ឥណ្ឌា​ផ្អាក​ការប្រើ​ប្រដាប់​ធ្វើតេស្ត​របស់​ចិន​ដែល​«​ផ្តល់​លទ្ធផល​មិន​ត្រឹមត្រូវ​» ហើយ​ចិន​រិះគន់​សេចក្តីសម្រេច​នេះ​
អន្តរជាតិ
ឥណ្ឌា​ផ្អាក​ការប្រើ​ប្រដាប់​ធ្វើតេស្ត​របស់​ចិន​ដែល​«​ផ្តល់​លទ្ធផល​មិន​ត្រឹមត្រូវ​» ហើយ​ចិន​រិះគន់​សេចក្តីសម្រេច​នេះ​
30, Apr 2020 , 7:59 pm        
រូបភាព
រូបឯកសារ៖ កម្មករធ្វើការសម្អាតច្រកផ្លូវចូលនៅស្ថានីយរថភ្លើងក្រោមភ្លើងនៅក្រុងញូវដេលី ប្រទេសឥណ្ឌា។
រូបឯកសារ៖ កម្មករធ្វើការសម្អាតច្រកផ្លូវចូលនៅស្ថានីយរថភ្លើងក្រោមភ្លើងនៅក្រុងញូវដេលី ប្រទេសឥណ្ឌា។
ដោយ: VOA
​ញូវដែលី ៖ សេចក្តីសម្រេច​មួយ​ដោយ​ប្រទេស​ឥណ្ឌា​ក្នុង​ការផ្អាក​ការប្រើ​ប្រដាប់​ធ្វើតេស្ត របស់​ចិន​អំពី​ជំងឺ​កូ​វីដ​១៩ ដែល «​ផ្តល់​លទ្ធផល​មិន​ត្រឹមត្រូវ​» បាន​ត្រូវ​ស្ថានទូត​ចិន​នៅក្នុង​ក្រុង​ញូវដែលី​រិះគន់​យ៉ាងខ្លាំង​ថា «​មិន​យុ​ត្តិ​ធ៌​ម​និង​គ្មាន​ការទទួលខុសត្រូវ​»​។​

 
​ទីភ្នាក់ងារ​ខាង​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ​របស់​រដ្ឋាភិបាល​ឥណ្ឌា​ដែល​ទាក់ទិន​នឹង​ការ​រាលដាល​វីរុស​កូ​រ៉ូ​ណា​បាន​និយាយថា ខ្លួន​គ្រោង​នឹង​បញ្ជូន​ប្រដាប់​ធ្វើតេស្ត​ទាំងនេះ​ទៅឱ្យ​ក្រុមហ៊ុន​ចិន​ពីរ​ដែល​ឥណ្ឌា​បាន​បញ្ជា​ទិញ​។ ទីភ្នាក់ងារ​នេះ​ក៏បាន​សុំ​ដល់​អាជ្ញាធរ​សុខាភិបាល​នៅ​ទូទាំងប្រទេស​ឱ្យ​ឈប់​ប្រើ​ប្រដាប់​ទាំងនេះ​ដោយសារ​លទ្ធផល​តេស្ត​មាន​«​ការខុស​គ្នាច្រើន​»​។​
 
​ប្រទេស​ឥណ្ឌា​បាន​ទិញ​ប្រដាប់​ធ្វើតេស្ត​ខាង​អង្គ​ប​ដិ​ប្រាណ​៥​សែន​គ្រឿង​កាលពីដើម​ខែមេសា​ពី​ប្រទេស​ចិន​ដើម្បី​បង្កើន​ការធ្វើ​តេស្ត អំពី​ជំងឺ កូ​វីដ​១៩ នៅក្នុង​ការប្រឹងប្រែង​បង្កើន​ការធ្វើ​តេស្ត​នៅពេល​មាន​កង្វល់​ថា ការប្រយុទ្ធ​របស់ខ្លួន​ដើម្បី​ពន្យឺតការ​រា​ត្បា​ត​ជា​សាកល​នៃ​ជំងឺ​នេះ​កំពុង​ត្រូវ​រារាំង​ដោយសារ​លទ្ធផល​នៃ​ការធ្វើ​តេស្ត​មាន​កម្រិត​ទាប​។ ការធ្វើ​តេស្ត​ទាំងនេះ​គឺ​ដើម្បី​រក​អង្គ​ប​ដិ​ប្រាណ​នៅក្នុង​រាងកាយ​មនុស្ស​ដែល​អាចមាន​ផ្ទុកមេរោគ​ជំងឺ​នេះ​ហើយនឹង​ប្រើ​ជា​ឧបករណ៍​ឃ្លាំមើល​នៅក្នុង​កន្លែង​មានការ​រាលដាល​ជំងឺ​នេះ​។​
 
