COVID-19
អន្តរជាតិ
នាវាចម្បាំង​អាមេរិក បើក​កាត់​ដែនទឹក​ដែល​ចិន​ទាមទារ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​
30, Apr 2020 , 4:01 pm        
រូបភាព
កោះមួយដែលចិនគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង។ រូបភាព Xinhua
កោះមួយដែលចិនគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង។ រូបភាព Xinhua
ដោយ:
​កងទ័ពជើងទឹក​អាមេរិក នៅ​ថ្ងៃទី​២៩ ខែមេសា ប្រកាសថា នាវាចម្បាំង​របស់ខ្លួន​ បាន​បើក​ជិត​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែលជា​តំបន់​ប្រទាញប្រទង់​ រវាង​ចិន និង​ប្រទេស​មួយចំនួនទៀត​។ វត្តមាន​នាវាចម្បាំង​អាមេរិក មាន​ក្រោយ​ចិន​ទើប​បង្កើត​តំបន់​រដ្ឋបាល​ថ្មី​ នៅ​តំបន់​សមុទ្រ​នេះ​។ 

 
​នាវាចម្បាំង​របស់​អាមេរិក​USS Barry បាន​បើក​កាត់​តំបន់​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង ​នៅ​ថ្ងៃទី​២៨ ខែមេសា ដោយ​អនុវត្តតាម​ប្រតិបត្តិការ​សេរីភាព​នាវាចរណ៍​ ក្រោម​ច្បាប់​អន្តរជាតិ​។ ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន កងទ័ពជើងទឹក​អាមេរិក បញ្ជាក់ថា ខ្លួន​ប្រកាន់ខ្ជាប់​សិទ្ធិសេរីភាព និង​ការប្រើប្រាស់​សមុទ្រ​ដោយ​ស្របច្បាប់ និង​ទទួលស្គាល់​ដោយ​ច្បាប់​អន្តរជាតិ​។​
 
 កងទ័ពជើងទឹក​អាមេរិក​សង្កត់ធ្ងន់​ទៀតថា ការទាមទារ​មិន​ស្របច្បាប់ និង​ទាំងស្រុង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ជាការ​គំរាមកំហែង​ដែល​មិន​ធ្លាប់មាន​ទៅដល់​សេរីភាព​ក្នុង​សមុទ្រ រួមមាន ​សេរីភាព​នាវាចរណ៍ ការហោះហើរ និង​ការបើក​នាវា​ដោយស្មោះ​ត្រង់​ជាដើម​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។ 
 
​ដូច​ដឹង​ស្រាប់​ហើយ អាម​រិ​ក ច្រានចោល​ការទាមទារ​ជាច្រើន​របស់​ចិន​ ក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្នុងនោះ​រួមមាន​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដែល​ចិន​កំពុងមាន​ទំនាស់​ ទាមទា​រ​ជាមួយ​តៃវ៉ាន់ និង​វៀតណាម​។ ជារឿយៗ អាមេរិក​តែង​បញ្ជូន​នាវាចម្បាំង​ បើក​កាត់​តំបន់​នេះ ឬក៏​បញ្ជូន​យន្តហោះ​បើក​ពីលើ​ផងដែរ​។​
 
​ចំណែកឯ​កងទ័ព​ចិន​វិញ បាន​និយាយថា ខ្លួន​បាន​ចល័ត​កម្លាំង​ជើង​ទឹក និង​អាកាស ដើម្បី​ដេញតាម និង​ព្រមាន​នាវា​អាមេរិក ​ដែល​ចូលក្នុង​ដែនទឹក​ចិន​។ តាមរយៈ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន យោធា​ចិន​បាន​ចោទ​អាមេរិក អំពី​សកម្មភាព​បង្កហេតុ និង​បំពាន​អធិបតេយ្យ ក៏ដូចជា​ប្រយោជន៍​សន្តិសុខ​ចិន​។ មិនតែប៉ុណ្ណោះ ចិន​ក៏បាន​បន្ទោស​អាមេរិក​ទៀ​ត​ថា សកម្មភាព​នេះ មិន​សមស្រប​នឹង​ការប្រឹងប្រែង​របស់​អន្តរជាតិ ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ COVID-19 ។​
 
​គួរបញ្ជាក់​ផងដែរ​ថា ចិន​បាន​បង្កើន​សកម្មភាព​ទាមទារ​របស់ខ្លួន ដោយ​ប្រកាសថា ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល និង​ស្ព្រេ​ត​លី តំបន់​ថ្ម​ប៉ប្រះ​ទឹក Macclesfield និង​ដែនទឹក​ជុំវិញ​នោះ នឹងត្រូវ​ស្ថិតក្រោម​ការគ្រប់គ្រងរ​ដ្ឋ​បាល ​របស់​សង្កាត់​ចំនួន​២ របស់​ក្រុង​Sansha កោះ​ហៃ​ណាន​។ សកម្មភាព​បែបនេះ​រប​ស់​ចិន ត្រូវបាន​តវ៉ា​យ៉ាងខ្លាំង​ ពី​សំណាក់​រដ្ឋាភិបាល​វៀតណាម​។​
 
​បន្ថែម​ពីនេះ ចិន​ក៏បាន​ដាក់ឈ្មោះ​ផ្លូវការ​ឲ្យ​កោះ និង​ភូមិសាស្ត្រ​សិប្បនិម្មិត​ចំនួន​៨០ និង​តំបន់​លិច​ក្រោម​ទឹក​ចំនួន​៥៥​ផ្សេងទៀត​ផងដែរ​។ តំបន់​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុងមាន​ជម្លោះ ហើយ​ភាគច្រើន​កាន់កាប់​ដោយ​ចិន ត្រូវបាន​គេ​ជឿថា​មាន ប្រេង និង​ឧស្ម័ន​ជាច្រើន​៕

© រក្សាសិទ្ធិដោយ thmeythmey.com