COVID-19
ជាតិ
សង្គមជាតិ
Paragon និង Footprint ព្រម​បញ្ចុះ​ថ្លៃ​រៀន​អន​ឡាញ​១០​ទៅ​១៥​ភាគរយ ខណៈ CIA មិនទាន់​សម្រេច
30, Apr 2020 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ បញ្ហា​រវាង​អាណាព្យាបាល​សិស្ស ជាមួយ​សាលា​ផា​រ៉ា​ហ្គ​ន និង​សាលា​អន្តរជាតិ​ហ្វ៊ូ​ត​ព្រី​ន លើ​ការ​បញ្ចុះតម្លៃ​សម្រាប់​ការរៀន​តាម​អន​ឡាញ បាន​ឈានដល់​ការបញ្ចប់​ត្រឹម​ការបញ្ចុះ​តម្លៃ​ពី​១០​ទៅ​១៥​ភាគរយ ក្រោយពី​ក្រសួង​អប់រំ បាន​ចូលរួម​ដោះស្រាយ​។ ប៉ុន្តែ​សាលា CIA FIRST International School មិនទាន់​សម្រេច​នៅឡើយ​ទេ ដោយ​ត្រូវ​បន្ត​ការចរចា​បន្ថែមទៀត​។​

 
​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ បានដាក់​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​រវាង​សាលា​ទាំងបី ជាមួយ​អាណាព្យាបាល​សិស្ស ជូនទៅ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០២០​។ របាយការណ៍ បង្ហាញថា សាលា​ផា​រ៉ា​ហ្គ​ន (Paragon International School) បានសម្រេច​តាម​សំណើ​របស់​អាណាព្យាបាល​សិស្ស លើ​ការ​បញ្ចុះតម្លៃ​សិក្សា​តាម​អន​ឡាញ​ចំនួន​១៥​ភាគរយ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ មិន​ដំឡើងថ្លៃ​សិក្សា​សម្រាប់​ឆ្នាំ​២០២០-២០២១ ចំពោះ​សិស្ស​គ្រប់​កម្រិត និង​ពន្យារពេល​បិទ​ការចុះឈ្មោះ​ចូលរៀន​សម្រាប់​ឆ្នាំ​សិក្សា​២០២០-២០២១ រហូតដល់​ក្រសួង​អប់រំ​ប្រកាស​បើក​សាលា​វិញ ព្រមទាំង​ពង្រឹងគុណភាព​បង្រៀន​តាម​អន​ឡាញ​។  
 
​ចំណែក​សាលា​អន្តរជាតិ​ហ្វ៊ូ​ត​ព្រី​ន (Footprint International School) បានសម្រេច​បញ្ចុះតម្លៃ​១០​ភាគរយ​លើ​ការបង់ថ្លៃ​រៀន​តាម​អន​ឡាញ ហើយ​សាលា បង្វិល​ថវិកា​ត្រីមាស​ទី​៣ សម្រាប់​ឆ្នាំ​សិក្សា​២០១៩-២០២០ ចំនួន​១៥​ភាគរយ​ទៅ​ឲ្យ​អាណាព្យាបាល​សិស្ស​វិញ និង​រក្សា​តម្លៃ​ដើម​លើ​សេវា​សៀវភៅ អាហារ និង​ថ្លៃ​ឡាន​ជាដើម​។ ចំពោះ​បញ្ហា​ផ្សេងៗ​ទៀត​សម្រាប់​សាលា​នេះ កំពុង​បន្ត​ដោះស្រាយ​បន្ថែម​។  
 
​សម្រាប់​សាលា CIA FIRST International School ដែលមាន​អាណាព្យាបាល​សិស្ស​បាន​ចូល​រូ​ម​ទាមទារ​ឲ្យ​បញ្ចុះតម្លៃ​ដែរនោះ មិនទាន់​ឯកភាពគ្នា​នៅឡើយ​ទេ ខណៈដែល​ភាគី​អាណាព្យាបាល​សិស្ស​ទាមទារ​ឲ្យ​សាលា​បញ្ចុះតម្លៃ​៤៥ ឬក៏​៣៥​ភាគរយ​ក៏បាន តែ​ខាង​សាលា​អាចមាន​លទ្ធភាព​បញ្ចុះ​ត្រឹម​២០​ភាគរយ​តែប៉ុណ្ណោះ​។ 
 
​តែ​យ៉ាងណា ក្រសួង​អប់រំ បាន​លើកឡើងថា បើ​អាណាព្យាបាល​សិស្ស​ទាមទារ​បញ្ចុះតម្លៃ​ត្រឹម​៥០​ភាគរយ នោះ​សាលា​នឹង​ប្រឈម​នឹង​ការបិទទ្វារ និង​បណ្តាល​ឲ្យ​គ្រូ និង​បុគ្គលិក បាត់បង់​ការងារ និង​ចំណូល​។ ក្រសួង​បាន​លើក​ហេតុផល​សមស្រប​សម្រាប់​ភាគី​ទាំងសងខាង​ថា បើ​សាលា​បញ្ចុះ​ត្រឹម​២៥ ទៅ​៣០​ភាគរយ​នោះ ខាង​សាលា​នឹង​អាច​ទប់ទល់​លើ​ការចំណាយ​សម្រាប់​គ្រូបង្រៀន និង​ចំណាយ​ផ្សេងៗ​ផងដែរ​៕ 
 

Tag:
 ​ក្រសួង​អប់រំ​
  សិក្សា​តាម​អន​ឡាញ​
© រក្សាសិទ្ធិដោយ thmeythmey.com