លោក ឡុង សារិន គ្រូបង្រៀនភាសាខ្មែរ ដែលរងប្រតិកម្មពីថ្នាក់ដឹកនាំសង្ឃកំពូល យល់ព្រមសូមទោស ដែលលោក ប្រៀបធៀបរវាងព្រះសង្ឃគណៈមហានិកាយ និងព្រះសង្ឃគណៈធម្មយុត្តិកនិកាយនៅកម្ពុជា ពេលបង្រៀនសិស្ស។ ចំណែក ថ្នាក់ដឹកនាំសង្ឃ យល់ថា គ្រប់គ្រាន់ហើយ ចំពោះការសូមទោសនេះ ហើយក៏មិនចង់ឲ្យអធិករណ៍ បន្តវែងឆ្ងាយដែរ។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ តាមទូរស័ព្ទនាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ លោក ឡុង សារិន មានប្រសាសន៍ថា៖«ក្នុងនាមយើងជាពុទ្ធសាសនិក យើងដូចជាកូនជាចៅអ៊ីចឹង។ សម្តេចទាំងពីរអង្គ ឲ្យយើងសូមទោស មានអីកូនចៅជំនាន់ក្រោយ មានតែសូមទោសហ្នឹងហើយ ...។ ការសូមទោសនេះ ក្នុងនាមជាកូនដែលស្តាប់ឪពុកម្តាយ ក្នុងនាមជាកូនចៅរបស់ព្រះ»។
សម្តេច ឃឹម សន ព្រះលេខាធិការនៃលេខាធិការដ្ឋានគណៈសង្ឃនាយក ដែលផ្តល់កិច្ចសម្ភាសដល់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដែរនោះ មានសង្ឃដីកាថា គណៈសង្ឃនាយក ព្រមទទួលយកចំពោះការសូមទោសនេះ។ ព្រះអង្គ ឈ្វេងយល់ថា ទង្វើរបស់លោក ឡុង សារិន គ្រាន់តែជាការលើសលស់ ដោយអចេតនា។
សម្តេច ឃឹម សន ព្រះប្រធានលេខាធិការនៃលេខាធិការដ្ឋានគណៈសង្ឃនាយក (រូបពីគណៈសង្ឃនាយក)
ព្រះអង្គ បង្ហាញព្រះហទ័យថា ព្រះអង្គផ្ទាល់ ក៏ដូចជាគណៈសង្ឃនាយក មិនចង់ឲ្យមានរឿងនេះកើតឡើងឡើយ។ ព្រះអង្គ មានថេរដីកាថា៖«គាត់ គ្មានចេតនាចង់ឲ្យកិច្ចការហ្នឹង មានភាពច្របូកច្របល់ធ្ងន់ធ្ងរទេ គណៈសង្ឃនាយក មិនមានអីទេ ចម្រើនពរ។ កាលណា សូមទោសមកគណៈសង្ឃនាយក អាត្មាជឿថា ស្ងប់ហើយ មិនមានអីទេ...»។
លោក ឡុង សារិន លើកឡើងថា លោក ក៏ជាពុទ្ធសាសនិកដែរ ដូច្នេះលោក គ្មានចេតនាអាក្រក់ ធ្វើឲ្យប៉ះពាល់ដល់ព្រះសាសនាឡើយ។ លោក និយាយថា៖«លោកគ្រូ អត់មានគំនិតអីអាក្រក់ទេ ដោយស្មោះ ហើយអាយុ៧០ឆ្នាំហើយ សុទ្ធតែជោកជាំនឹងសាសនាហើយ មិនមែនក្មេងជំនាន់ក្រោយណា ក្មេងជំនាន់មុនខ្លាចណាស់ព្រះសង្ឃ»។
តាមពិតទៅ រឿងរ៉ាងនេះ បានកើតឡើងយូរដែរមកហើយ តែទើបលេចចេញជាសាធារណៈ។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោក ឡុង សារិន បានបង្រៀនសិស្សអំពីការតែងសេចក្តី ដោយមានផ្សាយផ្ទាល់ (Live) លើទំព័រហ្វេសប៊ុករបស់ E-Learning Cambodia។
