COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រធានគ្រូពេទ្យ FIFA មិនចង់ឲ្យចាប់ផ្តើមលីគបាល់ទាត់វិញទេ ព្រោះបារម្ភរលក COVID-19 ទីពីរ លោក Michel D_Hooghe ប្រធានវិជ្ជសាស្ត្ររបស់ FIFA
× លោក Michel D'Hooghe ប្រធានផ្នែកវេជ្ជសាស្ត្ររបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) យល់ឃើញថា មិនគួរឲ្យមានការចាប់ផ្តើមការប្រកួតកីឡាបាល់ទាត់ឡើងវិញនោះទេ ពោលរហូតដល់រដូវកាលក្រោយតែម្តង។ ការយល់ឃើញបែបនេះ ដ្បិតលោក D'Hooghe មានការព្រួយបារម្ភអំពី «រលកទីពីរ» នៃជំងឺ COVID-19។
លីគកីឡាបាល់ទាត់បារាំង Ligue 1 និង Ligue 2 បានសម្រេចលុបចោលហើយ បន្ទាប់ពីនាយករដ្ឋមន្ត្រីបារាំងលោក Edouard Philippe ហាមរាល់ព្រឹត្តិការណ៍កីឡាទាំងអស់ក្នុងប្រទេសរហូតដល់ខែកញ្ញា។
Eredivisie លីគកំពូលហូឡង់ និងលីគកំពូលអាហ្សង់ទីន Copa Superliga ក៏ត្រូវបានលុបចោលផងដែរ ប៉ុន្តែលីគក្នុងប្រទេសអឺរ៉ុបមួយចំនួនដូចជាអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ និងអ៊ីតាលីកំពុងស្ថិតក្នុងការពិចារណានៅឡើយ។
ដោយសារជំងឺ COVID-19 ជាជំងឺដែលងាយឆ្លងលឿនបំផុតមិនធ្លាប់មាន លោក D'Hooghe ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ FIFA បានបង្ហាញការព្រួយបារម្ភចំពោះសុខភាពកីឡាករនិងអ្នកពាក់ព័ន្ធប្រសិនបើកីឡាបាល់ទាត់អាចចាប់ផ្តើមឡើងវិញអំឡុងពេលនេះ។
លោកវេជ្ជបណ្ឌិតសញ្ជាតិបែលហ្ស៊ិករូបនេះបានប្រាប់កាសែត Daily Telegraph ថា៖«យើងទាំងអស់គ្នាត្រូវសម្រេចចិត្តឲ្យបានត្រឹមត្រូវបំផុត។ វាសាមញ្ញណាស់ កីឡាបាល់ទាត់នៅពេលនេះ មិនមែនជារឿងសំខាន់បំផុតក្នុងជីវិតនោះទេ។ ខ្ញុំសប្បាយចិត្ត ប្រសិនបើយើងអាចចាប់ផ្តើមរដូវកាលថ្មីហើយរំសាយការប្រកួតរដូវកាលនេះតែម្តង»។
លោក D'Hooghe ពិតជាព្រួយបារម្មណ៍ខ្លាំងអំពី រលកទីពីរ (ការឆ្លងលើកទីពីរ) នៃជំងឺ COVID-19 ដែលវាអាចកើតឡើងជាថ្មីបានប្រសិនបើមានការធ្វេសប្រហែស ខណៈពេលជំងឺឆ្លងសកលមួយនេះកំពុងថមថយឥទ្ធិពល។
«អ្នករាល់គ្នាមានការប្រុងប្រយ័ត្នណាស់នៅពេលនេះ។ ខ្ញុំបានដឹងថាមានប្រទេសជាច្រើនកំពុងគិតអំពីការចាប់ផ្តើមលេងបាល់ទាត់ឡើងវិញទោះមានការរឹតត្បិតមិនឲ្យមានអ្នកគាំទ្រចូលក្តី។ ប៉ុន្តែក្នុងកាលៈទេសៈនេះគួរមានការប្រុងប្រយ័ត្នបន្ថែម»។ នេះជាការបន្ថែមរបស់លោក D'Hooghe ៕
Tag:
FIFA Michel D\'Hooghe
ជំងឺ COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com