អត្ថបទ៖ ស៊ីធី
នៅពេលកីឡាករគុនចម្រុះ Phoe Thaw រហស្សនាម «Bushido» ទទួលបានឱកាសឡើងសង្វៀន រូបគេតែងតែបង្កើតគោលដៅស្វែងរកលទ្ធផលល្អត្រលប់មកវិញ ក្រោយចាញ់កីឡាករពីររូបក្នុងអាជីព។
តារាគុនចម្រុះសញ្ជាតិមីយ៉ាន់ម៉ា វ័យ៣៥ឆ្នាំ នៅតែបង្កើនក្បាច់គុនរៀងរាល់ថ្ងៃ ទោះជាមេរោគ Covid-19 វាយលុកក៏ដោយ ស្របពេលក្រុងយ៉ាំងហ្គោន ត្រូវរឹតត្បិត។ Phoe Thaw គឺជាអ្នកលេងគុនចម្រុះដ៏មានប្រជាប្រិយភាពម្នាក់ នៅប្រទេសមីយ៉ាន់ម៉ា ហើយគេរំពឹងថា តារាគុនចម្រុះរូបនេះ នៅតែល្អបន្ទាប់ចប់កូវីដ-១៩។
Phoe Thaw បានរំលឹកបែបនេះ៖«តាំងពីផ្ទុះមេរោគកូរ៉ូណា ខ្ញុំតែងប្រព្រឹត្តខ្លួនតាមគម្លាតសង្គម និងកំហិតខ្លួនឯងមិនចេញក្រៅញឹកញាប់។ ខ្ញុំធ្វើលំហាត់ប្រាណទៀងទាត់ ខ្ញុំសម្រាកបានច្រើន និងគេងបានល្អ។ ខ្ញុំនឹងប្រកួតបានល្អដដែល ដូចខ្ញុំបានធ្វើកាលប្រកួតចុងក្រោយអីចឹង។ ខ្ញុំបានសិក្សាបច្ចេកទេសប្រកួត និងហ្វឹកហាត់កម្លាំងជាបន្តបន្ទាប់។ ខ្ញុំសង្ឃឹមថា អាចចាប់ផ្ដើមប្រកួតម្ដងទៀតនាពេលឆាប់ៗ»។
ការចាញ់ក្នុងទម្ងន់ featherweight គឺពិតជារឿងកម្រក្នុងអាជីពរបស់គេ ប៉ុន្តែរូបគេនៅតែពុះពារដើម្បីការប្រកួត និងស្វែងរកជ័យជម្នះ។ “Bushido” បានឈ្នះ៨លើក ក្នុងការប្រកួត១០លើកកន្លងមក ក្នុងនោះផ្ដួលដៃគូឲ្យសន្លប់៧ដង។ បែបណាក្ដី រូបគេចង់សងសឹកតតាំង Keanu Subba និង “The Big Heart” Yoon Chang Min។
អ្នកលេងគុនចម្រុះជើងចាស់គូសបញ្ជាក់ទៀតថា ៖«ខ្ញុំចង់សងសឹកគូប្រជែងទាំងពីរនេះជាថ្មី ដែលពួកគេយកឈ្នះខ្ញុំ។ ខ្ញុំចាញ់ ហើយធ្វើមិនបានល្អ។ តែខ្ញុំចង់យកឈ្នះពួកគេថ្ងៃណាមួយ។ អ្នកគាំទ្រនឹងឃើញភាពខុសប្លែករបស់ខ្ញុំ មិនដូចពីមុន។ ខ្ញុំផ្លាស់ប្ដូរច្រើន។ ពួកគេនឹងឃើញការប្រកួតដ៏រំភើបរីករាយ»។
Phoe Thaw នៅតែជឿជាក់ លើដំណើរឆ្ពោះទៅកាន់ភាពជោគជ័យ ពេលជួបគូសត្រូវចាស់។ ជាក់ស្ដែងកីឡាករមីយ៉ាន់ម៉ារូបនេះ បានផ្ដួលដៃគូឲ្យសន្លប់ ៨៨ ភាគរយ។ វីរបុរសមកពីយ៉ាងហ្គោន បានចាញ់ក្បាច់ឃ្លេកពីសំណាក់ Subba កាលខែតុលា ឆ្នាំ ២០១៨ និងក្បាច់ស្រដៀងគ្នានេះ របស់ Yoon កាលខែតុលា ឆ្នាំ ២០១៩។ បទពិសោធន៍ជូរចត់នេះ បានធ្វើឲ្យ “Bushido” កាន់តែរឹងមាំ។ Phoe Thaw កំពុងផ្ដោតលើក្បាច់ចាប់ និងក្បាច់ប្រយុទ្ធដ៏មានប្រសិទ្ធនាពេលនេះ។
«បរាជ័យធ្វើឲ្យខ្ញុំកាន់តែប្រឹងប្រែង និងផ្ដោតលើផ្នែកកម្លាំង បច្ចេកទេស និងស្មារតីប្រុងប្រយ័ត្នខ្ពស់។ ដំបូងខ្ញុំផ្ដោតលើការពារតេក្វាន់ដូ និងគ្រប់គ្រងឲ្យបានល្អ។ វានឹងល្ អក្នុងការប្រកួត ហើយវានឹងល្អសម្រាប់ជំនាញទាំងនេះ។ បើខ្ញុំប៉ះ [Subba និង Yoon ] ម្ដងទៀត ក្បាច់ប្រយុទ្ធរបស់ខ្ញុំ ក៏មានផលល្អដែរ»។
តារាទម្ងន់ featherweight មិនដែលរារែក ក្នុងការប្រឈមនឹងគូប្រជែងណានោះឡើយ។ បែបណាក្ដី គោលគំនិតរបស់ Phoe Thaw នៅតែរក្សាភាពស្រេកឃ្លាន នឹងជ័យជម្នះជាដាច់ខាត។ «ខ្ញុំបានផ្ញើសារទៅកាន់ [Subba និង Yoon]។ ពួកគេជាគូប្រយុទ្ធពីមុន ។ បច្ចេកទេសរបស់ពួកគេ រីកចម្រើនគួរឲ្យកត់សម្គាល់»៕