ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នាថ្ងៃទី២៩ ខែមេសា ជឿជាក់ថា ការចាត់ចែងជំងឺ COVID-19 របស់ចិន គឺជាភស្តុតាងបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងធ្វើរឿងគ្រប់បែបយ៉ាងដែលពួកគេអាចដើម្បីធ្វើឲ្យលោកចាញ់ឆ្នោតអាណត្តិទី២ នាខែវិច្ឆិកាខាងមុខ។
ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន Reuters នៅសេតវិមាន លោក ដូណាល់ ត្រាំ គូសបញ្ជាក់ថា លោកជឿជាក់ថា ក្រុងប៉េកាំងចង់ឲ្យគូរប្រជែងបក្សប្រជាធិបតេយ្យរបស់លោក គឺលោក ចូ បៃឌិន យកឈ្នះការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។ បើតាមលោកត្រាំ ហេតុផលនោះ គឺដើម្បីបន្ធូរបន្ថយសម្ពាធដែលលោកបានដាក់ប្រឆាំងចិនពាក់ព័ន្ធបញ្ហាពាណិជ្ជកម្ម និងបញ្ហាដទៃទៀត។
លោក ត្រាំ បានទម្លាក់កំហុសដាក់ប្រទេសចិនសម្រាប់ជំងឺរាតត្បាតសាកល COVID-19 ដែលសម្លាប់ប្រជាជនអាមេរិកយ៉ាងតិច៦ម៉ឺននាក់ ហើយធ្វើឲ្យសេដ្ឋកិច្ចមហាអំណាចមួយនេះដាំក្បាលចុះយ៉ាងខ្លាំង។ បញ្ហាទាំងនេះ កំពុងគំរាមកំហែងដល់ជីវិតនយោបាយលោកដែលប៉ងរក្សាតំណែងនៅអាណត្តិទី២។
ប្រធានាធិបតីអាមេរិកទី៤៥មកពីបក្សសាធារណរដ្ឋរូបនេះ បានលើកឡើងទៀតថា ប្រទេសចិនគួរតែចេញមុខប្រាប់ពិភពលោកអំពីភាពធ្ងន់ធ្ងរនៃ COVID-19 លឿនជាងនេះ។ ក្រោយសាកសួរថា លោកនឹងពិចារណាប្រើការដំឡើងពន្ធ ឬកាត់ផ្ដាច់ការបង់បំណុលទៅចិន ឬយ៉ាងណានោះ លោក ត្រាំ ពុំផ្ដល់ចំណាត់ការជាក់លាក់មួយឡើយ។
ត្រង់ចំណុចនេះ លោកនិយាយដូច្នេះថា៖«វាមានរឿងច្រើនដែលខ្ញុំអាចធ្វើទៅបាន។ ហើយយើងកំពុងគិតគូរធ្វើ។ […] ចិននឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលពួកគេអាចធ្វើ ដើម្បីឲ្យខ្ញុំចាញ់ការប្រណាំងប្រជែងយកតំណែងប្រធានាធិបតីនេះ»។
ម្យ៉ាងវិញទៀត លោក ត្រាំ ក៏សង្កត់ធ្ងន់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលលោកបានបញ្ចប់ជាមួយប្រធានាធិបតីចិន ស៊ី ជិនភីង ក្នុងគោលដៅបន្ថយឱនភាពពាណិជ្ជកម្មអាមេរិករ៉ាំរ៉ៃជាមួយចិននោះ គឺពិតជាអាក្រក់ខ្លាំងណាស់ ដោយសារការដើរថយក្រោយនៃសេដ្ឋកិច្ច បង្កឡើងដោយCOVID-19។
សូមបញ្ជាក់ថា វិធានការទប់ទល់COVID-19របស់ប្រធានាធិបតី ដូណាល់ ត្រាំ កំពុងស្ថិតក្រោមក្រសែភ្នែករបស់ពលរដ្ឋអាមេរិកគ្រប់រូប។ បើតាមការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មាន Reuters ប្រមាណ ៤៣ភាគរយនៃប្រជាជនអាមេរិក គាំទ្រការចាត់ចែងរបស់រដ្ឋបាលលោកត្រាំប្រឆាំងCOVID-19។
គិតត្រឹមថ្ងៃទី៣០ ខែមេសា សហអាមេរិកមានករណីឆ្លងCOVID-19សរុបជាង១លានករណីហើយ ក្នុងនោះអ្នកជាសះស្បើយមានជាង១៤,៧ម៉ឺននាក់។ អ្នកស្លាប់ដោយសារជំងឺនេះ មានរហូតដល់៦១ ៦៦៩នាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន ១៨៦៧១នាក់។ នេះបើតាមវេបសាយ worldometers.info ដែលតាមដាន COVID-19 នៅទូទាំងពិភពលោក៕