ថវិកា២ពាន់លានដុល្លារអាមេរិកដើម្បីពង្រឹងសេដ្ឋកិច្ច និងជីវភាពពលរដ្ឋនាអំឡុងនៃវិបត្តិកូវីដ-១៩ ខ្ទង់៦០លានដុល្លារអាមេរិកផ្តោតលើការជួយ និងគាំពារដល់កម្មកររោងចក្រដែលបាត់បង់ និងត្រូវបានព្យួរការងារ។ មេដឹកនាំសហជីព និងសង្គមស៊ីវិល យល់ឃើញថា រដ្ឋាភិបាលមិនគួរបែងចែកកម្មវិធីគាំពារសង្គមរវាងអ្នកបម្រើការក្នុង និងក្រៅប្រព័ន្ធនោះទេ ដោយគប្បីសិក្សាឲ្យស៊ីជម្រៅ ហើយផ្តល់ការឧបត្ថម្ភទៅដល់កម្មករ កម្មការិនីឲ្យបានដូចគ្នា។
«មួយថ្ងៃខ្ញុំរកបានត្រឹមតែពី៣០០០រៀលទៅ៥០០០រៀលប៉ុណ្ណោះ»។ កម្មការិនី ញឹម រៀម ត្អូញត្អែរពីជីវភាពប្រចាំថ្ងៃរបស់ខ្លួន ដែលធ្លាក់ដុនដាបកាន់តែខ្លាំង ក្រោយរោងចក្រជាបន្តបន្ទាប់ត្រូវបានបិទទ្វារដោយសារវិបត្តិកូវីដ-១៩។ ចំណូលដ៏ស្តួចស្តើងនេះ បានមកពីការដើរប្រមែប្រមូលអេតចាយលក់។
ស្ថិតក្នុងបន្ទប់ជួលមួយនៅជាយរាជធានីភ្នំពេញ ដែលព័ទ្ធជុំវិញដោយចង្អូរទឹកកខ្វក់ អ្នកនាង ញឹម រៀម មមាញឹករៀបចំសំបកកំប៉ុងទឹកក្រូច ស្រាបៀរ និងដបទឹកសុទ្ធ ដាក់ក្នុងការុងដើម្បីយកទៅលក់។ «ក្រោយពេលគេល្បីខ្លាំងរឿងកូវីដ-១៩ហ្នឹង ខ្ញុំក៏អត់មានការងារធ្វើចូលជិត៤ខែមកហើយ។ គ្មានរោងចក្រ ឬភោជនីយដ្ឋានណា ទទួលយកខ្ញុំឡើយ»។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ ស្ត្រីវ័យ៤៩ឆ្នាំរូបនេះ រៀបរាប់ ដោយសំឡេងមួយៗ ស្រាលៗ ក្នុងទឹកមុខស្រពាប់ស្រពោន ដោយដៃម្ខាងកំពុងកាន់មាត់ការុង ឯដៃម្ខាងទៀតកំពុងប្រមូលសំបកដប និងកំប៉ុងនានាដាក់ចូលការុង។
បើដ្បិតនៅតែលីវ និងគ្មានកូនក្នុងបន្ទុកដូចជាកម្មការិនីដទៃ ប៉ុន្តែស្ត្រីរូបនេះ មានឪពុកចាស់ជវាវ័យជាង៧០ឆ្នាំនៅឯស្រុកកំណើតក្នុងខេត្តតាកែវ ដែលត្រូវថែរក្សា។ នេះជាហេតុដែលគាត់បន្តក្រាញននាល ប្រឹងប្រែងតស៊ូរកចំណូលនៅភ្នំពេញ ពីព្រោះគាត់គ្មានដីស្រែ ឬមុខរបរដែលត្រូវធ្វើនៅស្រុកកំណើតនោះឡើយ។
ក្លាយជាកម្មការិនីចល័តក្រោយរោងចក្រផលិតនំបានបិទទ្វារ
