COVID-19
ជាតិ
សង្គមជាតិ
សម្តេច​សង្ឃ បួរ គ្រី​៖ កុំ​ភ្លេចខ្លួន​នឹង​កូ​វីដ [​កុំឲ្យដូច​] ពាក្យ​ខ្មែរ​ថា ដល់​កំពង់​លង់​ទូក​
30, Apr 2020 , 5:28 pm        
រូបភាព
សម្តេចសង្ឃ បួរ គ្រី​ មានបន្ទូលក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ព្រះអង្គ មានបន្ទូលថា វា ជា​លើកទីមួយ​សម្រាប់​ព្រះអង្គ ដែល​បាន​យាង​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។
សម្តេចសង្ឃ បួរ គ្រី​ មានបន្ទូលក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០។ ព្រះអង្គ មានបន្ទូលថា វា ជា​លើកទីមួយ​សម្រាប់​ព្រះអង្គ ដែល​បាន​យាង​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។
ដោយ: ថ្មីៗ
​សម្តេចព្រះ​អភិ​សិរី​សុគន្ធា បួរ គ្រី សម្តេចព្រះ​មហាសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ បង្ហាញ​ព្រះ​ហទ័យ​ត្រេកអរ​ជាមួយ​ព្រះសង្ឃ​និង​ប្រជាជន​ទូទៅ ចំពោះ​ការ​ធូរស្បើយ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា​។ យ៉ាងណា ព្រះអង្គ នៅតែ​ក្រើនរម្លឹក​ព្រះសង្ឃ​និង​ប្រជាជន «​កុំ​ឲ្យ​ភ្លេចខ្លួន​» នឹង​ជំងឺ​នេះ​។



​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​បច្ចុប្បន្នភាព​នៃ​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ របស់​សហគមន៍​ព្រះពុទ្ធសាសនា នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​រសៀល​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២០ សម្តេច បួរ គ្រី ដែលជា​ថ្នាក់ដឹកនាំ​ខ្ពស់បំផុត​ផ្នែក​ធម្មយុត្តិកនិកាយ ជំរុញ​ឲ្យ​ព្រះសង្ឃ​និង​ប្រជាជន បន្ត​រក្សា​អនាម័យ​និង​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​-១៩ ដ្បិត​កម្ពុជា មិនទាន់​ប្រកាស​បញ្ចប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ​នៅឡើយ​ទេ​។ 
 
​សម្តេចព្រះសង្ឃរាជ​នៃ​គណៈធម្មយុត្តិកនិកាយ ប្រាប់​ឲ្យ​ប្រយ័ត្ន កុំ​ឲ្យ​ដូច​សុភាសិត​ខ្មែរ ដែល​ពោលថា «​ដល់​កំពង់​លង់​ទូក​» ដោយ​ព្រះអង្គ ចង់​មានន័យថា បើ​ប្រជាជន ប្រមាទ​នឹង​ជំងឺ​កូ​វីដ​-១៩ ព្រោះតែ​ឃើញ​ស្ថានភាព​ធូរស្បើយ វា អាច​នឹង​បង្ក​ហានិភ័យ​។ ព្រះអង្គ ទ្រង់​ប្រទាន​ឱវាទ​ថា​៖«​យើង ប្រយ័ត្ន​ឲ្យ​មែនទែន ជិត​ដល់​កំពង់​ហើយ ងើប​ព្រូ​ឡើង ទូក វា ឃ្លោង​។ អ៊ីចឹង នៅ​ឲ្យ​នឹង​សិន ឲ្យ​ទូក​ដល់​ច្រាំង ហើយ​ចាំ​យើង​ឡើង​ទាំងអស់គ្នា​»​។​
 
​ព្រះអង្គ បន្តថា ព្រះអង្គ បាន​ណែនាំ​ឲ្យ​ព្រះសង្ឃ​នៃ​គណៈធម្មយុត្តិកនិកាយ​ទៅ​ទូទាំងប្រទេស​ចូលរួម​អនុវត្តតាម​វិធានការ​របស់​រដ្ឋាភិបាល​និង​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ ព្រះអង្គ មាន​ព្រះបន្ទូល​ថា​៖«​យើង ដើរ​តាម​ថ្នាក់ដឹកនាំ មិន​ឲ្យ​ចេញពីផ្ទះ មិន​ឲ្យ​ចេញពី​វត្ត យើង មិន​ចេញ​...​យើង មិន​ហ៊ាន​ធ្វើ​ឲ្យ​ខុស​ទេ​...​។ គណៈ​ធម្មយុត្តិ បានចូលរួម​១០០​ភាគ [​ជាមួយ​រដ្ឋា​ភិបាល​]...»​។​ ​

កន្លងមក សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានពញ្ញាក់ស្មារតីប្រជាជន ឲ្យបន្តប្រុងប្រយ័ត្ននឹងជំងឺកូវីដ-១៩ ដែរ ហើយមិនត្រូវធ្វេសប្រហែស ដោយសារតែស្ថានភាពជំងឺនេះ​ ធូរស្រាលឡើយ។

ក្នុងចំណោមអ្នកឆ្លងជំងឺកូវីដ-១៩ ១២២នាក់ មាន១១៩នាក់ហើយ ដែលបានជាសះស្បើយវិញ។ ជាង២សប្តាហ៍មកនេះ កម្ពុជា មិនមានករណីឆ្លងថ្មីនោះទេ៕ 

Tag:
 COVID-19
  សម្តេច បួរ​ គ្រី
© រក្សាសិទ្ធិដោយ thmeythmey.com