COVID-19
អន្តរជាតិ
នាយករដ្ឋមន្ត្រី​រុស្ស៊ី ឆ្លង COVID-19 ហើយ​ចុះ​ចេញពី​តំណែង​បណ្ដោះអាសន្ន​ដើម្បី​ព្យាបាល​
01, May 2020 , 10:01 am        
រូបភាព
នាយករដ្ឋមន្រ្តីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទូន ។ រូបភាព AFP
នាយករដ្ឋមន្រ្តីរុស្ស៊ី មីខាអ៊ីល មីហ៊ូស្ទូន ។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក មី​ខា​អ៊ី​ល មី​ហ៊ូ​ស្ទី​ន (Mikhail Mishustin) បានប្រកាស​នៅ​ថ្ងៃទី​៣០ ខែមេសា​ថា លោក​បាន​ឆ្លង​ជំងឺ COVID-19 ហើយនឹង​លាលែង​ពី​តំណែង​បណ្ដោះអាសន្ន​សិន​ដើម្បី​ព្យាបាល​ជំងឺ​នេះ​។ លោក មី​ហ៊ូ​ស្ទី​ន ជា​មន្ត្រីជាន់ខ្ពស់​រុស្ស៊ី​ដំបូង​គេ​ដែល​ប្រកាស​ពី​ការឆ្លង​ជំងឺ​នេះ និង​ស្ថិត​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ដែល​ឆ្លង​កូ​រ៉ូ​ណា​វីរុស​ផងដែរ​។ ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​ព្រមាន​ថា មន្ត្រី​ឯទៀត​ក៏​ប្រឈមមុខ​នឹង​ការឆ្លង​ដូច​លោក មី​ហ៊ូ​ស្ទី​ន ។​

 
«​ខ្ញុំ​រកឃើញថា ការធ្វើ​តេស្តរ​កកូ​រ៉ូ​ណា​វីរុស​មាន​លទ្ធផល​វិជ្ជមាន​។​» នាយករដ្ឋមន្ត្រី​រុស្ស៊ី មី​ខា​អ៊ី​ល មី​ហ៊ូ​ស្ទី​ន ប្រាប់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បែបនេះ​ក្នុងជំនួប​តាម​ប្រព័ន្ធ Videoconference នៅ​ថ្ងៃទី​៣០ ខែមេសា​។ លោក មី​ហ៊ូ​ស្ទី​ន ក៏​ប្រកាស​លាលែង​ពី​តំណែង​បណ្ដោះអាសន្ន​សិន ដើម្បី​ព្យាបាល​ជំងឺ​តាម​ការណែនាំ​របស់​គ្រូពេទ្យ និង​ដើម្បី​សុវត្ថិភាព​សហការី​រប​ស់លោក​។​
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក មី​ហ៊ូ​ស្ទី​ន បានស្នើ​យក​ឧបនាយករដ្ឋមន្ត្រី​ទីមួយ លោក អាន់​ដ្រេ បេ​លូ​សូវ (Andrei Belousov) ឲ្យ​កាន់​ការងារ​ជំនួស​លោក​សិន​។ លោក ពូ​ទីន បាន​យល់ព្រម​តាម​សំណើ​នេះ និង​បានចេញ​ក្រឹត្យ​បន្ទាន់​មួយ​តែងតាំង​លោក បេ​លូ​សូវ ឲ្យ​ដឹកនាំ​ការងារ​រដ្ឋាភិបាលបណ្ដោះអាសន្ន​។ ទោះ​សម្រាក​ព្យាបាល​ជំងឺ​ក្ដី លោក មី​ហ៊ូ​ស្ទី​ន បញ្ជាក់ថា លោក​បន្ត​តាមដាន​ការងារ​រដ្ឋាភិបាល និង​ទាក់ទង​មន្ត្រី​នានា​ដដែល​។​
 
​លោក មី​ហ៊ូ​ស្ទី​ន ដែល​ត្រូវបាន​លោក ពូ​ទីន តែងតាំង​នាយករដ្ឋមន្ត្រី​កាលពី​ខែមករា ជា​មន្ត្រីជាន់ខ្ពស់​ផ្នែក​ការឆ្លើយតប​នឹង​ជំងឺ COVID-19 ហើយក៏​ជាម​ន្ត្រី​ថ្នាក់​កំពូល​ដំបូង​គេ​ដែល​ប្រកាស​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដែល​កើត​លើ​រូបលោក​ដែរ​។ នៅពេល​ប្រកាស​ពី​ស្ថានភាព​សុខភាព​ខ្លួនឯង​នោះ ចំនួន​អ្នក​ឆ្លង COVID-19 នៅ​រុស្ស៊ី​កើន​លើស​មួយ​សែន​នាក់​ទៅហើយ​ដែរ​។​
 
​លោក​ប្រធានាធិបតី ពូ​ទីន វិញ បាន​អះអាងថា ការសម្រេចចិត្ត​សំខាន់ៗ នឹងត្រូវ​ការ​យោបល់​លោក មី​ហ៊ូ​ស្ទី​ន ដដែល​អំឡុង​ពេលនេះ​។ លោក​បាន​ជូនពរ​មន្ត្រី​កំពូល​របស់ខ្លួន​ឲ្យ​ឆាប់​សះស្បើយ និង​ប្រាប់​ឲ្យ​លោក មី​ហ៊ូ​ស្ទី​ន ហៅ​ទូរ​សព្ទ​ទៅ​លោក​ពេលទៅដល់​មន្ទីរពេទ្យ​ទៀតផង​។ ប៉ុន្តែ​មេដឹកនាំ​រុស្ស៊ី​រូបនេះ ក៏​ឆ្លៀត​ព្រមាន​ក្រុមមន្ត្រី​ឯទៀត​ថា ជំងឺ COVID-19 អាច​ឆ្លង​លើ​មនុស្ស​គ្នា​ទាំងអស់​៕

Tag:
 ​រុស្ស៊ី​
  COVID-19
  Mikhail Mishustin
© រក្សាសិទ្ធិដោយ thmeythmey.com