កម្មការិនី ញឹម រៀម ធា្លប់ធ្វើការរោងចក្រផលិតនំមួយនៅម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា ដោយទទួលបានប្រាក់ខែ១៦០ដុល្លារ ជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាប្រាក់បំណាច់ឆ្នាំ ប្រាក់អតីតភាព ប្រាក់ថ្លៃបាយ និងថ្លៃសេវាសុខភាព។ ប្រាក់ខែដែលបានមក គាត់ត្រូវបែងចែកសម្រាប់ការចាយវាយផ្ទាល់ខ្លួន និងសន្សំទិញអង្ករផ្ញើជូនឪពុកនៅស្រុកកំណើត។
ចំណូលតិច ចំណាយច្រើន ដែលតម្រូវឲ្យ ញឹម រៀម តែងតែខ្ចីប្រាក់បន្ថែមទៀតពីអ្នកដទៃ ជាពិសេសអ្នកធ្វើការងារក្នុងរោងចក្រជាមួយគ្នា ដោយបើកប្រាក់ខែបាន គាត់ត្រូវយកសងគេវិញ។ សកម្មភាពវិលជុំបែបនេះនៅតែបន្តរហូតដល់រោងចក្ររោងចក្រផលិតនំបិទទ្វារ កាលពីអំឡុងខែតុលា ឆ្នាំ២០១៩ ដែលក្រោយមកគាត់ក្លាយជាកម្មការិនីចល័ត។
កម្មការិនី ញឹម រៀម កំពុងឈរនៅមុខបន្ទប់ជួលរបស់ខ្លួនដែលមានពោរពេញទឹកកខ្វក់ហូរកាត់ ជាប្រចាំថ្ងៃ នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥មេសា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ ThmeyThmey
គាត់រៀបរាប់ថា៖ «រាល់ថ្ងៃខ្ញុំត្រូវក្រោកនៅម៉ោង៥ភ្លឺ ហើយដើរទៅតម្រង់ជួរនៅបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា។ នៅម៉ោង៥ និង៣០ ដល់ម៉ោង៦ព្រឹកជាម៉ោងដែលមានមេការចុះមករើសកម្មករធ្វើការងារច្រើន ហើយខ្ញុំទទួលបានការងារធ្វើទៅតាមហ្នឹងផងដែរ។ បើខ្ញុំក្រោកមិនទាន់ម៉ោងហ្នឹងទេ ខ្ញុំត្រូវមកឈរចាំនៅកន្លែងហ្នឹងម៉ោង៤ម្តងទៀត ទើបមានមេការរោងចក្រកម្មករចូលធ្វើការវេនយប់»។
មិនថាបម្រើការងារក្នុងរោងចក្រ ក្នុងបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា មិនថានៅម្តុំចោមចៅ និងនៅតំបន់សេដ្ឋកិច្ចពិសេសនោះទេ ភាគច្រើនកម្មការិនីរូបនេះ ទទួលបានការងារប្រភេទវេចខ្ចប់ បត់សម្លៀកបំពាក់ និងកាត់ព្រុយ ដោយទទួលបានប្រាក់កម្រៃភ្លាមៗពី៦ទៅ១០ដុល្លារក្នុងមួយថ្ងៃ។
ពីចំណូលតិចតួចទៅជាគ្មានចំណូល ដោយសារកូវីដ-១៩
កន្លងមក ស្ថានភាពមិនជាអាក្រក់ប៉ុន្មាននោះឡើយសម្រាប់អ្នកនាង រៀម ជាស្ត្រីនៅលីវ មានលទ្ធភាពគ្រប់គ្រាន់ដោះស្រាយម្ហូបអាហារប្រចាំថ្ងៃ និងថ្លៃឈ្នួលផ្ទះ២១ដុល្លារអាមេរិកក្នុងមួយខែ។ ប៉ុន្តែ ក្រោយមានរោងចក្រជាច្រើនបិទទ្វារបន្តបន្ទាប់មកដោយសារតែជំងឺកូវីដ-១៩មក បានធ្វើឲ្យកម្មការិនីចល័តរោងចក្ររូបនេះ លែងមានឱកាសរកប្រាក់ចំណូលបានពីរោងចក្រទាំងស្រុង ពិសេសក្នុងរយៈពេល៤ខែចុងក្រោយនេះ ហើយបែរជាពឹងផ្អែកលើចំណូលប្រចាំថ្ងៃបន្តិចបន្តួចពីរបររើសអេតចាយទៅវិញ។
