COVID-19
អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក រិះគន់​សម្ព័ន្ធមិត្ត​ដែល​ទទួល​ពេទ្យ​គុយបា​ប្រយុទ្ធ​នឹង COVID-19
30, Apr 2020 , 10:38 am        
រូបភាព
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ  (AFP)
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុមប៉េអូ (AFP)
ដោយ:
​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​រិះគន់​ចាស់ដៃ​លើ​សម្ព័ន្ធមិត្ត​ខ្លួន​មាន អាហ្វ្រិក​ខាងត្បូង និង​កាតា ដែល​ព្រម​ទទួលយក​គ្រូពេទ្យ​ពី​ប្រទេស​គុយបា​ដើម្បី​ជួយ​ប្រយុទ្ធ COVID-19​។ បន្ថែម​ពី​រិះគន់​សម្ព័ន្ធ​ខ្លួន​ទាំងពីរ​នេះ ប្រមុខ​ការទូត​អាមេរិក​រូបនេះ ក៏បាន​ចោទ​ត្រង់ៗ​ថា ប្រទេស​កោះក​ម្មុយ​នី​ស្ត​មួយ​នេះ​កេងចំណេញ​ផ្នែក​ការទូត​ពី​ជំងឺ​រាតត្បាត​សាកល​COVID-19​នេះ​។​

 
​ជា​យូរ​មកហើយ ក្រុមគ្រូពេទ្យ​គុយបា​ដែល​ដើរ​ជួយ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​ចាត់ទុកជា​ប្រភព​មួយ​នៃ​អំណាច​ទន់​ផ្នែក​ការទូត និង​មោទកភាព​សម្រាប់​រដ្ឋធានី​ឡា​ហាវ៉ាន​។ ក៏ប៉ុន្តែ​រដ្ឋធានី វ៉ាស៊ីនតោន អះអាងថា គ្រូពេទ្យ​ទាំងនេះ​ផ្ដល់​ប្រយោជន៍​ឲ្យ​តែ​រដ្ឋាភិបាល​គុយបា​។ អាមេរិក​ជំរុញ​ឲ្យ​ប្រទេស​នានា​បដិសេធ​ជំនួយ​មនុស្សធម៌​បែបនេះ​ពី​គ្រូពេទ្យ​គុយបា​។ 
 
​ប្រាប់​អ្នកសារព័ត៌មាន នៅ​ថ្ងៃទី​២៩ ខែមេសា លោក​រដ្ឋមន្ត្រី ម៉ៃ ប៉ុ​ម​ប៉េ​អូ និយាយថា​៖«​យើង​កត់សម្គាល់​វិធីសាស្ត្រ​ដែល​របប​ដឹកនាំ​ក្រុង​ឡា​ហាវ៉ាន កេងចំណេញ​ពី​ជំងឺ​រាតត្បាត​សាកល COVID-19 ដោយ​បន្ត​ជិះជាន់​កម្លាំង​ពលកម្ម​របស់​បុគ្គលិក​សុខាភិបាល​គុយបា​»​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​AFP ប្រមុខ​ការទូត​អាមេរិក​វ័យ​៥៦​ឆ្នាំ​រូបនេះ លើកសរសើរ​មេដឹកនាំ​នៃ​ប្រទេស​ប្រេ​ស៊ី​ល អេក្វាទ័រ ប៉ូ​លី​វី  និង​បណ្ដា​ប្រទេស​ដទៃទៀត​ដែល​ពុំ​បិទ​ភ្នែក​ចំពោះ​អំពើ​ជិះជាន់​ពី​សំណាក់​របប​ដឹកនាំ​គុយបា​។ ត្រង់ចំណុច​នេះ លោក ប៉ុ​ម​ប៉េ​អូ ស្នើ​ឲ្យ​ប្រទេស​ទាំងអស់​ធ្វើ​រឿង​ដូចគ្នានេះ រួមទាំង ប្រទេស​អាហ្វ្រិក​ខាងត្បូង និង​កាតា ផងដែរ​។​
 
«​រដ្ឋាភិបាល​ណា​ដែល​ទទួលយក​គ្រូពេទ្យ​គុយបា ត្រូវ​បង់លុយ​ឲ្យ​ពួកគេ​ដោយផ្ទាល់​។ បើ​មិន​ដូច្នោះ​ទេ នៅពេល​ពួកគេ​បង់​ជូន​ដល់​របប​ដឹកនាំ​នេះ ពួកគេ​កំពុង​ជួយ​ឲ្យ​រដ្ឋាភិបាល​គុយបា​កេងចំណេញ​លើ​ការធ្វើ​ជួញដូរ​មនុស្ស​»​។ លោក​រដ្ឋមន្ត្រី​អាមេរិក សង្កត់ធ្ងន់​បែបនេះ​។  
 
​កាលពី​ថ្ងៃ​ដើម​សប្តាហ៍​នេះ ប្រទេស​អាហ្វ្រិក​ខាងត្បូង ដូចគ្នា​នឹង​កាតា​ដែរ ដែលមាន​ទំនាក់ទំនង​ល្អ​ជាមួយ​សហរដ្ឋអាមេរិក  បានប្រកាសថា គ្រូពេទ្យ​គុយបា​ចំនួន​២១៧​នាក់ បាន​មកដល់​ប្រទេស​ខ្លួន ដែលមាន​ករណី​ឆ្លង COVID-19​ខ្ពស់បំផុត​ក្នុង​ទ្វីបអាហ្វ្រិក​។ 
 
​រដ្ឋាភិបាល គុយបា បាន​បញ្ជូន​គ្រូពេទ្យ​ខ្លួន​ទៅកាន់​ប្រទេស​មួយចំនួន អំឡុងពេល​ជំងឺ​រាតត្បាត​សាកល COVID-19 នេះ ហើយ​ក្នុងនោះ​ក៏មាន ប្រទេស អ៊ីតាលី ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ខ្លាំង​។ ចំណែក បារាំង​វិញ បានអនុញ្ញាត​ឲ្យ​ក្រុមគ្រូពេទ្យ​គុយបា​ទៅ​ជួយសង្គ្រោះ​ក្នុង​បណ្ដា​ដែន​អធិបតេយ្យ​បរទេស​ខ្លួន​។ 
 
​គុយបា បានប្រែក្លាយ​ការថែទាំ​សុខាភិបាល​ជា​សសរស្ដម្ភ​សង្គម​មួយ​របស់​ប្រទេស​ខ្លួន ទោះបី​ភាពក្រីក្រ​របស់​ប្រទេស​កោះ​មួយ​នេះ បណ្ដាលមកពី​ការដាក់ទណ្ឌកម្ម​ពី​សំណាក់​មហាអំណាច​អាមេរិក នាពេល​៦​ទសវត្សរ៍​ចុងក្រោយ​។ កន្លងទៅ គុយបា អះអាងថា ក្នុង​ឆ្នាំ​២០១៨ ខ្លួន​រកចំណូលបាន ៦,៣​ពាន់​លាន​ដុល្លារ​ពី​ការបញ្ជូន​ក្រុមគ្រូពេទ្យ​ទៅ​បរទេស ហើយ​ប្រើប្រាស់​លុយ​ទាំងនេះ​ពង្រឹង​វិស័យ​សុខាភិបាល​ខ្លួន​៕

Tag:
 សហរដ្ឋអាមេរិក​
  អាហ្វ្រិក​ខាងត្បូង​
  កាតា​
  គុយបា​
  COVID-19
  ម៉ៃ ប៉ុ​ម​ប៉េ​អូ​
© រក្សាសិទ្ធិដោយ thmeythmey.com