ជាតិ
រថយន្ត
សម្ដេច ស ខេង ៖ អ្នកបើកបរ​គោរព​ច្បាប់​ត្រឹមត្រូវ សមត្ថកិច្ច​នឹងមិន​ឃាត់​សួររក​ឯកសារ​ទេ​
05, May 2020 , 2:23 pm        
រូបភាព
​ភ្នំពេញ​៖ ពលរដ្ឋ​ដែល​បើកបរ​ត្រឹមត្រូវ នឹងមិន​ត្រូវ​ឃាត់​សួររក​ឯកសារ​នោះទេ​។ សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​បែបនេះ នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​សេចក្ដីព្រាង សេចក្ដីណែនាំ​ស្ដីពី​តួនាទី​ភារកិច្ច និង​របៀប​រប​ការងារ​របស់​រដ្ឋលេខា​ធិ​ការ អនុរដ្ឋលេខាធិការ និង​អគ្គនាយក នៅ​ថ្ងៃទី​៣០ មេសា​។​


 
​សម្ដេច ស ខេង បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ គឺជា​ការ​រឹតបន្តឹង​វិធានការ​មួយ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់លើ​ដងផ្លូវ និង​ធានា​សុខ​សុវត្ថិភាព​ពលរដ្ឋ ពោលគឺ​មិនមែនដាក់បន្ទុក​លើ​ប្រជាពលរដ្ឋនៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ​។​
 
​ឆ្លើយតប​ទស្សនៈ​ប្រតិកម្ម​របស់​ពលរដ្ឋ​ជុំវិញ​វិធានការ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ពន្យល់ថា​៖«​ការពិត​គឺ​មិន​ដូច្នេះ​ទេ ហើយក៏​មិនមែន​មានន័យថា​ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាច​រណ៍​ ដែល​ដឹកនាំនិង​អ្នកអនុវត្ត​ច្បាប់​ចង់បាន​ប្រាក់​ពី​ប្រជាពល​រដ្ឋ​នោះទេ ។ ផ្ទុយទៅវិញ​នេះ​គឺជា​ការថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​»​។​
 
​សម្រាប់​ពលរដ្ឋ​ដែល​អនុវត្ត និង​បើកបរ​គោរព​ច្បាប់​ត្រឹមត្រូវ​នោះ ខាង​សមត្ថកិច្ច​ក៏​មិន​ឃាត់​សួររក​ឯកសារ ដើម្បី​ផាកពិន័យ​ឡើយ​។ សម្ដេច ស ខេង បានបញ្ជាក់លើហ្វេសប៊ុកដូច្នេះ​ថា​៖«​សមត្ថកិច្ច​ នឹងមិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ ​ដែល​ធ្វើដំណើរ​ប្រកបដោយ​ការគោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​។ បងប្អូន​អ្នក​(បើកបរ)ត្រឹមត្រូវ​ គឺអាច​ធ្វើដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បានធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា ទើប​សមត្ថកិច្ច​ឃាត់​មិនឱ្យ​ធ្វើដំណើរ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ »​។ 
 
​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​លើកឡើង​ពី​បញ្ហា​ចរាចរណ៍​នេះ នៅលើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដែរ​។ សម្ដេច ហ៊ុន សែន បាន​ស្នើឱ្យ​ពលរដ្ឋ​អនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ ក្នុងពេលដែល​សមត្ថកិច្ច​ កំពុង​រឹតបន្តឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នេះ​។ «បើ​ដល់​(​ពេល​ឆៀករថយន្ត​)​ហើយ​ ត្រូវ​យកទៅ​ឆៀក​ឱ្យបាន​ទាន់ពេល ចៀសវាង​ការផាកពិន័យ ​ក្នុងពេល​បើកបរ​។ ព្រោះ​តម្រូវការ​ឆៀក​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​រថយន្ត​រប​ស់បង​ប្អូន​ ក្នុងពេល​បើកបរ​មិន​បង្ក​គ្រោះថ្នាក់​ផ្សេងៗ និង​បង្ក​ការបំពុល​បរិស្ថាន​ជាដើម​។​
 
​ប្រមុខ​រដ្ឋាភិបាល ក៏​ស្នើឱ្យ​ពលរដ្ឋ​ធ្វើ​បណ្ណ​បើកបរ និង​យកតាម​ខ្លួន​ជានិច្ច ដើម្បី​បញ្ចៀស​ការផាកពិន័យ​។​«​ទន្ទឹមនឹង​នេះដែរ បងប្អូន​ត្រូវមាន​ប័ណ្ណបើកបរ​ជាប់​នឹង​ខ្លួន​គ្រប់ពេល ​ក្នុងពេល​បើកបរ​។ ប្រសិនបើ​ប័ណ្ណបើកបរ​ផុតកំណត់ គឺ​ត្រូវ​បន្ត​សុពលភាព​ឡើងវិញ​។ ហាម​ដាច់ខាត ​បញ្ជា​យានយន្ត​នៅលើ​ដងផ្លូវ​ដោយ​គ្មាន​ប័ណ្ណបើកបរ ឬ​ប័ណ្ណបើកបរ​ផុតកំណត់​ដោយ​មិនបាន​បន្ត​ឱ្យបាន​ត្រឹមត្រូវ​តាមច្បាប់ ដែល​អាច​ប្រឈម​នឹង​ការផាកពិន័យ​ធ្ងន់​»​។ នេះ​ជាការ​អំពាវនាវ​របស់​សម្ដេច ហ៊ុន សែន​។​
 
​ឆ្នាំ​២០២០​នេះ ជា​ឆ្នាំ​បង្កើន​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ​ជាង​បណ្ដា​ឆ្នាំ​ណាៗ​ទាំងអស់ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាពិសេស​រក្សា​សេចក្ដីសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ដល់​ប្រជាពលរដ្ឋ​។ នេះ​ជា​យន្តការ​របស់​រដ្ឋាភិបាល​៕

Tag:
 ចរាចរណ៍​
  ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com