ទន្ទឹមនឹងគ្នានេះ ថ្វីដ្បិត រៀម សុខចិត្តដើររើសអេតចាយ ដើម្បីបានប្រាក់ចិញ្ចឹមក្រពះក៏ពិតមែន ប៉ុន្តែជារៀងរាល់ថ្ងៃ ចន្លោះពីម៉ោង៥កន្លះដល់ម៉ោង៧កន្លះ និងចន្លោះពីម៉ោង៤ដល់ម៉ោង៦ល្ងាច ស្ត្រីរូបនេះនៅតែមកតម្រង់ជួរនៅមុខសួនឧស្សាហកម្មកាណាឌីយ៉ា ដើម្បីរកការងារផ្សេងៗធ្វើនៅក្នុងរោងចក្រជិត-ឆ្ងាយនានា។ គួរសោកស្តាយ ការព្យាយាមទៅតម្រង់ជួរទាំងព្រឹក-ល្ងាច របស់កម្មការិនីធ្វើការងារចល័តរូបនេះ មិនបានផលឡើយ ព្រោះមិនមានមេការូបណាហៅគាត់ឲ្យចូលធ្វើការសោះ។
កម្មការិនី ញឹម រៀម និងកម្មករចល័តរោងចក្រឯទៀតកំពុងអង្គុយលើគ្រែឈើក្នុងតូបមួយកន្លែងជាចិញ្ចើមផ្លូវវេង ស្រេង ម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា សម្លឹងមើលកម្មករដែលមេការទទួលឱ្យធ្វើការងារ ហៅឡើងលើរថយន្ត កាលពីព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
មួយសប្តាហ៍ក្រោយមក សារព័ត៌មានថ្មីៗ បានទៅជួបកម្មការិនី រៀម ម្តងទៀត ហើយស្ថានភាពមិនខុសពីអ្វីដែលគាត់រៀបរាប់កាលពីជំនួបដំបូងនោះឡើយ។ គាត់ស្ថិតក្នុងចំណោមកម្មករ-កម្មការិនីរោងចល័តប្រមាណ៥០០នាក់ដែលឈរនៅម្តុំសួនឧស្សាហកម្មកាណាឌីយ៉ាផ្លូវវេងស្រេង ដើម្បីរង់ចាំឱកាសការងារ ចាប់តាំងពីមុនម៉ោង៦ព្រឹក នាថ្ងៃទី១៧ ខែកក្កដា។
ដៃកាន់កូនថង់តូចមួយដែលសំបកកំប៉ុងពីរបីក្នុងនោះ កម្មការិនីពីខេត្តតាកែវរូបនេះ បានឆ្លៀតមករៀបរាប់ប្រាប់ពីស្ថានភាពរបស់ខ្លួន ហើយភ្នែកទាំងគូរសម្លឹងទៅកម្មករ កម្មការិនីចល័ត ដែលត្រូវបានមេការទទួលយកហើយហៅឈ្មោះម្តងមួយៗឡើងរថយន្តទៅបម្រើការងារក្នុងរោងចក្រនៅកន្លែងផ្សេងៗគ្នា។ គាត់និយាយថា៖«ខ្ញុំត្រូវការលុយប្រញាប់ជួយឪពុកចាស់នៅផ្ទះដែលអត់មានអង្ករអីហូប។ ឪខ្ញុំចាស់ហើយ! ឪខ្ញុំអាយុ៧០ឆ្នាំ គាត់កាន់ធម៌ហើយ»។
ក្រោយសម្លឹងមើលរថយន្តដឹកកម្មកររោងចក្រចល័តដែលសំចត នៅលើចិញ្ចើមផ្លូវវេង ស្រេង អស់ប្រមាណ៥នាទី ទាំងស្រពាប់ស្រពោនមក កម្មការិនីរូបនេះបានដកដង្ហើមធំ ហើយពោលថា៖« បើខ្ញុំមិនរកឲ្យគាត់ [ឪពុក] គឺគាត់អត់អីហូបទេ។ ខ្ញុំមុជងើបៗខំរកប្រាក់រាល់ថ្ងៃ សន្សំបាន៧-៨ម៉ឺនរៀល ទិញអង្ករបាន៤-១០គីឡូ ផ្ញើជូនគាត់»។