ពេលដល់មេរៀនពាក់ព័ន្ធនឹងទសជាតក លោក ឡុង សារិន ដែលជាគ្រូបង្រៀនឯកជន នៅក្រុមហ៊ុន E-Learning Cambodia ឆ្លៀតនិយាយពីព្រះសាសនា ដោយប្រៀបធៀបរវាងគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ។ ការបង្ហាញអារម្មណ៍លោកនាពេលនោះ ស្តាប់មើលទៅ ហាក់ដូចជាលោក ពេញចិត្តចំពោះការបដិបត្តិព្រះវិន័យ ក្នុងធម្មយុត្តិកនិកាយ ជាងគណៈមហានិកាយ។
លោក និយាយទៅកាន់សិស្សថា៖«មហានិកាយ ពាក់ស្បែងជើង កាន់ទូរស័ព្ទ [iphone] X plus មានអង្គរក្សទៀត...។ ដល់ធម្មយុត្តិកនិកាយ វិន័យតឹង សម័យកាន់លុយហើយ កាន់លុយមិនបាន ហើយលោក ដើរលើថ្នល់កៅស៊ូ ថ្នល់ស៊ីម៉ងត៍ ក្នុងទីក្រុង លោក ក៏អត់ប្រើស្បែងជើងដែរ។...ធម្មយុត្តិ លោកវិន័យតឹង អ៊ីចឹងដល់ពេលដើរបិណ្ឌបាត្រ ធ្វើឲ្យយើង យល់ច្រំឡំថា ជាលោក ធុតង្គ។ លោកធុតង្គ អត់មកទីក្រុងទេ លោក នៅតែក្នុងព្រៃទេ។ ហើយលោក [ធម្មយុត្តិ] និមន្តត្រង់អ៊ីចឹង បើអ្នកណា មានសទ្ធា ក៏ទូលព្រះអង្គ ព្រះអង្គ ឈប់ប្រោសសត្វ [ឈប់ឲ្យគេប្រគេនចង្ហាន់]»។
លោក បន្តថា៖«បើមហានិយាយនេះ សូមសម្តេចសង្ឃ ព្រះអង្គជ្រាបផង លោកសង្ឃខ្លះ មិនដឹងជាក្លែងក្លាយ ឬមិនក្លែងក្លាយទេ។ ទ្វារយើងមិនទាន់បើកផង ទៅឈរមុនផ្ទះបាត់ហើយ ហើយទៅឈរជិតទ្វារដែកហ្នឹង មើល [ចុះមើលឡើង] មិនមែនប្រមាថទេ ជាការពិត ហ៊ានភ្នាល់ដាក់ជីវិត ធ្លាប់ឃើញ តែមិនដឹងចាប់របៀបម៉េច? ហេងស៊យចូលផ្ទះបាត់ទូរស័ព្ទទៀត មិនប្រមាថទេ និយាយការពិត ឲ្យដឹងដល់សម្តេចព្រះសង្ឃរាជ ថ្វាយបង្គំព្រះអង្គពីចម្ងាយ ដើម្បីរក្សាសាសនា»។
សម្តេច ឃឹម សន មានសង្ឃដីកាថា ពេលឃើញវីដេអូឃ្លីបនេះភ្លាមៗ គណៈសង្ឃនាយក មិនបានសរសេរលិខិតទៅរដ្ឋមន្ត្រីក្រសួងអប់រំឡើយ ដោយបានទាក់ទងទៅក្រុមហ៊ុន E-Learning Cambodia ជាមុន ដើម្បីណែនាំឲ្យលោក ឡុង សារិន សូមទោស តែពេល ក្រុមហ៊ុន E-Learning Cambodia ចេញលិខិតឆ្លើយតបទៅគណៈសង្ឃនាយក ពុំបានបង្ហាញការសូមទោសទេ គឺបង្ហាញលក្ខណៈការពារលោក ឡុង សារិន ទៅវិញ។ ព្រះអង្គ បន្តថា ដោយមិនអាចទទួលយកបានចំពោះលិខិតរបស់ក្រុមហ៊ុន E-Learning Cambodia ទើបគណៈសង្ឃនាយក សម្រេចផ្ញើលិខិតជូនទៅលោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ដើម្បីសូមឲ្យណែនាំ លោក ឡុង សារិន។
