នៅថ្ងៃទី២៩ ខែមេសា លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកនិយាយថា អាមេរិកមានចំនួនអ្នកឆ្លងCOVID-19 ច្រើនជាង១លានករណីដោយសារតែការធ្វើតេស្តល្អជាងប្រទេសផ្សេងៗក្នុងពិភពលោក។
«ហេតុផលតែមួយគត់ដែលអាមេរិកមានចំនួនអ្នកឆ្លងលើសពី១លាននាក់ ដោយសារតែការធ្វើតេស្តរបស់យើងល្អជាងប្រទេសផ្សេងៗទៀតក្នុងពិភពលោក»។ នេះជាសំណេររបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅលើបណ្តាញសង្គម Twitter។ លោកបន្ថែមទៀតថា ប្រទេសឯទៀតនៅមានសមត្ថភាពតិចជាងអាមេរិកក្នុងការធ្វើតេស្ត ដូច្នេះហើយទើបឃើញមានករណីឆ្លងតិច។
នៅអាមេរិកគិតត្រឹមថ្ងៃទី២៩ ខែមេសា ចំនួនអ្នកឆ្លងជំងឺCOVID-19មាន ១,០៦៤,៥៧២ករណី ចំណែកឯអ្នកស្លាប់មានចំនួន៦១,៦៦៩នាក់។
បើទោះបីជាប្រធានាធិបតីលើកឡើងបែបនេះក្តី មន្ត្រីសុខាភិបាលសាធារណៈមិនបានយល់ស្របឡើយ ដោយសំអាងថា ការធ្វើតេស្តនៅអាមេរិកនៅមានកម្រិតនៅឡើយ ដោយសារតែខ្វះបុគ្គលិកជំនាញ និងសម្ភារៈធ្វើតេស្ត។
នៅថ្ងៃទី២៨ ខែមេសា នៅពេលសួរដោយអ្នកសារព័ត៌មានថា ពេលណាសហរដ្ឋអាមេរិកអាចធ្វើតេស្តមនុស្ស៥លាននាក់ក្នុងមួយថ្ងៃ លោក ត្រាំ និយាយថា ក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោកក្រឡាស់សំដីថាមិនបាននិយាយទៅវិញ។ ចំណែកឯអ្នកនាំពាក្យសេតវិមានក្នុងសេចក្តីថ្លែការណ៍មួយ បញ្ជាក់ថា ការធ្វើតេស្តនៅអាមេរិកមានចំនួនទ្វេដង បើធៀបជាមួយប្រទេសផ្សេងទៀត។
លោក Brett Giroir រដ្ឋលេខាធិការក្រសួងសុខាភិបាលអាមេរិក និងជាអ្នកទទួលបន្ទុកការធ្វើតេស្ត COVID-19 បានអះអាងក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្ដី TIME ថា គ្មានផ្លូវទេដែលអាមេរិកអាចធ្វើតេស្តមនុស្ស២០លាននាក់ក្នុងមួយថ្ងៃ ហើយក៏មិនអាចធ្វើតេស្តមនុស្ស៥លាននាក់កើតដែរ។ ប៉ុន្តែលោកនិយាយថា អាមេរិកអាចនឹងធ្វើតេស្តមនុស្ស៨ លាននាក់ពេញមួយខែឧសភាខាងមុខ។
ទាក់ទងនឹងការធ្វើតេស្តនេះដែរ លោកវេជ្ជបណ្ទិត Anthony Fauci អ្នកជំនាញជំងឺឆ្លង និងជាប្រធានវិទ្យាស្ថានអាលាក់ស៊ី និងជំងឺឆ្លង និយាយថា អ្នកដែលចង់ធ្វើតេស្តគួរតែអាចធ្វើតេស្តបាននៅចុងខែឧសភា ឫដើមខែមិថុនា។
នៅសហរដ្ឋអាមេរិក តាំងតែពីមានការផ្ទុះជំងឺមក អាជ្ញាធរសុខាភិបាលបានធ្វើតេស្ត COVID-19 ចំនួន៥,៧លានករណី។ ចំណែកឯទិន្ន័យផ្លូវការរបស់សេតវិមាន បង្ហាញថាត្រឹមថ្ងៃទី២៧ មេសា ចំនួនធ្វើតេស្តសរុបមាន៥,១លានករណី និង៣,៣លានករណីគិតត្រឹមថ្ងៃទី១៥ ខែមេសា។
យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Harvard អាមេរិកត្រូវមានសមត្ថភាពធ្វើតេស្តមនុស្សឲ្យបាន៥លាននាក់ក្នុងមួយថ្ងៃត្រឹមដើមខែមិថុនា ដើម្បីឲ្យការបើកប្រទេសមានសុវត្ថិភាព។ មិនតែប៉ុណ្ណោះអាមេរិក ត្រូវមានសមត្ថភាពធ្វើតេស្តមនុស្ស២០លាននាក់ ក្នុងមួយថ្ងៃនៅចុងខែកក្កដា ដើម្បីបើកឲ្យសេដ្ឋកិច្ចមានដំណើរការឡើងវិញ។ ប៉ុន្តែចំនួនតេស្តប៉ុណ្ណេះ នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ការពារសុខភាពសាធារណៈឡើយ៕