បច្ចុប្បន្ន របររើសអេតចាយ ជួយឲ្យ ញឹម រៀម ទទួលបានចំណូលពី៣០០០រៀល ទៅ ៥០០០រៀលក្នុងមួយថ្ងៃ ហើយក៏មិនងាយបានលើសពីនេះឡើយ ដោយសាររបរមួយនេះ ក៏រងផលប៉ះពាល់ពីឥទ្ធិពលជំងឺឆ្លងកូវីដ-១៩ ផងដែរ។ ទោះបីអ្នកនាង ញឹម រៀម បានបាត់បង់ការងារក្នុងចក្ររោងពិតមែន ប៉ុន្តែកម្មការិនីររូបនេះ មិនអាចទទួលបានសេវាគាំពារសង្គម និងប្រាក់ឧបត្ថម្ភពិសេសពីរដ្ឋាភិបាភិបាលឡើយ ដោយសារតែគាត់ជាកម្មកររោងចក្រដែលមិនស្ថិតក្រោមប្រព័ន្ធការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កម្មករ-កម្មការិនីចល័តផ្សេងទៀតក៏មានស្ថានភាពមិនខុសដែរ
ករណីកម្មការិនី ញឹម រៀម មិនមែនជារឿងដាច់ដោយឡែកនោះឡើយ។ អ្នកស្រី យ៉ាន សុភា ដែលជាកម្មការិនីចល័តមួយរូបមកពីខេត្តស្វាយរៀង ក៏បានធ្លាប់ធ្វើការ១០ម៉ោងក្នុង១ថ្ងៃ និងទទួលបានប្រាក់កម្រៃចន្លោះពី១០ ទៅ១៥ដុល្លារអាមេរិក ដើម្បីដោះស្រាយជីវភាពគ្រួសារផងដែរ។ រាល់ព្រឹក ស្ត្រីដែលមានកូនស្រីពីរនាក់អាយុ១៣ឆ្នាំ និង៧ឆ្នាំរូបនេះ ក្រោកដាំបាយ ចំអិនអាហារទុកឲ្យកូន ហើយផ្ញើម្ចាស់បន្ទប់ជួល និងអ្នកជិតខាងឲ្យជួយមើល មុននឹងចេញទៅធ្វើការនៅសួនឧស្សាហកម្មកាណាឌីយ៉ា។
កម្មការិនី យ៉ាន សុភា កំពុងឈរនៅមុខធនាគារមួយកន្លែងនៅម្តុំសួនឧស្សាហកម្មកាណាឌីយ៉ាជាប់ផ្លូវវេង ស្រេង ដើម្បីរកការងារចល័តរោងចក្រធ្វើ កាលពីព្រឹកថ្ងៃទី១៧កក្កដា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
កូវីដ-១៩ បានឲ្យស្ថានភាពរបស់អ្នកស្រី សុភា កាន់តែព្រួយបារម្ភយ៉ាងខ្លាំងចំពោះលទ្ធភាពរកប្រាក់ចិញ្ចឹមកូនៗ។ គាត់រៀបរាប់ថា៖ «កាលពីខែឧសភា និងមិថុនា ខ្ញុំគ្រាន់បានការងារធ្វើខ្លះ បានលុយដើម្បីសងគេ និងទិញនំចំណីឲ្យកូនហូប តែឥឡូវចូលអាទិត្យទីបួន ខ្ញុំធ្វើការ១០ម៉ោង បានលុយតែ៨ដុល្លារកន្លះប៉ុណ្ណោះ ហើយឱកាសការងារកាន់តែចង្អៀតទៀត»។
