COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ដោយសារ COVID-19 បារាំង បង្ខំចិត្តរំសាយលីគចោលពាក់កណ្តាលផ្លូវ
× លីគកីឡាបាល់ទាត់បារាំង Ligue 1 និង Ligue 2 បានសម្រេចលុបចោលតែម្តង បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe ហាមឃាត់រាល់ព្រឹត្តិការណ៍កីឡាទាំងអស់ក្នុងប្រទេសរហូតដល់ខែកញ្ញា។ យ៉ាងណាលីគកំពូលទាំងពីររបស់បារាំងនេះ នៅមិនទាន់សម្រេចថា ត្រូវមានក្រុមជើងឯង ការកាត់ចោលក្រុម ឬមានក្រុមឡើងមក ឬក៏អត់នៅឡើយនោះទេ។
លោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំង បាននិយាយថារដូវកាល ២០១៩-២០ នៃក្របខណ្ឌ Ligue 1 និង Ligue 2 ត្រូវបញ្ចប់ ខណៈដែលលោកបានប្រកាសពីផែនការដើម្បីការពារជំងឺឆ្លង COVID-19 ដោយបិទប្រទេសរហូតដល់ថ្ងៃទី១១ ខែឧសភា។
ដើមឡើយ គណៈគ្រប់គ្រងកីឡាបាល់ទាត់បារាំងធ្លាប់រំពឹងថា ការប្រកួតប្រជែងអាចបន្តឡើងវិញនៅថ្ងៃទី១៧ ខែមិថុនាបើទោះជាត្រូវលេងដោយបិទកីឡដ្ឋាន និងបញ្ចប់រដូវកាលរបស់ខ្លួននៅថ្ងៃទី២៥ ខែកក្កដា។
ប៉ុន្តែចាប់តាំងពីការផ្អាកលីគដោយគ្មានកំណត់នៅប្រទេសបារាំងនៅថ្ងៃទី១៣ ខែមីនាមក ស្ថានភាពរាតត្បាត COVID-19 ហាក់នៅមិនទាន់ថមថយនោះទេក្នុងប្រទេសនេះ។ បារាំងដែលជាប្រទេសមានករណីឆ្លងច្រើនលំដាប់ទី៤លើលោកបន្ទាប់ពីអាមេរិក អេស្ប៉ាញ និងអ៊ីតាលី បានកើនចំនួនអ្នកឆ្លងបន្ថែមជាង២៥០០នាក់ទៀតនៅថ្ងៃទី២៨ ខែមេសា។ ការកើននេះធ្វើឲ្យបារាំងមានករណីឆ្លងសរុបជាង១៦ម៉ឺននាក់ ក្នុងនោះស្លាប់ជាង២ម៉ឺននាក់ និងសះស្បើយជាង៤ម៉ឺននាក់។
បើទោះជាមានការសម្រេចរំសាយលីគរួចហើយក៏ដោយ ប៉ុន្តែលីគកីឡាបាល់ទាត់អាជីពបារាំង (LFP) នៅមិនទាន់ជ្រើសរើសថា តើត្រូវប្រកាសឲ្យមានក្រុមជើងឯក ក្រុមត្រូវកាត់ចោល និងក្រុមត្រូវឡើងមកលីគកំពូលវិញតាមពិន្ទុបច្ចុប្បន្ននៅរដូវកាលដែលមានទាន់ចប់១០០ភាគរយនេះនៅឡើយនោះទេ។
មុនការប្រកាសផ្អាកលីគ កាលពីថ្ងៃទី១៣ ខែមីនាកន្លងទៅ Paris Saint-Germain ដែលជាក្រុមការពារតំណែងជើងឯកមានពិន្ទុនាំមុខគេក្នុងតារាង Ligue 1 ដោយមាន៦៨ពិន្ទុ តាមពីក្រោយដោយ Marseille ដែលមាន៥៦ពិន្ទុ ខណៈ Rennes ឈរលេខ៣មាន៥០ពិន្ទុ។ ដោយឡែកក្រុមបាតតារាងចំនួន៣ មាន Nimes, Amiens និង Toulouse។
បន្ទាប់ពីការប្រកាសឆាចោលលីគនៅបារាំងរដូវកាលនេះ លោក Nasser Al-Khelaifi ប្រធានក្លិប PSG ក៏បានយល់ស្រប និងគោរពតាមចំណាត់ការរបស់រដ្ឋាភិបាលបារាំងដែរ។ PSG នឹងផ្តោតសំខាន់ក្នុងការប្រជែងពាន UEFA Champions League រដូវកាលនេះ ប្រសិនបើសហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) អាចសម្រួលឲ្យមានការប្រកួតឡើងវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com