COVID-19
អន្តរជាតិ
ទោះផ្ដើមបន្ធូរការបិទប្រទេស ថៃបន្តហាមលក់គ្រឿងស្រវឹងដល់ចុងខែ ប្រភពរូប៖ thethaiger
× ការបន្ធូរបន្ថយការរឹតបន្ដឹងដើម្បីទប់ស្កាត់COVID-19 ដំណាក់កាលទី១ នឹងចូលជាធរមាននៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី៣ ខែឧសភា ហើយនឹងប្រើពេល២សប្តាហ៍ក្នុងការវាយតម្លៃថាអាចបន្តទៅដំណាក់កាលបន្ទាប់ទៀតឬយ៉ាងណានោះ។ ទោះបីជាផ្ដើមសម្រាលការរឹតត្បិតមួយផ្នែក បម្រាមលក់គ្រឿងស្រវឹងនៅទូទាំងប្រទេស ដែលបានអស់សុពលភាពកាលពីថ្ងៃទី៣០ ខែមេសា ត្រូវបានពន្យារបន្តរហូតដល់ថ្ងៃទី៣១ ខែឧសភាខាងមុខ។
ការដកហូតចំណាត់ការបិទប្រទេសដោយផ្នែកក្នុងប្រទេសថៃ គឺរួមបញ្ចូលសកម្មភាព និងអាជីវកម្មចំនួន៦យ៉ាង ដូចជាផ្សារ, កន្លែងញាំអាហារ, កន្លែងលក់រាយ, សកម្មភាពកីឡា និងកម្សាន្ត, ហាងអ៊ុតសក់ កាត់សក់ កន្លែងកាត់រោមសត្វ និង សកម្មភាពអាជីវកម្មមួយចំនួន។ អាជីវកម្មនិងសកម្មភាពទាំងអស់នេះ នឹងអនុញ្ញាតឲ្យបើកដំណើរធម្មតាវិញ ចាប់ពីថ្ងៃទី៣ ខែឧសភាតទៅ។
បើតាមអ្នកនាំពាក្យមជ្ឍមណ្ឌលគ្រប់គ្រងស្ថានភាព COVID-19 ថៃ លោក Taweesilp Visanuyothin ខណៈសកម្មភាពទាំងនេះ ត្រូវបានអនុញ្ញាត ពលរដ្ឋនិងម្ចាស់អាជីវកម្មរ ត្រូវតែអនុវត្តវិធានការគ្រប់គ្រងជំងឺ ដូចជា ការសម្អាត ប្រើប្រាស់ម៉ាស់ការពារ និងរក្សាគម្លាតសុវត្ថិភាពជាដើម។ យ៉ាងណាមិញ បើករណីCOVID-19ថ្មី ផ្ដើមស្ទុះឡើងវិញ ការបន្ធូរបន្ថយនឹងត្រូវទុកជាមោឃ។ នេះបើតាមកាសែត បាងកកប៉ុស្តិ៍។
លោក Taweesilp បញ្ជាក់ទៀតថា ការវាយតម្លៃលើការបន្ធូរបន្ថយការរឹតបន្ដឹងដំណាក់កាលពី១ នឹងត្រូវការពេល១៤ថ្ងៃ។ ហើយប្រសិនបើករណីឆ្លងCOVID-19 ប្រចាំថ្ងៃ បន្តធ្លាក់ចុះក្នុងពេលនេះ ការបន្ធូរបន្ថយកាន់តែច្រើនទៀត នឹងត្រូវធ្វើឡើង។ បើតាមលោកអ្នកនាំពាក្យរូបនេះ រដ្ឋាភិបាលបានដាក់ថេរវេលា២ខែដែលចែកជា៤ដំណាក់កាលដើម្បីសម្រួលការរឹតត្បិតគ្រប់គ្រង់COVID-19 មុននឹងសម្រេចចិត្តបើកប្រទេសទាំងស្រុងឡើងវិញ។
ដោយឡែក បទបញ្ជាហាមលក់គ្រឿងស្រវឹងនៅទូទាំងប្រទេសថៃ ត្រូវបានរដ្ឋាភិបាលពន្យារពេលរហូតដល់ថ្ងៃទី៣១ ខែឧសភា ដែលថ្ងៃសុពលភាពចាស់គឺនៅថ្ងៃទី៣០ ខែមេសាកន្លងទៅ។ ទាក់ទិនការពន្យារនេះ លេខាធិការអចិន្ត្រៃយ៍នៃក្រសួងមហាផ្ទៃថៃ លោក Chatchai Promlert បានលើកឡើងថា បម្រាមលក់គ្រឿងស្រវឹង គឺជាចំណាត់ការរាំងខ្ទប់ COVID-19 មួយ ដែលបានពន្យារតាមបញ្ជារបស់មជ្ឈមណ្ឌលគ្រប់គ្រង់ស្ថានភាព COVID-19 ថៃ។
គិតត្រឹមថ្ងៃទី១ ខែឧសភា ប្រទេសថៃមានករណីឆ្លងCOVID-19សរុប ២៩៦០ករណី ខណៈអ្នកស្លាប់មាន៥៤នាក់។ អ្នកជាសះស្បើយមាន២៧១៩នាក់ ខណៈអ្នកជំងឺធ្ងន់ធ្ងរមាន៦១នាក់។ នេះបើតាមវេបសាយ worldometers.info ដែលតាមដាន COVID-19 នៅទូទាំងពិភពលោក៕
Tag:
ថៃ
គ្រឿងស្រវឹង
COVID-19
បិទប្រទេស
© រក្សាសិទ្ធិដោយ thmeythmey.com