ងាកទៅលោក កូវ ចាន់ ឯណោះវិញ លោកក៏ពិបាកចិត្តផងដែរ ព្រោះត្រូវការមានចំណូលដើម្បីដោះស្រាយបន្ទុកគ្រួសារ។ គាត់ជាកម្មករោងចក្រចល័តដែលធ្វើការងារចម្រុះ លើផ្នែកលីសែងក្រណាត់ផង ផវាយកាតុងផង បិទស្ទិកឃ័រ និងវេចខ្ចប់ផង។ ៤ឆ្នាំហើយ ដែលលោកធ្វើការងារចល័តបែបនេះ ខណៈភរិយាធ្វើការនៅរោងចក្រមួយកន្លែង ទាំងមានជំងឺប្រចាំកាយ។
លោក កូវ ចាន់ កំពុងអង្គុយនៅមុខហាងលក់ទូរសព្ទមួយកន្លែង នៅម្តុំសួនឧស្សាហកម្មកាយ៉ាឌីយ៉ា ក្រោយមកពីតម្រង់ជាង១ម៉ោងដើម្បីរកការងារចល័តរោងចក្រធ្វើមិនបាន កាលពីព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
លោកបានរៀបរាប់ទាក់ទងនឹងការសម្រេចចិត្តធ្វើការចល័តរបស់ខ្លួនថា៖ «បើខ្ញុំចូលធ្វើការរោងចក្រ ចាំកន្លះខែឬមួយខែបើកលុយម្តងនោះ គឺខ្ញុំធ្វើអត់បានទេ ព្រោះខ្ញុំជាមេគ្រួសារ មានបន្ទុកផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃរបស់គ្រួសារ»។ ប៉ុន្តែពេលនេះ ស្ថានភាពលោកកាន់តែពិបាក ហើយលោកតែងតែបន់ស្រន់ឲ្យកូវីដ-១៩ ឆាប់រលាយសាបសូន្យ។
សេវាគាំពារសង្គម និងប្រាក់ឧបត្ថម្ភ ដល់កម្មកររោងចក្រក្នុងប្រព័ន្ធការងារ
វិបត្តិកូវីដ-១៩ បានធ្វើឲ្យរោងចក្រជាង៨០ ប្រកាសបិទទ្វារ និងជាង៤៥០ទៀត ព្យួរការផលិតរបស់ខ្លួន។ វិបត្តិនេះ បានធ្វើឲ្យកម្មករ ជាង១៧ម៉ឺននាក់ បាត់បង់ការងារ។ នេះបើយោងតាមការលើកឡើងរបស់ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងកម្មវិធីស្តីពីការស្តារសេដ្ឋកិច្ចជាតិ និងគ្រប់គ្រងថវិកា នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៧កក្កដា ឆ្នាំ២០២០។
ថវិកា៦០លានដុល្លារអាមេរិក ពីកញ្ចប់ថវិកាត្រៀមប្រមាណ២ពាន់លានដុល្លារអាមេរិករបស់រដ្ឋាភិបាល ត្រូវប្រើប្រាស់សម្រាប់ជួយ និងគាំពារដល់កម្មកររោងចក្រដែលបាត់បង់ និងព្យួរការងារ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ចំពោះកម្មកររោងចក្រម្នាក់ៗដែលព្យួរការងារនោះ នឹងទទួលបានប្រាក់ខែ៧០ដុល្លារ ដោយរដ្ឋាភិបាលផ្ដល់៤០ដុល្លារ ហើយថៅកែរោងចក្រផ្ដល់៣០ដុល្លារ។
