COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
PSG ក្លាយជា​ម្ចាស់​ពាន ក្រោយ​រំសាយ​លី​គ តែ Lyon និង Toulouse មិន​សុខចិត្ត​
01, May 2020 , 11:54 am        
រូបភាព
​ក្រុម​ការពារ​ជើងឯក Paris Saint-Germain ត្រូវបាន​ប្រកាស​ឲ្យ​ក្លាយជា​ម្ចាស់​ពានរង្វាន់ Ligue 1 រដូវ​កាល​នេះ បន្ទាប់ពី​លី​គ​កីឡាបាល់ទាត់​កំពូល​បារាំង​សម្រេច​រំសាយ​ចោល ដោយសារ​វិបត្តិ​ជំងឺ COVID-19​។ ការសម្រេច​នេះ​ធ្វើ​ឲ្យ​ក្រុម​មួយចំនួន​ខកចិត្ត ដ្បិត​ត្រូវ​កាត់ចោល និង​ខ្លះ​មិនបាន​លេង​ក្របខណ្ឌ​អឺរ៉ុប ហើយ​ពួកគេ​ពិចារណា​ដោះស្រាយ​ផ្លូវច្បាប់​។​


 
​លី​គ​កីឡាបាល់ទាត់​អាជីព​បារាំង (LFP) បាន​និយាយថា​រដូវ​កាល ២០១៩-២០ នៃ​ក្របខណ្ឌ Ligue 1 និង Ligue 2 ត្រូវ​បញ្ចប់ ក្រោយ នាយករដ្ឋមន្ត្រី​បារាំង លោក Edouard Philippe បានប្រកាស​ពី​ផែនការ​ដើម្បី​ការពារ​ជំងឺឆ្លង COVID-19 ដោយ​បិទ​ប្រទេស​រហូតដល់​ថ្ងៃទី​១១ ខែឧសភា​។​
 
PSG បាន​នាំមុខគេ​ក្នុង​តារាង Ligue 1 ដោយមាន​១២​ពិន្ទុ​លើស​ក្រុម​លេខ​២ Marseille មុនពេល​ត្រូវ​ផ្អាក​ការប្រកួត​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​ទី​១៣ ខែមីនា ដោយសារ​ការផ្ទុះ​ឡើង​ជំងឺ COVID-19 ដែល​បានសម្លាប់​មនុស្ស​ជាង ២៤០០០ នាក់​នៅក្នុង​ប្រទេស​បារាំង​។​
 
​បន្ទាប់ពី​សម្រេច​បញ្ជ​ប់​លី​គ​ត្រឹម​ពាក់​កណ្តាលផ្លូវ លោក Nathalie Boy de la Tour ប្រធាន LFP បានផ្តល់​ពាន​ទៅ​ឲ្យ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​គឺ PSG ខណៈ​ពីរ​ក្រុម​ដែល​ត្រូវ​កាត់ចោល​ទៅ​លី​គ​បន្ទាប់​មាន Amiens និង Toulouse​។​
 
«​មិនមាន​ភាពស្រពេចស្រពិល​អំពី​សេចក្តីប្រកាស​នេះ​ទេ​។ យើង​ចាំបាច់​ត្រូវ​សម្រេចចិត្ត​ចុងក្រោយ​អំពី​រដូវ​កាល​នេះ​។ យើង​សម្រេច​ថា​រដូវ​កាល ២០១៩-២០ បាន​ចប់​ហើយ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក Nathalie Boy de la Tour​។​
 
Ligue 1 បារាំង បានក្លាយ​ជាលី​គ​កីឡាបាល់ទាត់​ធំជាងគេ​នៅ​អ៊ឺរ៉ុប​ដែល​បញ្ចប់​រដូវ​កាល​របស់ខ្លួន​ទាំង​ពាក់​កណ្តាលផ្លូវ ខណៈ​កំពូល​ធំៗ​នៅ​ប្រទេសជិតខាង​ដូចជា​អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី និង​អេ​ស្ប៉ា​ញ​កំពុង​ពិចារណា​ត្រឡប់​ទៅរក​ការប្រកួត​វិញ ដើម្បី​បញ្ចប់​លី​គ​ឲ្យ​បាន​ពេញលេញ​។​
 
​យ៉ាងណាក៏ដោយ ក្រោយ LFP ស​ម្រ​ច​ផ្តល់​ពាន និង​កាត់ចោល​ក្រុម ក្រុម​មួយចំនួន​មិន​ពេញចិត្ត​នោះឡើយ​។ Lyon ដែល​ឈរ​ចំណាត់ថ្នាក់​ទី​៧ ត្រូវអស់​ឱកាស​លេង Champions League រដូវ​កាល​ក្រោយ ហើយ​ក្រុម​នេះ​មិន​សុខចិត្ត​នោះឡើយ​ដោយ​ពិចារណា​ដើម្បី​ប្តឹង​ឧ​ទ្ធ​ណ៍​ជុំវិញ​ការសម្រេច​នេះ​។ ដោយឡែក Toulouse ដែល​ត្រូវ​ធ្លាក់​ទៅ​លី​គ​ទី​ពីរ Ligue 2 ក៏​គ្រោង​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​តាមច្បាប់​ផងដែរ​។​
 
Lorient ក៏បាន​ប្រកាស​ជា​ជើងឯក Ligue 2 ផងដែរ ហើយ​ក្រុម​នេះ​និង Lens ដែល​ឈរ​លេខ​២​ក្នុង​តារាង ត្រូវ​ឡើងទៅ​លេង​នៅ Ligue 1 វិញ​នៅ​រដូវ​កាល​ក្រោយ​៕

Tag:
 Ligue 1
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com