COVID-19
អន្តរជាតិ
ប្រមុខ UN សរសើរ​កូរ៉េខាងត្បូង​ថា ជា​គំរូ​សម្រាប់​ប្រទេស​ដទៃ​
01, May 2020 , 1:07 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
 ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) បាន​សរសើរ​កូរ៉េខាងត្បូង​ថា អាច​ប្រយុទ្ធ​នឹង​ជំងឺ​រលាក​សួត​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) ហើយ​អាច​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​បាន​ក្នុងពេល​តែមួយ​។​។ សម្រាប់​លោក ហ្គូ​តេ​រ៉េ​ស នេះ​គឹជា​គំរូ​ល្អ សម្រាប់​ប្រទេស​ដទៃទៀត​ដែល​គួរ​យកតម្រាប់​តាម​។

​បន្ទាប់ពី​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា ខ្លួន​មិនមាន​ករណី​ឆ្លង​នៅក្នុង​ស្រុក​លើកដំបូង អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស នៅ​ថ្ងៃទី​៣០ ខែមេសា បាន​លើកឡើងថា កូរ៉េខាងត្បូង បាន​ទប់ស្កាត់ COVID-19 យ៉ាង​ជោគជ័យ​។​
 
​អ្វីដែល​លោក ហ្គូ​តេ​រ៉េ​ស ស្ងើចសរសើរ​នោះ គឺ​កូរ៉េខាងត្បូង មិនអាច​អាច​ទប់ស្កាត់​ជំងឺ COVID-19 ឡើយ តែ​អាច​ដាក់ចេញ​ផែនការ​ដែល​ជួយ​ដល់​ការដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ផងដែរ​។ លោក​បញ្ជាក់ថា ការលុបបំបាត់ COVID-19 ដោយ​ប្រើ​ផែនការ​ដែល​ល្អ​សម្រាប់​បរិស្ថាន​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ឡើងវិញ គឺជា​គំរូ​សម្រាប់​ប្រទេស​ផ្សេងទៀត​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហ្គូ​តេ​រ៉េ​ស បាន​អះអាង​យ៉ាង​ដូច្នេះ​៖«​យើង​សង្ឃឹមថា នេះ​គឺជា​ឧទាហរណ៍​របស់​កូរ៉េខាងត្បូង សម្រាប់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក​យក​គំរូ​តាម​»​។ ក្នុងន័យនេះ លោក​ប្រមុខ UN ជំរុញ​ឲ្យ​ប្រទេស​ទាំងអស់ យក​គំរូ​តាម​កូរ៉េខាងត្បូង​ក្នុងការ​ទប់ស្កាត់ COVID-19 ក៏ដូចជា មាន​ចំណាត់ការ​ត្រឹមត្រូវ​ក្នុងការ​ប្រយុទ្ធ​ជាមួយ​បម្រែបម្រួល​អាកាសធាតុ​។ 
 
​តាមរយៈ​ផែនការ​ប្រឆាំង​ដោះស្រាយ​សេដ្ឋកិច្ច កូរ៉េខាងត្បូង​បាន​ហាមឃាត់​រោងចក្រ​ដំណើរការ​ដោយ​ធ្យូងថ្ម​ថ្មី និង​ការកាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ចេញពី​រោងចក្រ​ធ្យូងថ្ម​ចាស់ៗ​ជាដើម ដែល​នេះ​ជា​វិធាន​ការល្អ​មួយ​សម្រាប់​បរិស្ថាន​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។ 
 
​កន្លងមក​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល បានទទួល​ការសរសើរ​យ៉ាងខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ ក៏ដូចជា​អង្គការ​សុខភាព​ពិភពលោក ក្នុងការ​ទប់ស្កាត់ COVID-19 និង​មាន​ចំណាត់ការ​ច្បាស់លាស់​នៅ​ចំពោះមុខ​ជំងឺឆ្លង​សកល​មួយ​នេះ​។ 
 
​សូមបញ្ជាក់ថា ក្នុង​ថ្ងៃទី​១ ខែឧសភា មជ្ឈមណ្ឌល​ទប់ស្កាត់ និង​បង្ការ​ជំងឺឆ្លង​កូរ៉េខាងត្បូង (KCDC) បាន​រាយការណ៍ មាន ៩​ករណី​ឆ្លង​ថ្មី​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង ក្នុងនោះ​៨​ករណី គឺ​នាំចូល​មកពី​បរទេស​។ តួលេខ​សរុប​របស់​កូរ៉េខាងត្បូង​មាន​ចំនួន ១០៧៧៤ ករណី អ្នកស្លាប់​ចំនួន ២៤៨​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន ៩០៧២​នាក់​៕ 

Tag:
 កូរ៉េខាងត្បូង​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com