COVID-19
អន្តរជាតិ
COVID-19៖ ប៉េកាំង និង​ខេត្ត​ក្រុង​តំបន់​ភាគ​ជើង នឹង​បន្ធូរ​ការ​រឹតត្បិត​ប្រជាជន​
30, Apr 2020 , 11:57 am        
រូបភាព
រូបភាព៖ Reuters
រូបភាព៖ Reuters
​ខេត្ត​ហឺ​ប៉ី ទីក្រុង​ធាន​ជីន និង​រដ្ឋធានី​ទីក្រុង​ប៉េកាំង​ដែល​នៅ​ភាគ​ខាងជើង​ចិន នឹង​បន្ធូរបន្ថយ​ការ​រឹតត្បិត​ការធ្វើដំណើរ​នៅក្នុង​តំបន់​របស់ខ្លួន បន្ទាប់ពី​ស្ថានភាព​ជំងឺ​រលាក​សួត ដែល​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បាន​ថមថយ​យ៉ាងខ្លាំង​។ យ៉ាងណាក៏ដោយ ចិន​ក៏បាន​ត្រៀម​វិធានការ​ផ្សេងទៀត​ផងដែរ ដើម្បី​ទប់ស្កាត់​រលក​ឆ្លង COVID-19 លើក​ទី​ពីរ ។​


 
​រដ្ឋាភិបាល​តំបន់​ប្រចាំ​នៅ​ទីក្រុង​ប៉េកាំង​, ក្រុង​ធាន​ជីន និង​ខេត្ត​ហឺ​ប៉ី នៅ​ថ្ងៃទី​២៩ ខែមេសា បានប្រកាស​ទម្លាក់​កម្រិត​អាសន្ន នៃ​កូ​រ៉ូ​ណាវី​រុស​នៅក្នុង​តំបន់​របស់ខ្លួន​ពី​កម្រិត​១ មក​កម្រិត​២ ដែល​ធូរស្រាល​ជាង​មុន បន្ទាប់ពី​អត្រា​ឆ្លង​នៃ​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី បាន​ថយចុះ​។ បើ​គ្មាន​ការប្រែប្រួល​ទេ ការបន្ធូរបន្ថយ​នេះ នឹង​ធ្វើឡើង​ចាប់ពី​ម៉ោង​១២​យប់ ថ្ងៃទី​១ ខែឧសភា តទៅ​។  
 
​តាមរយៈ​វិធានការ​កាត់បន្ថយ​ការ​រឹតត្បិត​នេះ ទីក្រុង​ប៉េកាំង នឹង​លុបចោល​វិធាន​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ សម្រាប់​ប្រជាជន​មកពី​តំបន់​ទាំងឡាយណា ដែលមាន​អត្រា​ឆ្លង​តិច​។ បានសេចក្តីថា រដ្ឋាភិបាល​លែង​ចាប់បង្ខំ​ឲ្យ​ប្រជាជន​ស្ថិតនៅ​ក្នុងផ្ទះ ប៉ុន្តែ​វា​ជាការ​ទទួលខុសត្រូវរ​បស់​ប្រជាជន​ខ្លួនឯង​វិញ​។ 
 
​ការលុបចោល​នេះ ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង លែងមាន​ករណី​ឆ្លង​រយៈ​១៤​ថ្ងៃ​មកហើយ ប៉ុន្តែ​បន្ត​អនុវត្ត​លើ​ជនបរទេស អ្នកធ្វើដំណើរ​មកពី​ទីក្រុង​ហ៊ូ​ប៉ី និង​តំបន់​ដែលមាន​អត្រា​ឆ្លង​ខ្លាំង​នោះឡើយ​។ នេះ​បើតាម​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​យ៉ាងណាក៏ដោយ រដ្ឋាភិបាល​តំបន់​ប្រចាំ​ទីក្រុង​ប៉េកាំង ក៏​បានចេញ​វិធានការ​មួយចំនួន​ផងដែរ ដើម្បី​ទប់ស្កាត់​រលក​ឆ្លង​COVID-19 លើក​ទី​ពីរ​។ នាពេល​កន្លងមក  សាលាក្រុង​ប៉េកាំង បានចេញ​បម្រាម​មួយចំនួន​ដូចជា​ការរក្សា​គម្លាត​សុវត្ថិភាព​១​ម៉ែត្រ ហាម​ស្តោះ​ទឹកមាត់​ក្នុង​ទីសាធារណៈ ពាក់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម ដើម្បី​រក្សា​អនាម័យ ទប់ស្កាត់ COVID-19 ។ ការបំពាន​វិធានការ​នេះ ត្រូវ​ពិន័យ​ជា​ប្រាក់​។ 
 
​បន្ទាប់​ទីក្រុង​ប៉េកាំង​ប្រកាស​បន្ធូរបន្ថយ​ការ​រឹតត្បិត​បាន​ប៉ុន្មាន​ម៉ោង ប្រជាជន​បាន​កក់​សំបុត្រ​យន្តហោះ​ជាច្រើន ពោលគឺ​កើនឡើង​រហូតដល់​១៥​ដង​ឯណោះ ដោយ​អ្នក​ទាំងនោះ​គ្រោង​នឹងធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រុង​ឆឹង​ទូ​, ក្រុង​ចុង​ឈី​ង និង ទីក្រុង​សៀង​ហៃ​ជាដើម​។ 
 
​សូមបញ្ជាក់ថា នៅ​ថ្ងៃទី​៣០ ខែមេសា​នេះ ចិន​មាន​ករណី​ឆ្លង​ត្រឹមតែ ៤​ករណី​តែប៉ុណ្ណោះ​។ តួលេខ​សរុប​នៅ​ប្រទេស​ចិន​បាន​កើន​ដល់ ៨២៨៦២​ករណី អ្នកស្លាប់​ចំនួន ៤៦៣៣​ករណី និង​ករណី​ជាសះស្បើយ​មាន​ចំនួន ៧៧៦១០​ករណី​។ ចំណែក​អ្នកជំងឺ ដែល​កំពុង​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​មាន​ចំនួន​ត្រឹមតែ ៦១៩​ករណី​៕ 
 

Tag:
 ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com