COVID-19៖ ក្រោយ​ស្ងាត់​ជិត​២០​ថ្ងៃ យេ​ម៉ែន​មាន​៥​ករណី​ទៀត​ក្នុងនោះ​ស្លាប់​២​នាក់​
COVID-19
អន្តរជាតិ
COVID-19៖ ក្រោយ​ស្ងាត់​ជិត​២០​ថ្ងៃ យេ​ម៉ែន​មាន​៥​ករណី​ទៀត​ក្នុងនោះ​ស្លាប់​២​នាក់​
30, Apr 2020 , 3:06 pm        
រូបភាព
រូបថត AFP
រូបថត AFP
ដោយ: រួបរួម
​យេ​ម៉ែន​បាន​រកឃើញ​ករណី​ឆ្លង COVID-19 ដំបូង​កាលពី​ថ្ងៃទី​១០ ខែមេសា ដែលជា​ជនបរទេស​ម្នាក់​ធ្វើដំណើរ​ពី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ក្រោយមក​អ្នកជំងឺ​បានជា​សះស្បើយ​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ពុធ ពោលគឺ​ជិត​២០​ថ្ងៃ ក្រោយ​ស្ថានភាព​ស្ងប់ស្ងាត់ ក្រសួងសុខាភិបាល​នៃ​ប្រទេស​ដែល​កំពុង​ញាំញី​ដោយ​សង្គ្រាមស៊ីវិល​មួយ​នេះ បានប្រកាស​ពី​ការរកឃើញ​៥​ករណី​បន្ថែមទៀត ដែល​ក្នុងនោះ​មាន​២​នាក់​ស្លាប់​។​

 
​ករណី​ឆ្លង COVID-19 ថ្មី ទាំង​៥​ករណី ត្រូវបាន​តេស្ត​ឃើញ​នៅ​ទីក្រុង​កំពង់ផែ Aden​។ ក្នុងចំណោម​ករណី​ថ្មី​ទាំងនោះ មាន​២​នាក់​ស្លាប់ និង​៣​នាក់​ទៀត ស្ថិតក្រោម​ការព្យាបាល​ដាច់ដោយឡែក​នៅ​មន្ទីរពេទ្យ​។​
 
​លោក Jamal Khadabakhish នាយក​ផ្នែក​សុខភាព​សាធារណៈ បាន​អះអាង​ប្រាប់​សារព័ត៌មាន​ប្រចាំ​តំបន់​ម​ជ្ឈឹ​ម​បូព៌ា The National ថា មនុស្ស​ជាច្រើន​ទៀត មាន​អាការ​សុខ​ភាពមិនប្រក្រតី ត្រូវបាន​យក​សំណាក​ទៅធ្វើ​តេស្ត រីឯ​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ជាមួយ​អ្នកជំងឺ ត្រូវ​បានដាក់​នៅក្រោម​វិធាន​ចត្តា​ឡី​ស័ក​។​
 
​ករណី​ដំបូង​ដែល​ត្រូវបាន​តេស្ត​ឃើញ​នៅ​ខេត្ត Hadramawt បានជា​សះស្បើយ​។ រីឯ​ករណី​ទាំង​៥​ថ្មី ត្រូវបាន​អះអាងថា សុទ្ធតែ​រកឃើញ​នៅក្នុង​ស្រុក Al Mansourah ភាគ​ខាងជើង​ក្រុង Aden​។ «​ករណី​ស្លាប់​ពីរ​នាក់​ដំបូង ជា​បុរស​បងប្អូន​បង្កើត​នឹង​គ្នា​។ ពួកគាត់​មានការ​ចុកចាប់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ និង​កំដៅ​ខ្ពស់​»​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រី​សុខាភិបាល​ប្រចាំ​តំបន់​។​
 
​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​ឯកជន​នៅ​តំបន់ Al Mansourah ដែល​ទទួល​ព្យាបាល​អ្នកជំងឺ COVID-19 នោះ បាន​អះអាងថា មិនទាន់បាន​ត្រៀមខ្លួន​ពេញលេញ​នោះឡើយ ដោយ​មន្ទីរពេទ្យ​ខ្វះ​សម្ភារ​ការពារ និង​វិធានការ​ផ្សេងៗ​នៅក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។​
 
​យេ​ម៉ែន ជា​ប្រទេស​ចុងក្រោយ​គេ​ក្នុងចំណោម​ប្រទេស និង​ដែនដី​ជាង​២១០​ដែលមាន​ករណី​ឆ្លង COVID-19​។ គិត​ត្រឹម​រសៀល​ថ្ងៃទី​៣០ ខែមេសា នេះ មនុស្ស​ជាង​៣.២​លាន​នាក់​នៅលើ​ពិភពលោក ឆ្លង COVID-19 ក្នុងនោះ​ស្លាប់​ជិត​២៣​ម៉ឺន​នាក់ និង​សះស្បើយ​ជាង​១​លាន​នាក់​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com