COVID-19
អន្តរជាតិ
ម៉ាឡេស៊ី បើក​ការរកស៊ី​ភាគច្រើន​ឡើងវិញ​នៅ​សប្ដាហ៍​ក្រោយ តែ​បន្ត​អនុវត្ត​វិធាន​សុខាភិបាល​
01, May 2020 , 8:59 pm        
រូបភាព
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ម៉ូហ៊ីឌីន យ៉ាស៊ីន ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបភាព AFP
នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ម៉ូហ៊ីឌីន យ៉ាស៊ីន ក្នុងសន្និសីទសារព័ត៌មានកន្លងមក។ រូបភាព AFP
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ម៉ូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន បានប្រកាស​បើក​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ទ្រង់ទ្រាយ​ធំ​ឡើងវិញ​ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ បន្ទាប់ពី​បាន​បិទ​អស់​ច្រើន​សប្ដាហ៍​មក​ដើម្បី​ទប់ស្កាត់​ជំងឺ COVID-19 ។ ក្នុង​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​១ ខែឧសភា លោក យ៉ា​ស៊ីន អះអាងថា ការបន្ធូរបន្ថយ​នេះ នឹង​អនុវត្តតាម​គោលការណ៍​សុខាភិបាល​របស់​ម៉ាឡេស៊ី និង​ការណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​។​

 
​បន្ទាប់ពី​បិទ​ប្រទេស​តាំងពី​ខែមីនា​មក​នោះ រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​អនុញ្ញាត​ឲ្យ​ការរកស៊ី​ភាគច្រើន​ចាប់ផ្ដើម​អាជីវកម្ម​របស់ខ្លួន​ឡើងវិញ​។ វិធាន​ការបិទ​ប្រទេស បាន​ទម្លាក់​ករណី​ឆ្លង COVID-19 នៅ​ម៉ាឡេស៊ី​រហូតដល់​អត្រា​មួយ​ដែល​អាច​ឲ្យ​ប្រជាជន​ធ្វើ​សកម្មភាព​ឡើងវិញ​បាន​មួយ​ភាគ​ធំ​។ 
 
​ក្នុង​សារ​ទៅកាន់​ប្រជាជន​សម្រាប់​ទិវា​ពលកម្ម​ថ្ងៃទី​១ ខែឧសភា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ម៉ូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន ប្រកាសថា​៖ «​ជាមួយនឹង​យោបល់​របស់​ក្រសួងសុខាភិបាល​ដោយ​ផ្អែកលើ​ទិន្នន័យ​ដែល​ប្រមូលបាន និង​ការណែនាំ​សុខាភិបាល​របស់​អង្គការ​សុខភាព​ពិភពលោក រដ្ឋាភិបាល​សម្រេចចិត្ត​បើក​វិស័យ​សេដ​កិច្ច​វិញ​ដោយ​ប្រុងប្រយ័ត្ន ដោយ​អនុវត្តតាម​នីតិវិធី​សុខាភិបាល​។​»
 
​លោក យ៉ា​ស៊ីន បន្តថា សកម្មភាព​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ភាគច្រើន នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ចាប់ពី​ថ្ងៃទី​៤ ខែឧសភា ហើយ​អាជ្ញាធរ​នឹង​បន្ត​ត្រួតពិនិត្យ​វិធានការ​សុខាភិបាល​ដដែល​។ ចំពោះ​អាជីវកម្ម​ខ្លះ​ដែល​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ដំណើរការ​នោះ ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​រូបនេះ​ពន្យល់ថា សកម្មភាព​សេដ្ឋកិច្ច និង​ជំនួញ​ខ្លះ​តម្រូវ​ឲ្យ​មានការ​ជួបជុំ​ទ្រង់ទ្រាយ​ដែល​ពិបាក​ដល់​ការអនុវត្ត​គម្លាត​សុវត្ថិភាព​។​
 
​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Channel NewsAsia អាជីវកម្ម​ដែល​បន្ត​បិទទ្វារ​មាន​ហាង​ម៉ាស្សា ភោជនីយដ្ឋាន​ធំៗ រោងកុន ក្លិប​កម្សាន្ត​រាត្រី សន្និសីទ និង​ការតាំងពិព័រណ៍​។ ចំណែក​សកម្មភាព​កីឡា​ខ្លះទៀត​ដែល​តម្រូវ​ឲ្យ​មានការ​ប៉ះ​ផ្ទាល់ ឬ​ប្រមូលផ្ដុំ​ដែរ ក៏ត្រូវ​ផ្អាក​បន្តទៀត​ដែរ​ដូចជា កីឡាបាល់ទាត់ កីឡា​បាល់អោប ការ​ហែល​ទឹក​នៅ​អាង​ហែល​ទឹក​សាធារណៈ និង​កីឡា​ក្នុង​សាល​ទាំងអស់​។ ប៉ុន្តែ​កីឡា​មួយចំនួន​ដែលមាន​គ្នា​ក្រោម​១០​នាក់ អាច​ចាប់ផ្ដើមបាន​ដូចជា តេ​ន្នី​ស និង​ការ​ជិះ​កង់​ជាដើម​។​
 
​ជាមួយគ្នានេះ លោក យ៉ា​ស៊ីន ប្រកាស​ទៀតថា ការសូត្រ​ធម៌​នៅតាម​ព្រះវិហារ​សាសនា​ឥស្លាម​នៅ​ថ្ងៃ​សុក្រ បន្ត​បិទ​ដដែល ខណៈ​ការធ្វើដំណើរ​រវាង​រដ្ឋ និង​រដ្ឋ ក៏ត្រូវ​ហាមឃាត់​ដូចគ្នា​។ ប្រជាជន​ម៉ាឡេស៊ី​ភាគច្រើន មាន​គម្រោង​ទៅ​ទី​កំណើត​នៅ​ថ្ងៃ Aidilfitri ដែលជា​ពិធីបុណ្យ​ដ៏​ធំ​មួយ ប៉ុន្តែ​គេ​ក៏​បារម្ភ​ថា ការ​ចល័ត​បែបនេះ នឹងធ្វើ​ឲ្យ​ការឆ្លង COVID-19 រីក​ប៉ោង​ឡើងវិញ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៣០ ខែមេសា ម៉ាឡេស៊ី មានការ​ឆ្លង COVID-19 ចំនួន​ជាង​៦​ពាន់​ករណី ហើយ​ជិត​៧០​ភាគរយ​បាន​សះស្បើយ​៕  

Tag:
 ម៉ាឡេស៊ី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com