សិល្បៈអន្តរជាតិ
អន្តរជាតិ
Irrfan Khan តួ​សំខាន់​ម្នាក់​ក្នុង​រឿង «Life of Pi» ស្លាប់​ក្នុង​អាយុ​៥៣​ឆ្នាំ​
29, Apr 2020 , 5:59 pm        
រូបភាព
ដោយ: ធីតា
​លោក Irrfan Khan តារាភាពយន្ត​ឥណ្ឌា និង​បាន​សាង​ភាពជោគជ័យ​នៅ​ប៊ូ​លី​វូដ​ដល់​ហូលីវូដ ដូចជា​រឿង «Life of Pi»,  «Jurassic World», «Inferno» និង «Slumdong Millionaire» ជាដើម​នោះ បានទទួល​មរណភាព​ក្នុង​អាយុ​៥៣​ឆ្នាំ នា​ថ្ងៃ​ពុធ ទី​២៩ ខែមេសា​។

 
​លោក Khan ត្រូវបានធ្វើ​រោគវិនិច្ឆ័យ ថា​មាន​ដុំ​សាច់​មហារីក​នៅ​ឆ្នាំ​២០១៨ ហើយ​បានទទួល​ការព្យាបាល​នៅក្នុង​ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស​។ ក្រោយ​ការ​សះស្បើយ លោក​បាន​ថត​រឿង​មួយ​ដែលមាន​ចំណងជើង​ថា «Angrezi Medium» ហើយក៏​ជា​រឿង​ចុងក្រោយ​របស់លោក មុនពេល​ដែល​លោក​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​នៅក្នុង​ម៉ុម​បៃ ដើម្បី​ព្យាបាល​រោគ​ពោះវៀន​។ លោក Khan បាន​ស្លាប់​នា​រយៈពេល​៤​ថ្ងៃ ក្រោយ​មរណភាព​របស់​ម្តាយ​នៅ​រដ្ឋ Jaipur​។​
 
​លោក Khan ដើរ​ជា​តួអង្គ Pi ក្នុង​វ័យ​ជំទង់ សម្រាប់​រឿង​ដ៏​ល្បីល្បាញ «Life of Pi» ដែល​និយាយ​ពី​ការរស់នៅ​របស់ Pi ជាមួយ​សត្វ​ខ្លា កណ្តាល​មហាសមុទ្រ​។ ក្រៅពីនេះ រឿង​ដែល​លោក Khan ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ មានដូចជា «The Namesake,” “Jurassic World,” “The Amazing Spider-Man” និង “Inferno” ជាដើម​។​
 
​បន្ទាប់ពី​ធ្វើការ​រយៈពេល​ខ្លី​តាម​ទូរទស្សន៍ លោក Khan បាន​ដើរតួ​ដំបូង​ក្នុង​រឿង «Salaam Bombay» និង​រឿង​បន្តបន្ទាប់​ទៀត ក្នុងនោះ​គាត់​បានឈ្នះ​ពានរង្វាន់​ជាង​៣០​លើ​វិស័យ​ភាពយន្ត​។ នៅ​ឆ្នាំ​២០១១ លោក​ក៏​ទទួលបាន​ពាន Padma Shri ផងដែរ​។​
 
​លោក​បាន​រៀបការ​ជាមួយ​អ្នកស្រី Sutapa Devendra Sikdar នៅ​ឆ្នាំ​១៩៩៥ ដោយមាន​កូន​២​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com