ពាក្យ​«​ប៉ូលិស​»​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
ពីនេះ ពីនោះ / មិនយល់...!
ពាក្យ​«​ប៉ូលិស​»​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ​!
02, May 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​កងកម្លាំង​ភ្នាក់ងារ​ដែលមាន​តួនាទី​ក្នុងការ​រក្សា​សណ្តាប់ធ្នាប់​ទៅតាម​លក្ខខណ្ឌ​នៃ​ច្បាប់ ដែល​គេ​និយម​ហៅថា​«​ប៉ូលិស​»​។ ពាក្យ​«​ប៉ូលីស​»​មិនមែនជា​ពាក្យ​ខ្មែរ​ឡើយ វា​ជា​ពាក្យ​កម្ចី​ពី​បារាំង​ថា​«Police»​។ ក្នុង​ភា​អង់គ្លេស​ក៏​សរសេរ​ដូច្នេះ​ដែរ​។

 
​វចនានុក្រម​ខ្មែរ​សម្តេច ជួន ណាត បាន​ពន្យល់​ពាក្យ​«​ប៉ូលិស​»​ថា​ជា​ច្បាប់​រក្សា​ការពារ​នូវ​របៀបរៀបរយ​សាធារណៈ​, បញ្ញត្តិ​តែងតាំង​ឲ្យ​មាន​របៀបរៀបរយ​ក្នុង​ទីក្រុង ។​ល​។ ពាក្យ​នេះ​សព្វថ្ងៃ​ប្រើ​សំដៅយក​ភ្នាក់ងារ​ក្រសួង​,​ប៉ូលិស​, ប្ដឹង​ប៉ូលិស​, ក្មួយ​ខ្ញុំ​ធ្វើ​ប៉ូលិស​, ប៉ូលិស​ចរាចរណ៍​។ 
 
​ពាក្យ​នេះ​មានពន្យ​ល់ពី​វចនានុក្រម​ពិតមែន តែ​ពាក្យ​នេះ​មាន​ដើមកំណើត​មកពី​ពាក្យ​ឡាតាំង​ដែល​គេ​សរសេរថា «Politia» ។ តែ​ពាក្យ​ឡាតាំង​មួយ​នេះ​មាន​ដើមកំណើត​មកពី​ពាក្យ​កាន់តែ​ចំណាស់​ទៅទៀត​។ ពាក្យចំ​ណាស់​នោះ​ត្រូវបាន​សរសេរថា «Politeia» មាន​ដើមកំណើត​មកពី​ប្រទេស​ក្រិ​ក​បុរាណ​។ នេះ​បើ​យោងតាម​គេហទំព័រ greece.greekreporter.com ដែល​បាន​ពន្យល់​ដូច្នេះ​។ 
 
«Politeia» មានន័យថា ប្រជារាស្ត្រ រដ្ឋបាល រាជការ ឬ អង្គការ​។ ពាក្យ​ទាំងនេះ​មាន​ឫសគល់​ចំបង​មកពី​បុព្វបទ «Polis» ដែល​មានន័យថា «​ទីក្រុង​»​។ សម្រាប់​ប្រទេស​ក្រិ​ក​បុរាណ ពាក្យ Politeia ប្រកប​អត្ថន័យ​ថា ជា​ក្រុមមនុស្ស​គ្រប់ផ្នែក​ទាំងអស់​ដែលមាន​នាទី​ក្នុងការ​គ្រប់គ្រង​ដែនដី​ទីក្រុង​។ សម្រាប់​ក្រិ​ក​បុរាណ ពាក្យ​សម្រាប់​សម្គាល់​ក្រុមប៉ូលិស​តែម្តង​ត្រូវបាន​គេ​សរសេរថា «Astynomia»​។ 
 
​នៅក្នុង​វចនានុក្រម​ខ្មែរ​ក៏បាន​លើកឡើង​នូវ​ពាក្យ «​នគរបាល​»  មាន​ថ្នាក់​ពាក្យ​ជា​នាមសព្ទ​ដែល​សំដៅលើ អ្នករក្សា​នគរ (​ហៅ​ក្លាយជា អង្គ​របាល ក៏បាន​) ។ ក្រសួង​ឬ​ក្រុម​រាជការ​ត្រួតត្រា​រក្សា​ប្រជាជន​ក្នុង​ក្រុង ឲ្យ​ប្រតិបត្តិ​តាម​បញ្ញត្តិ​សម្រាប់​ក្រុង ។ ក្រុមនគរបាល ឬ តម្រួត​នគរបាល រាជ​តម្រួត​ក្រុង (​ចំពោះតែ​រាជធានី​ភ្នំពេញ​) ។ សម្រាប់​ខែត្រ​ស្រុក​ហៅ រាជ​តម្រួត​ខែត្រ​, រាជ​តម្រួត​ស្រុក ។ សម្រាប់​មណ្ឌល​នីតិកម្ម​ក្នុង​តំបន់ ឬ​ក្នុង​សង្កាត់ ក៏​ហៅ រាជ​តម្រួត​ស្រុក​ដែរ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com