​ប្រដាប់​ធ្វើតេស្ត​ទាំងនេះ​ដែល​ផ្តល់​លទ្ធផល​ក្នុងពេល​ប្រមាណ​៣០​នាទី​បាន​ត្រូវធ្វើ​ការពិសោធន៍​ដោយ​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ឥណ្ឌា​ហៅ​កាត់​ថា ICMR នៅក្រោយ​អាជ្ញាធរ​សុខាភិបាល​នៅក្នុង​រដ្ឋ​ខ្លះ​បាន​ត្អូញត្អែរថា លទ្ធផល​ពី​ប្រដាប់​ទាំងនេះ​ផ្តល់​អត្រា​ត្រឹមត្រូវ​កម្រិត​ទាប​ណាស់​។ ពួក​មន្ត្រី​សុខាភិបាល​ទាំងនេះ​បាន​និយាយថា ប្រដាប់​ធ្វើតេស្ត​ទាំងនេះ​បាន​ត្រូវ​ប្រើ​លើ​ពួក​អ្នកជំងឺ​ដែល​ពួកគេ​ដឹង​ស្រេច​ហើយ​ថា មាន​ជំងឺ​កូ​វីដ​១៩  ក៏ប៉ុន្តែ​តេស្ត​ទាំងនេះ​បង្ហាញ​លទ្ធផល​«​អវិជ្ជមាន​»​សម្រាប់​អង្គ​ប​ដិ​ប្រាណ​ទៅវិញ​។ កូ​វីដ​១៩​ជា​ជំងឺ​បណ្តាលមកពី​វីរុស​កូ​រ៉ូ​ណា​។​
 
​ក្រុមប្រឹក្សា​ក្រុមប្រឹក្សា​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​នៃ​ប្រទេស​ឥណ្ឌា​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​ខែមេសា​ថា​៖ «​លទ្ធផល​ប្រែប្រួល​ខ្លាំង​នៅក្នុង​ការធ្វើ​តេស្ត​»​។​
 
​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​អ្នកស្រី  Ji Rong  អ្នកនាំពាក្យ​នៃ​ស្ថានទូត​ចិន​នៅក្នុង​ក្រុង New Delhi ប្រទេស​ឥណ្ឌា​បាន​ថ្លែងថា​៖ «​វា​មិន​យុ​ត្តិ​ធ៌​ម​និង​គ្មាន​ការទទួលខុសត្រូវ​សម្រាប់​ពួក​បុគ្គល​ខ្លះ​ដែល​និយាយថា ផលិតផល​របស់​ចិន​ផ្តល់​លទ្ធផល «​មិន​ត្រឹមត្រូវ​» ហើយ​ពិនិត្យមើល​បញ្ហា​ដោយមាន​បុរេនិច្ឆ័យ​»​។​
 
​សេចក្តីថ្លែងការណ៍​នេះ​និយាយថា ប្រទេស​ចិន​បាន​ជួយ​ប្រទេស​ឥណ្ឌា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​រ៉ូ​ណា​ដោយ​ធ្វើ​សកម្មភាព​ជាក់ស្តែង​ហើយ​បានធ្វើឱ្យ​ប្រាកដប្រជា​ថា គុណភាព​នៃ​ផលិតផល​ខាង​វេជ្ជសាស្ត្រ​ដែល​ត្រូវ​ដឹកជញ្ជូន​ទៅ​លក់​ឯ​ប្រទេសក្រៅ​គឺជា​អាទិភាព​របស់​ក្រុមហ៊ុន​ផលិត​ប្រដាប់​ទាំងនេះ​។​
 
​ប្រទេស​ចិន​បាន​និយាយថា ប្រដាប់​ធ្វើតេស្ត​ទាំងនេះ​ជា​ផលិតផល​ខាង​វេជ្ជសាស្ត្រ​មានគុណ​ភាព​ដែល​តម្រូវ​ឲ្យ​មានការ​ប្រើប្រាស់ ការរក្សា​ទុក​និង​ការដឹកជញ្ជូន​ជាក់លាក់​។​អ្នកស្រី Ji និយាយថា​៖ «​ការប្រើប្រាស់​ដែល​មិន​ធ្វើ​ដោយ​អ្នកមាន​វិជ្ជាជីវៈ មិន​ធ្វើតាម​ការណែនាំ​ជាក់លាក់​អំពី​របៀប​ប្រើ​ផលិតផល​នេះ​នឹង​នាំឱ្យ​ការធ្វើ​តេស្ត​មិន​ផ្តល់​លទ្ធផល​ត្រឹមត្រូវ​»​។​
 
​អ្នកស្រី Ji បាន​និយាយថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​បន្ត​គាំទ្រ​ការប្រយុទ្ធ​របស់​ប្រទេស​ឥណ្ឌា​ប្រឆាំងនឹង​ការ​រាតត្បាត​ជា​សាកល​នៃ​វីរុស​កូ​រ៉ូ​ណា​។​
 
​ប្រទេស​ចិន​បានក្លាយ​ទៅជា​ប្រទេស​ផលិត​ដឹកជញ្ជូន​និង​លក់​ឧបករណ៍​វេជ្ជសាស្ត្រ​និង​ប្រដាប់​ពាក់​ការពារ​វីរុស​កូ​រ៉ូ​ណា​នៅឯ​ប្រទេសក្រៅ​ច្រើនជាងគេ​នៅពេលដែល​ជំងឺ​នេះ​បាន​រាតត្បាត​នៅ​ទូទាំង​ពិភពលោក​។ ប្រទេស​ចិន​ក៏បាន​ប្រឈម​នឹង​ការ​ត្អូញត្អែរ​ពី​ប្រទេសមួយ​ចំនួន​ដែរ​អំពី​ម៉ាស់​និង​ប្រដាប់​ការពារ​វីរុស​មិនមាន​ប្រសិទ្ធភាព​ហើយ​លក់​ដោយ​ក្រុមហ៊ុន​ចិន​។​
 
​សាកលវិទ្យាល័យ Johns Hopkins ដែល​តាមដាន​ជំងឺ​នេះ​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ដឹងថា នៅពេល​បច្ចុប្បន្ននេះ ប្រទេស​ឥណ្ឌា​មាន​ករណី​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​២៩.៤៥១​នាក់​ហើយ​មាន​មនុស្ស​៩៣៩​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com