COVID-19
កីឡាជាតិ
ជាតិ
កម្ពុជា សម្រេច​លើក​ពេល​រៀបចំ​ការប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​កីឡា​តេ​ក្វាន់​ដូ ITF
29, Apr 2020 , 8:29 pm        
រូបភាព
ដោយ:
​ព្រឹត្តិការណ៍​ប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​កម្ពុជា​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ចុង​ឆ្នាំនេះ ត្រូវបាន​លើក​ពេល ទៅធ្វើ​នៅ​ឆ្នាំ​វិញ ព្រោះ​វិបត្តិ​កូ​វីដ​-១៩​។ កូ​វីដ​-១៩ ក៏បាន​ធ្វើ​ឲ្យ​គម្រោង​ធំៗ​មួយចំនួន របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ត្រូវបាន​រំសាយ​ផងដែរ​។​

 
​ថ្នាក់ដឹកនាំ​សហព័ន្ធ បានសម្រេច​ផ្អាក​ការរៀបចំ​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ជើងឯក​អាស៊ីអាគ្នេយ៍ ដែល​គ្រោង​ធ្វើឡើង​នា​អំឡុង​ខែធ្នូ ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​លោក ប៉ាល់ ជីវ័ន គ្រូបង្វឹក​ក្រុមយុវជន​ថ្នាល​នៃ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF​កម្ពុជា បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​។  
 
​តាម​លោក ជីវ័ន ការបារម្ភ​ពី​ការរីក​រាល នៃ​ជំងឺ​កូ​វីដ​-១៩ គឺ​មូលហេតុ​នៃ​ការផ្អាក​នេះ ហើយ​លោក​ក៏​មិនទាន់​ដឹង​កាលបរិច្ឆេទ​រៀបចំ​វិញ​ជាក់លាក់​នោះដែរ​។ «​សម្រាប់​ការប្រកួត​ជើង ឯក​អាស៊ីអាគ្នេយ៍ ប្រហែលជា​ថ្នាក់ដឹកនាំ​សហព័ន្ធ គាត់​សម្រេច​ពន្យារពេល ទៅ​រៀបចំ​នៅ​ឆ្នាំក្រោយ ព្រោះ​ទោះបី​កម្ពុជា​យើង​មាន​ភាព​ធូរស្រាល តែ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​មួយចំនួន​អាច​ពិ​បា​ក្នុង​ការចូលរួម ដោយសារ​គេ​បិទ​ព្រំដែន​។ យើង​មិនទាន់បាន​ជួបប្រជុំគ្នា​នោះទេ តែ​ខ្ញុំ​បានឃើញ​កិច្ច​សម្ភាស​របស់លោក​គ្រូ សុធី​យ៉ា គាត់​ថា​ការប្រកួត​ទាំងអស់​នៅ​ឆ្នាំនេះ ត្រូវបាន​ផ្អាក​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ប៉ាល់ ជីវ័ន​។  
 
​លោក​បាន​បន្ថែមថា សហព័ន្ធ​បាន​ផ្ញើលិខិត​ពាក់ព័ន្ធ​ការផ្អាក​នេះ ទៅកាន់​ប្រទេស​ដែល​ត្រៀម​បញ្ជូន​កីឡាករ​ខ្លួន​ឲ្យ​មក​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​រួចរាល់​ហើយ​។ ហើយ​សហព័ន្ធ នឹង​ប្រាប់​ពី​កាល​បិ​រ​ច្ឆេ​ទ​រៀបចំ​សាជាថ្មី​ដល់​ប្រទេស​ទាំងនោះ ពេល​ស្ថានភាព​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​មាន​ភាព​ធូរស្បើយ​។ 
 
​សហព័ន្ធ រួមជាមួយ​ក្រុមកីឡា​ក​រ កីឡាការិនី​កម្ពុជា បាន​ត្រៀមខ្លួន​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ដើម្បី​ត្រៀម​រៀបចំ និង​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​។ កត្តា​នេះ បានធ្វើ​ឲ្យ​លោក ប៉ាល់ ជីវ័ន បង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ចំពោះ​ការផ្អាក​ការរៀប​ចំនេះ​។ 
 
​ក្រៅពី​ព្រឹត្តិការណ៍​កម្រិត​អាស៊ីអាគ្នេយ៍ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF​កម្ពុជា បាន​លុប​គម្រោង​រៀបចំ និង​ចូលរួម​ប្រកួត​ទាំង​កម្រិត​ជាតិ និង​អន្តរជាតិ​ជាច្រើន​។ បើតាម​លោក ប៉ាល់ ជីវ័ន ព្រឹត្តិការណ៍​ទាំងនោះ​រួមមាន​ការប្រកួត​កីឡា​ជាតិ​លើក​ទី​៣, ជើងឯក​ថ្នាក់ជាតិ​, ពានរង្វាន់​សន្តិភាព និង​ការប្រកួត​ជើងឯក​ទ្វីបអាស៊ី​នៅ​ចិន​ជាដើម​។ 
 
​គិត​ត្រឹម​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០ កម្ពុជា​នៅសល់​អ្នកជំងឺ​កូ​វីដ​-១៩ តែ​៣​នាក់​ប៉ុណ្ណោះ ដែល​បន្ត​សម្រាក​ព្យាបាល ក្រោយ​អ្នកជំងឺ​១១៩​នាក់​បាន​ព្យាបាល​ជាសះស្បើយ​ក្នុងចំណោម​អ្នកជំងឺ​សរុប​១២២​នាក់​។ អ្វីដែល​គួរកត់សម្គាល់​ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​នេះ កម្ពុជា​ពុំមាន​អ្នក​ឆ្លង​ជំងឺ​នេះ​ថ្មី​នោះទេ​៕ 

Tag:
 តេ​ក្វាន់​ដូ ITF
  ប៉ាល់ ជីវ័ន​
  ជើងឯក​អាស៊ី​អាគេ្នយ៍​
© រក្សាសិទ្ធិដោយ thmeythmey.com