COVID-19
អន្តរជាតិ
ប្រមុខ​ការទូត​រុស្ស៊ី សោកស្ដាយ​ដែល​លោកខាងលិច​ទម្លាក់កំហុស​ឲ្យ​ចិន​រឿង COVID-19
30, Apr 2020 , 9:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov ។ រូបភាព Xinhua
រដ្ឋមន្រ្តីការបរទេសរុស្ស៊ី Sergei Lavrov ។ រូបភាព Xinhua
​ប្រមុខ​ការទូត​រុស្ស៊ី លោក Sergei Lavrov បានបង្ហាញ​ការសោកស្ដាយ​ចំពោះ​ក្រុម​ប្រទេស​លោកខាងលិច​ដែល​ទម្លាក់កំហុស​លើ​ចិន​ពាក់ព័ន្ធ​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស​ថ្មី (COVID-19) ។ បើតាម​លោក Lavrov ការស៊ើបអង្កេត​ជា​រឿង​ចាំបាច់ តែ​មិនមែន​ដើម្បី​បញ្ជាក់ថា អ្នកណា​ខុស ឬ​អ្នកណា​ត្រូវ​ឡើយ​។​

 
​ជាការ​ចេញមុខ​ជួយ​យឹតយោង​ចិន​ដែល​រង​សម្ពាធ​ឲ្យ​បើក​ការស៊ើបអង្កេត​លើ​ប្រភព​ជំងឺ COVID-19 រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី Sergei Lavrov និយាយថា លោក​ខក​ចិត្តនឹង​អ្វីដែល​ប្រទេស​លោកខាងលិច​កំពុង​ធ្វើ​។ លោក សំដៅ​ដល់​ការទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​មួយ​ទាក់ទង​នឹង​ជំងឺ COVID-19 ដែល​រាលដាល​ពេញ​ពិភពលោក ក្រោយ​ផ្ទុះឡើង​ដំបូង​នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី​កាលពី​ខែធ្នូ ឆ្នាំ​២០១៩ កន្លងទៅ​។​
 
«​ខ្ញុំ​និយាយថា យើង​ខក​ចិត្តនឹង​ការប៉ុនប៉ង​ចង្អុលមុខ​លើ​ប្រទេស​ណាមួយ​។ អាមេរិក កំពុង​ចោទ​ចិន​។ នៅ​អឺរ៉ុប ក៏មាន​ការចោទប្រកាន់​លើ​ចិន​ដែរ​។​» នេះ​ជា​លើកឡើង​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី លោក Lavrov ក្នុង​កិច្ច​សម្ភាស​ជាមួយ​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Tass នៅ​ថ្ងៃទី​២៩ ខែមេសា​។ ដោយ​ហៅ​ការប៉ុនប៉ង​នេះ​ជា​រឿង​គួរ​ឲ្យ​សោកស្ដាយ លោក Lavrov បញ្ជាក់ អាទិភាព​ពេលនេះ គឺ​ការទប់ស្កាត់​វីរុស​ដ៏​សាហាវ​មួយ​នេះ​។​
 
​បើតាម​ប្រមុខ​ការទូត​រុស្ស៊ី ការស៊ើបអង្កេត​ជា​រឿង​ចាំបាច់​ដើម្បី​ឲ្យ​ប្រជាជន​ទាំងអស់​ដឹង​ពី​របៀប​ដែល​ត្រូវការពារ​ខ្លួន​សម្រាប់​ការគំរាមកំហែង​ខាងមុខ ប៉ុន្តែ​មិនមែន​ជាការ​រុញ​កំហុស​ឲ្យ​គ្នា​ទេ​។ ត្រង់ចំណុច​នេះ លោក​បញ្ជាក់ថា​៖ «​ការស៊ើបអង្កេត មិនមែន​ដើម្បី​ឲ្យ​មនុស្សម្នា​និយាយថា ខ្ញុំ​ត្រូវ ហើយ​នរណាម្នាក់ នឹងត្រូវ​ទទួលកំហុស​។ ខ្ញុំ​ធ្វើ​រឿង​ត្រឹមត្រូវ​។​»
 
​ប្រភព COVID-19 និង​ការ​រាលដាល​ជំងឺ​នេះ ធ្វើ​ឲ្យ​ចិន​កា្ល​យ​ជា​មុខសញ្ញា​រិះគន់​យ៉ាងខ្លាំង​។ អាមេរិក តែង​រិះគន់​មិន​លស់​ថ្ងៃ​ពី​រឿងនេះ និង​ចោទ​ចិន​ជាច្រើន​រឿង​តាំងពី​ការ​លាក់បាំង​វីរុស រហូតដល់​ការមិន​ចាត់វិធានការ​ឆ្លើយតប​ឲ្យ​បាន​លឿន​ដែល​បណ្ដាល​ឲ្យ​វីរុស​អាច​សាយភាយ​ទៅកាន់​ប្រទេស​ជាច្រើន​។ រដ្ឋ​អឺរ៉ុប​ខ្លះ​មាន​អង់គ្លេស បារាំង និង​អាល្លឺម៉ង់​ដែល​សុទ្ធសឹង​រងគ្រោះ​ខ្លាំង​ដោយសារ COVID-19 ក៏​ទាមទារ​ឲ្យ​មានការ​ស៊ើបអង្កេត​រក​ស​ខ្មៅ​ផងដែរ​។​
 
​តាមពិតទៅ ម្ដង​ជា​ពីរដង ចិន​តែង​ទាត់ចោល​ការចោទប្រកាន់​ទាំងអស់​លើ​ខ្លួន​។ មិនតិច​លើក​ឡើយ​ដែល​ទីក្រុង​ប៉េកាំង​អះអាងថា COVID-19 មាន​ដំបូង​នៅ​ចិន​មែន តែ​មិនមែន​បានន័យថា ចិន​ជា​ប្រភព​នៃ​ជំងឺ​នេះឡើយ រហូតដល់​មន្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ម្នាក់​និយាយថា កងទ័ព​អាមេរិក​ឯណោះ​ទេ​ដែល​នាំ​វីរុស​ទៅ​វូ​ហាន​អំឡុងពេល​កីឡា​កងទ័ព​កាលពី​ខែតុលា ឆ្នាំ​២០១៩ ៕

Tag:
 រុស្ស៊ី​
  ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com