COVID-19
អន្តរជាតិ
អាល្លឺម៉ង់​បន្ធូរ​ការ​រឹតបន្តឹង តែ​អ្នកស្រី មឺ​ហ្គែ​ល ព្រមាន​ពី​ការផ្ទុះ COVID-19 ជាថ្មី បើ​ប្រជាជន​មិន​ប្រយ័ត្ន​
01, May 2020 , 3:32 pm        
រូបភាព
ដោយ:
​អាល្លឺម៉ង នឹង​ប​ន្ទូ​រ​បន្ថយ​ការ​រឹតបន្តឹង​វិធានការ​ដើម្បី​បង្ការ​ជំងឺ COVID-19 ដោយ​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ​នូវ​កន្លែង​កំសាន្ត សារមន្ទីរ វិហារ​សាសនា ក៏ដូចជា​ហាង​លក់ទំនិញ​តូចៗ​ចាប់ពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយ​ទៅ រីឯ​ការបើក​សាលារៀន និង​ព្រឹត្តិការណ៍​កីឡា​នានា​នឹង​សម្រេច​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​

 
​ចាប់​តាំងតែ​ពី​ពាក់កណ្តាល​ខែមីនា​មក អាល្លឺម៉ង​បានដាក់​ចេញ​វិធានការ​រឹតត្បិត​យ៉ាង​តឹងតែង​បំផុត​ដើម្បី​ទប់ស្កាត់​ការឆ្លង​ជំងឺ COVID-19 ។ ការ​រឹតត្បិត រួមផ្សំ​ជាមួយ​ប្រ​ព័​ន្ទ​សុខាភិបាល​ល្អ និង​ការធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំ មួយផ្នែក​ធ្វើ​ឲ្យ​អាល្លឺម៉ង់​អាច​ទប់​ទល់នឹង​ជំងឺ​COVID-19 ប្រសើរ​ជាង​ប្រទេស​ផ្សេង​ដូចជា​អាមេរិក អង់គ្លេស និង​អ៊ីតាលី​។​
 
​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​ក៏​ចាប់ផ្ដើម​បណ្ដើរៗ​។ ក្នុងការ​បន្ធូរ​ការ​រឹតបន្តឹង​ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៤ ខែឧសភា  រដ្ឋ​ទាំង​១៦ របស់​អាល្លឺម៉ង់ កំពុង​រៀបចំ​ផែន​ការបើក​រង្គសាល និង​ភោជនីយដ្ឋាន​ឡើងវិញ ក៏ដូចជា​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​កីឡា​មួយចំនួន​។ យ៉ាងណាមិញ  ការពាក់​ម៉ាស​នៅពេល​ទិញ​ទំនិញ និង​កន្លែង​ធ្វើដំណើរ​សាធារណៈ ក៏ដូចជា​ការរក្សា​គម្លាត​១,៥​ម៉ែត្រ​ពីគ្នា នឹងត្រូវ​បន្ត​អនុវត្ត​រហូតដល់​ថ្ងៃទី​១០ ខែឧសភា​។ 
 
​ប៉ុន្តែ​សកម្មភាព​កីឡា និង​ការប្រមូលផ្ដុំ​មនុស្ស​ច្រើន អាច​នឹងត្រូវ​រង់ចាំ​សិន​។ អ្នកស្រី អែន​ជែ​ឡា មឺ​ហ្គែ​ល អធិការបតី​អាល្លឺម៉ង់​និយាយថា សកម្មភាព​ប្រមូលផ្តុំ​ដូចជា​ព្រឹត្តិការណ៍​កីឡា​ទ្រង់ទ្រាយ​ធំ និង​ការប្រគុំ​តន្ត្រី នឹង​មិនអាច​កើតមាន​មុន​ថ្ងៃទី​៣១ ខែសីហា​ឡើយ​។​
 
​អ្នកស្រី មឺ​ហ្គែ​ល ក៏​ព្រមាន​ផងដែ​ថា ហានិភ័យ​នៃ​ការផ្ទុះ​ឆ្លង​ថ្មី​អាច​នឹង​កើតឡើង ប្រសិន​មនុស្ស​គ្រប់គ្នា​លែង​ប្រុងប្រយ័ត្ន និង​ភ្លេច​អនុវត្ត​គម្លាត​សុវត្ថិភាព​។ លោកស្រី​និយាយថា ៖«​យើង​ត្រូវ​ធ្វើការ​ជាមួយគ្នា ដើម្បី​កាត់បន្ថយ​ចំនួន​អ្នក​ឆ្លង​»​។​
 
​ប្រជាជន​អាល្លឺម៉ង់ រំពឹងថា អាច​ត្រឡប់​ទៅ​រស់នៅក្នុង​ស្ថានភាព​ធ​ម្ម​តា​វិញ​ក្នុងអំឡុង​រដូវ​ស្លឹកឈើ​ជ្រុះ ដោយ​រក្សា​ចំនួន​អ្នក​ឆ្លង​ក្រោម ១,៥០០​នាក់​ក្នុង​មួយថ្ងៃ​។ នៅពេល​មានការ​ផ្ទុះ​ឆ្លង​ក្នុង​ខែមេសា អាល្លឺម៉ង់​មាន​ករណី​ឆ្លង​ជា​៦,០០០​នាក់​ក្នុង​មួយថ្ងៃ​ឯណោះ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា អាល្លឺម៉ង់​ជា​ប្រទេស​ដែលមាន​ចំនួន​អ្នក​ឆ្លង​លំដាប់​ទី​៦ ដោយ​ករណី​ឆ្លង​មាន​១៦៣,០០៩ ករណី និង​ស្លាប់​ចំនួន​៦,៦២៣​នាក់​។ ចំនួន​អ្នកស្លាប់​នៅ​អាល្លឺម៉ង់​មាន​ត្រឹមតែ​១​ភាគ​៤ នៃ​ចំនួន​អ្នកស្លាប់​នៅ​បារាំង ឫ​អង់គ្លេស​៕

© រក្សាសិទ្ធិដោយ thmeythmey.com