កម្មការិនី ញឹម រៀម, យ៉ាន សុភា ក៏ដូចជាកម្មករ កូវ ចាន់ ដែលប្រកបអាជីពចល័ត មិនទទួលបានសេវាគាំពារនេះឡើយ។ កម្មកររោងចក្រដែលទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលទាំងនេះ គឺសុទ្ធតែជាកម្មកររោងចក្រដែលស្ថិតក្នុងក្របខណ្ឌ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សម្រាប់កម្មករក្នុងប្រព័ន្ធដែលត្រូវបានព្យួរការងារក្នុងវិស័យកាត់ដេរ និងទេសចរណ៍ លោក ហេង សួរ ក៏បានស្នើទៅពួកគេកុំផ្លាស់ប្តូរលេខទូរសព្ទញឹកញាប់ ព្រោះវាជាមធ្យោបាយដែលរដ្ឋាភិបាលត្រូវភ្ជាប់ទំនាក់ទំនងដើម្បីផ្តល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារ តាមសេវាកម្មវីង ទៅតាមដំណាក់កាល។
កម្មករ-កម្មការិនី ជាច្រើនរូប កំពុងឈររកការងារចល័តរោងចក្រធ្វើនៅមុខហាងលក់ទូរសព្ទមួយកន្លែង ម្តុំសួនឧស្សាហកម្មកាណាឌីយ៉ា កាលពីព្រឹកថ្ងៃទី១៧ កក្កដា ឆ្នាំ២០២០។ រូបថត៖ អ៊ូ សុខមាន/ThmeyThmey
ទោះបីជាយ៉ាងណា កម្មករ ឬបុគ្គលិកក្នុងប្រព័ន្ធ មិនមែនសុទ្ធតែទទួលបានកម្មវិធីជំនួយសង្គមពីរដ្ឋាភិបាលទាំងអស់នោះឡើយ។ រោងចក្រដែលទទួលបានបានលុះត្រា មានការគោរពលក្ខខណ្ឌការងារត្រឹមត្រូវ ហើយកម្មកររោងចក្រទាំងនោះ ត្រូវបាននិយោជកចុះឈ្មោះនៅបេឡាជាតិរបបសន្តិសុខសង្គម។
សង្គមស៊ីវិល និងសហជីព ស្នើឲ្យគិតគូរដល់កម្មករចល័ត
បើតាមលោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានកត់សម្គាល់ថា និយោជក ដែលជ្រើសរើស ឬជួលកម្មករដោយចល័តរោងចក្រពីមួយទៅមួយមកបម្រីការងារដូច្នេះ គឺជាកេងប្រវ័ញ្ចលើសិទ្ធិកម្មករដោយមិនមានកិច្ចសន្យាណាមួយធានាកាងារជូនចំពោះកម្មករនោះ ជាសកម្មភាពអនុវត្តផ្ទុយពីច្បាប់ការងារក្នុងចេតនាគេចវេសពីភាពទទួលខុសត្រូវលើកម្មករ។
លោកបានបន្ថែមថា ភាពខ្វះចន្លោះនៃការអនុវត្តច្បាប់ ធ្វើឲ្យកម្មករ-កម្មការិនីជាច្រើន បាត់បង់ការងារ ពិសេសអ្នកដែលធ្វើការចល័តពីរោងចក្រមួយទៅរោងចក្រមួយ។ ដោយសារពួកគាត់មិនទទួលបាននូវអត្ថប្រយោជន៍ផ្សេងៗពីរោងចក្រ និងរដ្ឋាភិបាលនោះ មានអ្នកខ្លះត្រូវបង្ខំចិត្តចូលបម្រើការងារលើសេវាកម្មសប្បាយ អ្នកខ្លះរើសអេតចាយ អ្នកខ្លះទៀតកាន់តែកុនខ្លួនក្នុងបំណុល។
សម្រាប់អ្នកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជា រដ្ឋាភិបាលមិនត្រូវបែងចែក ឬរើសអើង រវាងកម្មកររោងចក្រដែលស្ថិតក្នុងក្របខណ្ឌ និងក្រៅក្របខណ្ឌឡើយ។ អ្នកស្រីលើកឡើងថា ពាក់ព័ន្ធទៅនឹងកម្មវិធីជំនួយសង្គម ឬក៏ជំនួយសន្តិសុខសង្គម បណ្ណសមធម៌ជាដើម កម្មករដែលធ្វើការងាររោងចក្រក្រៅក្របខណ្ឌទាំងនោះ គួរណាស់ទទួលបានពីរដ្ឋាភិបាលដូចកម្មកររោងចក្រទូទៅដែរ។
