COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
លោក​អា​បេ​៖ លុះត្រា COVID-19 រលាយ​ពី​ផែនដី​ទៅ ទើប​អូឡាំពិក​តូ​ក្យូ​ធ្វើទៅបាន​
30, Apr 2020 , 10:29 pm        
រូបភាព
​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ិន​ហ្សូ អា​បេ (Shinzo Abe) នៅ​ថ្ងៃទី​២៩ ខែមេសា បាន​និយាយថា ការដឹកនាំ​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ​នឹងមិន​អាចទៅរួច​ទេ​នៅ​ឆ្នាំក្រោយ លុះត្រាតែ​ជំងឺឆ្លង COVID-19 រលាយ​ពី​ពិភពលោក​ទៅ​។​


 
​ដោយសារតែ​ផលប៉ះពាល់​នៃ​វិបត្តិ COVID-19 គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ (IOC) និង​រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​គ្នា​ពន្យារពេល​ការប្រកួត​កីឡា​អូឡាំពិក​នេះ​កាលពី​ខែ​មុន​រហូតដល់​រយៈពេល​១​ឆ្នាំ ពោលគឺ​ដល់​ខែកក្កដា ឆ្នាំ​២០២១​។​
 
​ជាមួយនឹង​ការកើនឡើង​អត្រា​នៃ​ការឆ្លង​កាន់តែច្រើន​នៅ​ទូទាំង​ពិភពលោក ហើយ​អ្នកជំនាញ​បាន​អះអាងថា​វ៉ាក់សាំង​បង្កា​ជំងឺ COVID-19 នឹងត្រូវ​ប្រើពេល​យូរ​ទៀត​នោះ ក៏មាន​ការលើក​ឡើងជា​សួរថា​តើ​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំធេង​នេះ​អាច​នឹងត្រូវ​ការពន្យារ​ពេល​បន្ថែមទៀត​ឬ​អត់​។​
 
«​យើង​បាន​និយាយ​ហើយ​ថា ការប្រកួត​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ត្រូវតែ​ធ្វើឡើង​ដោយ​ពេញលេញ ក្នុងនោះ​អត្ត​ព​លិ​ក មន្ត្រី និង​អ្នកទស្សនា​ទាំងអស់​អាច​ចូលរួមបាន​ដោយ​សុវត្ថិភាព​»​។ នេះ​ជាការ​អះអាង​របស់លោក​អា​បេ​ដែល​បាន​ឆ្លើយតប​នឹង​សំណួរ​របស់​សមាជិកសភា​បក្សប្រឆាំង ដែល​សួរថា តើ​ទីក្រុង​តូ​ក្យូ​អាច​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​អូឡាំពិក​នៅ​ឆ្នាំក្រោយ​ដែរឬទេ បន្ទាប់ពី​ការពន្យារពេល​ឆ្នាំនេះ​ដោយសារតែ COVID-19​។​
 
​នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ​សង្កត់ធ្ងន់ថា កីឡា​អូឡាំពិក​រដូវក្តៅ​ឆ្នាំ​២០២០ ត្រូវតែ​ធ្វើឡើង​នៅពេល​ពិភពលោក​បង្ហាញថា បានឈ្នះ​នឹង​ជំងឺ​រាតត្បាត​មួយ​នេះ បើ​មិន​ដូច្នេះ​ទេវា​នឹង​ពិបាក​ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​នេះ​ណាស់​។​
 
​បើតាម​ការផ្សាយ​របស់​វេ​ប​សាយ Worldometers ជប៉ុន​បាន​រកឃើញ​ករណី​ឆ្លង​ថ្មី​ជាង​២០០​នាក់​ទៀត​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមេសា​នេះ ដោយ​កើន​ដល់​ជិត​១៤០០០​នាក់ ក្នុងនោះ​ស្លាប់​ជាង​៤០០​នាក់ និង​សះស្បើយ​ជាង​២០០០​នាក់​។​
 
​ដោយឡែក លោក Yoshiro Mori ប្រធាន​គណៈកម្មាធិការ​រៀបចំ​កីឡា​អូឡាំពិក​ជប៉ុន ក៏បាន​និយាយ​ដែរ​ថា ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូ​ក្យូ នឹងត្រូវ​លុបចោល​តែម្តង ប្រសិនបើ​មិនអាច​ដំណើរ​បាន​នៅ​ឆ្នាំ​២០២១ ទេនោះ​។ លោក Mori ប្រកាស​ហើយ​ថា នឹង​គ្មាន​ការពន្យារពេល​ជា​លើក​ទី​ពីរ​ឡើយ បើ COVID-19 នៅតែ​មិនអាច​គ្រប់គ្រង​បាន​ដល់​ឆ្នាំក្រោយ​៕



Tag:
 COVID-19
  កីឡា​អូឡាំពិក​
  Shinzo Abe
© រក្សាសិទ្ធិដោយ thmeythmey.com