លិខិតនេះ ឡាយព្រះហស្តលេខាដោយសម្តេច ទេព វង្ស និង សម្តេច នន្ទ ង៉ែត ដែលជាថ្នាក់ដឹកនាំសង្ឃខ្ពស់បំផុតនៅកម្ពុជា។ តាមរយៈលិខិតនោះ សម្តេចសង្ឃទាំងពីរព្រះអង្គ ចម្រើនពរប់លោក ហង់ ជួន ណារ៉ុន ថា ការប្រៀបធៀបរបស់លោក ឡុង សារិន គឺមានលក្ខណៈបន្តុះបង្អាប់ព្រះសង្ឃគណៈមហានិកាយ។
សម្តេចអគ្គមហាព្រះសង្ឃរាជ ទេព វង្ស (ឆ្វេងដៃ) និង សម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត (រូបពីគណៈសង្ឃនាយក)
ក្រោយមកមួយថ្ងៃ គឺនៅថ្ងៃទី២៩ ខែមេសានេះ លោក ហង់ ជួន ណារ៉ុន បានប្រគេនលិខិតមួយច្បាប់វិញ ទៅសម្តេចទាំងពីរព្រះអង្គ ដោយលោក ទទួលស្គាល់ថា ការប្រៀបធៀបរបស់លោក ឡុង សារិន អំពីនិកាយក្នុងព្រះពុទ្ធសាសនា អាចជាះឥទ្ធិពលដល់ផ្នត់គំនិតយុវជនគ្រប់ជំនាន់ និងពុទ្ធបរិស័ទូទៅ ចំពោះការគោរពប្រណិប័តន៍ព្រះព្រះពុទ្ធសាសនា។
លោករដ្ឋមន្ត្រី បង្ហាញការសោកស្តាយ ចំពោះការបកស្រាយរបស់លោក ឡុង សារិន ហើយលោក ក្នុងនាមក្រសួងអប់រំ បានសូមទោសសម្តេចសង្ឃ ព្រះសង្ឃ និង ពុទ្ធបរិស័ទ ហើយសូមឲ្យមានការអធ្យាស្រ័យដល់លោក ឡុង សារិន។
រដ្ឋមន្ត្រីអប់រំ ពិតថេរដីកាទៅសម្តេចសង្ឃទាំងពីរអង្គថា ក្រសួង នឹងលុបវីដេអូ ត្រង់កន្លែងដែលលោក ឡុង សារិន បកស្រាយពីគណៈមហានិកាយ និងគណៈធម្មយុត្តិកនិកាយ។ លោក ទូលសម្តេចសង្ឃទៀតថា លោក ឡុង សារិន បានចូលនិវត្តន៍ហើយ ហើយបច្ចប្បុន្ន លោក ធ្វើជាគ្រូតាមសាលាឯកជន។
បន្ទាប់មក សម្តេចសង្ឃទាំងពីរ បានផ្ញើលិខិតជូនទៅរដ្ឋមន្រ្តីអប់រំជាលើកទីពីរ ដើម្បីអរគុណលោក ដែលបានណែនាំលោក ឡុង សារិន។
ជាមួយគ្នានេះ ក្រុមហ៊ុន E-Learning Cambodia និង លោក ឡុង សារិន ផ្ទាល់ សុទ្ធតែបានប្រគេនលិខិតទៅសម្តេចសង្ឃទាំងពីរព្រះអង្គ ដើម្បីសូមខមាទោស។
របាយការណ៍ពីក្រសួងធម្មការ និងសាសនា បានឲ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានវត្តជាង៥ពាន់ ព្រះសង្ឃជាង៧,១ម៉ឺនអង្គ ដោយក្នុងនោះ គណៈមហានិកាយ មានវត្តជាង៤,៧ពាន់ និងមានព្រះសង្ឃប្រមាណ ៦,៦ម៉ឺនអង្គ ហើយគណៈធម្មយុត្តិកនិកាយ មានវត្ត២៥២ និង មានព្រះសង្ឃជិត៥ពាន់អង្គ។ ក្រៅពីវត្តអារាម កម្ពុជា នៅមានអាស្រម១៥៣ និង មណ្ឌលវិបស្សនា៣៩ ទៀត៕