«យើងគិតថាពួកគាត់ [កម្មកររោងចក្រក្រៅក្របខណ្ឌ]មិនត្រូវបានរើសអើងឡើយ ពីព្រោះពួកគាត់រស់នៅសង្គមដូចគ្នា ហើយប្រឈមកូវីដ-១៩ដូចគ្នា»។ អ្នកស្រី យ៉ាង សោភ័ណ្ឌ បានសម្តែងការសោកស្តាយយ៉ាងដូច្នេះ ដោយបានបន្ថែមថា ទោះបីអ្នកទាំងនោះ បានកម្រៃប្រចាំថ្ងៃលើសពីកម្មកររោងក្នុងក្របខណ្ឌក៏ពិតមែន ប៉ុន្តែពួកគាត់ត្រូវខិតខំធ្វើការងារ១០ម៉ោងក្នុងមួយថ្ងៃ ហើយមិនទទួលបានអត្ថប្រយោជន៍អ្វីបន្ថែមទៀតសោះពីរោងចក្រ។
បើតាមអ្នកស្រី យ៉ាង សោភ័ណ្ឌ បើគ្មានការបង្ខំពីកត្តាជីវភាពរស់ប្រចាំថ្ងៃ ពិសេសកត្តាជំរុញបន្ថែមពីរោងចក្រទេ ក៏អ្នកទាំងនោះមិនធ្វើការងារបែបនេះនោះដែរ។
ដើម្បីឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្នដែលកំពុងប្រឈមនឹងជំងឺកូវីដ-១៩ លោក ឃុន ថារ៉ូ បានលើកឡើងថា៖«រដ្ឋាភិបាលគួរពង្រីកគោលនយោបាយក្នុងការឧបត្ថម្ភនៅកម្រិតណាមួយ ដល់កម្មករដែលធ្វើការងាររោងចក្រក្រៅក្របខណ្ឌ និងកម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ បន្ថែមពីនេះ រដ្ឋាភិបាលគួរសម្រួលដល់ពួកគាត់ឲ្យទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃប្រកបដោយគុណភាព ព្រោះក្នុងកាលៈទេសៈកូវីដ-១៩នេះ កម្មករទាំងអស់មិនគួរចំណាយលើរឿងហ្នឹងទេ»។
ជាមួយគ្នានេះ អ្នកគ្រប់គ្រងកម្មវិធីសង់ត្រាល់ ស្នើឲ្យក្រសួងការងារ ចុះស្រាវជ្រាវរករោងចក្រណាដែលរំលោភលើសិទ្ធិការងារកម្មករ ជាពិសេសរោងចក្រដែលទទួលយកកម្មករចល័តដែលភាគច្រើនជាប្រភេទរោងចក្រ ឬក្រុមហ៊ុនម៉ៅការតូចៗ។
ដើម្បីលុបបំបាត់ការកេងប្រវ័ញ្ចកម្លាំងកម្មករ លោក ឃុន ថារ៉ូ បានស្នើឲ្យរដ្ឋាភិបាល ជាពិសេសក្រសួងការងារ ត្រួតពិនិត្យជាប្រចាំ និងបង្កើតយុទ្ធនាការតាមដានរាល់សកម្មភាពរោងចក្រដែលមិនមានអាជ្ញាបណ្ណធ្វើអាជីវកម្មនៅទូទាំងប្រទេស ដើម្បីរកឲ្យឃើញនូវរោងចក្រម៉ៅការណាដែលប្រើប្រាស់កម្លាំងពលកម្មកម្មករខុសច្បាប់ ហើយពិន័យលើរោងចក្រទាំងនោះឲ្យទទួលកាតព្វកិច្ចលើកម្មករតាមផ្លូវច្បាប់៕