ជាតិ
កូនសណ្ដាន់ជាង១ម៉ឺនដើម ត្រូវបានដាំនៅតំបន់ព្រៃលិចទឹកស្រុកក្រូចឆ្មារ ដើម្បីបង្កើតជម្រកមច្ឆាជាតិ
× ភ្នំពេញ៖ កូនដើមសណ្ដាន់ជាង ១ម៉ឺនដើម ត្រូវបានអាជ្ញាធរខេត្តត្បូងឃ្មុំ ដាំនៅក្នុងតំបន់ព្រៃលិចទឹក លើផ្ទៃដីប្រមាណ ១០០ហិកតា ដើម្បីបង្កើតជម្រកមច្ឆាជាតិ និងជីវចម្រុះឡើងវិញ ដែលស្ថិតក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ។
កាលពីថ្ងៃទី២៧ មេសាកន្លងទៅ រដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំអាជ្ញាធរស្រុកក្រូចឆ្មារ ដាំកូនដើមសណ្ដាន់ជាង ១ម៉ឺនដើម នៅលើផ្ទៃដីប្រមាណ ១០០ហិកតា។ បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ការដាំកូនដើមសណ្ដាន់ជាង ១ម៉ឺនដើមនេះ ដើម្បីស្តារ និងអភិរក្សតំបន់ដីសើម ឲ្យបានប្រសើរឡើងវិញ ដែលជាប្រភពសម្រាប់បង្កើតជម្រកមច្ឆាជាតិ និងជីវចម្រុះ។
លោក ស៊ុំ រ៉ា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកក្រូចឆ្មារ ប្រាប់ពីអត្ថប្រយោជន៍នៃការដាំកូនដើមសណ្ដាន់យ៉ាងដូច្នេះ៖ «សារសំខាន់នៃការដាំកូនសណ្ដាន់នេះ គឺដើម្បីស្ដារព្រៃលិចទឹក និងការពារព្រៃលិចទឹកឡើងវិញ ដែលផ្ដល់ជាជម្រកដល់មច្ឆាជាតិ។ ដើមសណ្ដាន់នេះ ក៏អាចផ្ដល់ទន្និផលដល់ពលរដ្ឋ តាមរយៈស្លឹក, ត្រួយ និងផ្លែផងដែរ»។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ លោក ស៊ុំ រ៉ា ឲ្យដឹងថា ដើមសណ្ដាន់ជាង ១ម៉ឺនដើម ដែលបានដាំលើផ្ទៃដីប្រមាណ ១០០ហិកតានេះ មានកម្ពស់ពី ៣-៧តឹក និងមានអាយុពី៥ខែ ទៅ១ឆ្នាំ។ ទាក់ទងនឹងការអាស្រ័យផលវិញ រយៈពេល ២ឆ្នាំ ស្លឹកសណ្ដាន់ នឹងអាចប្រមូលផលដល់ប្រជាពលរដ្ឋក្នុងតំបន់នោះ។ ចំណែកផ្លែសណ្ដាន់វិញ រយៈពេល៤ឆ្នាំ ទើបអាចប្រមូលផលបាន។ ទោះសណ្ដាន់មានអត្ថប្រយោជន៍ច្រើន ប៉ុន្តែលោក ស៊ុំ រ៉ា អះអាងថាការបណ្ដុះកូនសណ្ដាន់មានផលលំបាក និងលំបាកក្នុងការស្វែងរកគ្រាប់ជាដើម។
បើតាមលោក ស៊ុំ រ៉ា កូនសណ្ដាន់ជាង ១ម៉ឺនដើមនេះ ជាការសាកល្បងដាំ ដែលផែនការដាំកូនសណ្ដាន់នេះ នឹងបន្តដាំរហូតដល់ ១០ម៉ឺនដើម នៅក្នុងភូមិសាស្ត្រស្រុកក្រូចឆ្មារ។ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកក្រូចឆ្មារ អំពាវនាវដល់ពលរដ្ឋដទៃនៅតាមតំបន់ផ្សេងៗ ចូលរួមដាំ និងអភិរក្ស ដើមសណ្ដាន់ឲ្យបានច្រើន ដើម្បីជាប្រយោជន៍ក្នុងការរក្សាមច្ឆាជាតិ៕
Tag:
ដាំដើមឈើ
សណ្ដាន់
មច្ឆា
ជីវចម្រុះ
© រក្សាសិទ្ធិដោយ thmeythmey.com