COVID-19
កីឡាជាតិ
ជាតិ
ប្រធានក្លិបអង្គរថាយហ្គឺរបរិច្ចាគជាង២ម៉ឺនដុល្លារ ជួយអ្នកគាំទ្រក្នុងអំឡុងកូវីដ-១៩ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរពេលស្វាគមន៍ជាមួយកីឡាករកាលពីពេលកន្លងទៅ, រូបភាពពីក្លិបអង្គរថាយហ្គឺរ
× ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឹរលោក Akihiro Kato បានបរិច្ចាគថវិកជាង២ម៉ឺនដុល្លារ ដើម្បីជួយអ្នកគាំទ្រខ្លួនក្នុងអំឡុងពេលជួបវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ បុរសជនជាតិជប៉ុនរូបនេះ រំពឹងថា ថវិកាទាំងនេះនឹងអាចជួយសម្រួលបន្ទុកអ្នកគាំទ្របានមួយរយៈពេលខ្លី ស្របពេលពួកគេកំពុងជួបវិបត្តិសេដ្ឋកិច្ចគ្រួសារ។
ដើម្បីតបស្នងដល់អ្នកគាំទ្រ ដែលស្រលាញ់និងគាំទ្រក្លិបបាល់ទាត់អង្គរថាយហ្គឺរ លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានបរិច្ចាគថវិកាចំនួន២៥,០០០ដុល្លារ ដើម្បីជួយអ្នកគាំទ្ររបស់ខ្លួន។ ការបរិច្ចាគថវិកានេះ ធ្វើឡើងក្រោយ លោក មើលឃើញថា ពួកគេអាចជួបវិបត្តិគ្រួសារក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩។
«វាជាពេលវេលាដែលខ្ញុំត្រូវតបស្នងដល់គាំទ្រគ្រប់គ្នា ដែលតែងតែស្រលាញ់ និងគាំទ្រក្លិបបាល់ទាត់អង្គរថាយហ្គឺរកន្លងមក»។ នេះជាការលើកឡើងរបស់លោក Akihiro Kato ដែលរំពឹងថា ការបរិច្ចាគថវិការបស់ខ្លួន នឹងអាចជួយសម្រួលបន្ទុកការលំបាកបានមួយរយៈពេលខ្លី ដល់អ្នកគាំទ្រ។
បើតាមក្លិបបាល់ទាត់អង្គរថាយហ្គឺរថវិកានេះផ្តល់ជូនជាពីរផ្នែក ក្នុងនោះថវិកាចំនួន១ម៉ឺនដុល្លារផ្តល់ជូនក្រុមអ្នកគាំទ្រ Angkor Army ដែលមានលោក កាន់ សំបូរ ជាប្រធាន។ Angkor Army ជាក្រុមអ្នកគាំទ្រផ្ទាល់របស់ក្លិបអង្គរថាយហ្គឺរ ដែលបានបង្កើតឡើងកាលពីអំឡុងឆ្នាំ២០១៩ ក្រោយក្លិបនេះទទួលបានការគាំទ្រច្រើនជាងគេក្នុងពានរង្វាន់លីគកំពូលឆ្នាំ២០១៨។
ចំណែកថវិកាចំនួន១៥,០០០ដុល្លារ ក្លិបនឹងយកទៅទិញគ្រឿងឧបភោគបរិភោគដូចជាអង្គរ មី ទឹកស៊ីអ៊ីវ និងទឹកត្រីជាដើមទៅចែកជូនអ្នក ដែលតែងតែមកគាំទ្ររាល់ការប្រកួតរបស់ក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះ។ នេះមិនមែនជាលើកទី១នោះទេ ដែលបុរសជនជាតិជប៉ុនរូបនេះ ធ្វើអំពើសប្បុរសធម៌បែបនេះ ពោលគឺលោកធ្លាប់ធ្វើបែបនេះមកលើជនជាតិកម្ពុជាជាច្រើនលើករួចមកហើយ។
គិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ កម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩តែ៣នាក់ប៉ុណ្ណោះ ដែលបន្តសម្រាកព្យាបាល បន្ទាប់មនុស្សចំនួន១១៩នាក់បានព្យាបាលជាសះស្បើយក្នុងចំណោមអ្នកជំងឺសរុប១២២នាក់។ ក្នុងរយៈពេល១៧ថ្ងៃចុងក្រោយនេះ កម្ពុជាពុំមានករណីឆ្លងកូវីដ-១៩ថ្មីនោះទេ៕
Tag:
អង្គរថាយហ្គឺរ
Akihiro Kato
© រក្សាសិទ្ធិដោយ thmeythmey.com