COVID-19
អន្តរជាតិ
ប្រជាជន​ឥណ្ឌូណេស៊ី នាំគ្នា​អាំង​ថ្ងៃ​ដោយ​សង្ឃឹមថា​ជួយ​ការពារ COVID-19
30, Apr 2020 , 11:29 pm        
រូបភាព
ប្រជាជនឥណ្ឌូណេស៊ីអង្គុយអាំងថ្ងៃក្នុងកោះជ្វាខាងលិច ដោយជឿថា ពន្លឹព្រះអាទិត្យអាចពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងCOVID-19 (AFP)
ប្រជាជនឥណ្ឌូណេស៊ីអង្គុយអាំងថ្ងៃក្នុងកោះជ្វាខាងលិច ដោយជឿថា ពន្លឹព្រះអាទិត្យអាចពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងCOVID-19 (AFP)
ដោយ:
​ពលរដ្ឋ​ឥណ្ឌូណេស៊ី​ទាំងចាស់ទាំងក្មេង បាននាំគ្នា​សំដិល​ថ្ងៃ ដោយ​សង្ឃឹមថា ពន្លឺព្រះអាទិត្យ នឹង​ជួយ​សម្លាប់​កូ​រ៉ូ​ណា​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ COVID-19​។ យ៉ាងណាមិញ អ្នកជំនាញ​សុខាភិបាល លើកឡើង​ពី​មន្ទិលសង្ស័យ​ទាក់ទិន​ប្រសិទ្ធភាព​នៃ​អនុវត្ត​បែបនេះ​។

 
​ការណ៍​ដែល​ប្រជាជន​ឥណ្ឌូណេស៊ី​ប្រញាប់ប្រញាល់​អនុវត្ត​បែបនេះ កើតឡើង​ក្រោយពី​មានការ​អះអាង​គ្មាន​ប្រភព​ច្បាស់លាស់​មួយ​លើ​បណ្ដាញ​សង្គម ដោយ​បញ្ជាក់ថា ពន្លឺព្រះអាទិត្យ និង​វីតាមីន D ដែល​ផ្ដល់​ឲ្យ​មនុស្ស អាចជួយ​ពន្យឺត ឬ​សម្លាប់​វីរុស​ដ៏​កាច​សាហាវ​នេះ​បាន​។​
 
​ជំនឿ​បែបនេះ ក៏ត្រូវ​ជំរុញ​ខ្លាំង​បន្ថែមទៀត​កាលពី​សប្តាហ៍​មុន ពោលគឺ​នៅពេលដែល​មន្ត្រីជាន់ខ្ពស់​សហរដ្ឋអាមេរិក បាន​អះអាងថា ការស្រាវជ្រាវ​ថ្មី បង្ហាញថា ពន្លឺព្រះអាទិត្យ អាច​កម្ទេច​កូ​រ៉ូ​ណាវី​រុស​យ៉ាង​លឿន​រហ័ស​បំផុត​។ ប៉ុន្តែ ការសិក្សា​នេះ ពុំទាន់​ត្រូវបាន​វាយតម្លៃ​ដោយ​ឯករាជ្យ​នៅឡើយ​ទេ ខណៈ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានលើកឡើង​អំពី​ការសិក្សា​នេះ​ដោយមាន​ទំនុកចិត្ត​បំផុត​អំឡុង​សន្និសីទ​ព័ត៌មាន​មួយ​កាលពី​ថ្មីៗ​នេះ​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​៣០ ខែមេសា ស្ត្រី​មេផ្ទះ​អាយុ​២៧​ឆ្នាំ​ម្នាក់ ដែល​រស់នៅ​ទីក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី និយាយថា​៖«​ពីមុនមក ខ្ញុំ​តែងតែ​ចៀសវាង​ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​ដោយផ្ទាល់ ព្រោះ​ខ្ញុំ​មិន​ចង់​មាន​ស្បែក​ខ្មៅ​។ ក៏ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា វា​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់ខ្ញុំ​»​។ 
 
​យ៉ាងណាមិញ ក្រុម​វេជ្ជសាស្ត្រ​លើកឡើង​ពី​មន្ទិលសង្ស័យ​ទាក់ទិន​បញ្ហា​នេះ ប៉ុន្តែ​ទទួលស្គាល់ថា ការ​ត្រូវ​ពន្លឺព្រះអាទិត្យ​នាពេល​ព្រឹក​រយៈពេល​១៥​នាទី អាចមាន​ផល​ល្អ​សម្រាប់​សុខភាព​មនុស្ស​។ ត្រង់ចំណុច​នេះ លោក​វេជ្ជបណ្ឌិត Dirga Sakti Rambe នៅ​មន្ទីរពេទ្យ​មួយ​នៃ​រដ្ឋធានី​ហ្សា​ការ​តា បកស្រាយ​ថា​៖«​ការ​សំដិល​ខ្លួនប្រាណ​ដោយផ្ទាល់​ក្រោម​ពន្លឺព្រះអាទិត្យ គឺ​ល្អ​សម្រាប់​ទទួលបាន​វីតាមីន D តែ​ពុំមែន​ជាការ​បង្កា​ជំងឺ COVID-19 ឡើយ​»​។​
 
​បើតាម AFP លោកគ្រូ​ពេទ្យ​រូបនេះ បញ្ជាក់ទៀតថា វីតាមីន D ដែល​ទទួល​បានមកពី​សាច់​ត្រី ស៊ុត ទឹកដោះគោ និង​ការ​សំដិល​ខ្លួនប្រាណ​ក្រោម​ពន្លឺព្រះអាទិត្យ គឺមាន​សារសំខាន់​ក្នុង​ការរក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឲ្យ​មាន​សុខ​ភាពល្អ​។ ក៏ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា​៖«​ការ​ដេក​សំដិល​ថ្ងៃ​បែបនេះ ពុំ​សម្លាប់​វីរុស​ដែល​បង្ក​ទៅជា​ជំងឺ​COVID-19​នោះឡើយ​»​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ប្រទេស ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​COVID-19​សរុប ៩៧៧១​ករណី​ក្នុងនោះ​ជាសះស្បើយ​មាន​១៣៩១​នាក់​។ អ្នកស្លាប់​ដោយសារ​ជំងឺ​នេះ​មាន​រហូតដល់​៧៨៤​នាក់​។ នេះ​បើតាម​វេ​ប​សាយ worldometers.info ដែល​តាមដាន COVID-19 នៅ​ទូទាំង​ពិភពលោក​៕ 

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com