ONE Championship
កីឡាជាតិ
ជាតិ
Ritu Phogat ត្រៀម​រួចរាល់​ដើម្បី​ប៉ះ​សិស្ស​ច្បង Stamp Fairtex
02, May 2020 , 9:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

Ritu Phogat រហស្សនាម «The Indian Tigress» បានចាប់ផ្ដើម​យ៉ាង​ល្អ​ក្នុង​អាជីព​គុន​ចម្រុះ​មួយ​នេះ​។ សព្វថ្ងៃ កីឡាការិនី​គុន​ចម្រុះ​វ័យ ២៥ ឆ្នាំ​ចង់​តេស្ត​សមត្ថភាព​របស់ខ្លួន​ដោយ​ជួប​គូប្រកួត​ខ្លាំងៗ​ក្នុង​ទម្ងន់ atomweight​។



 
 
​ម្ចាស់​មេដាយមាស​ក្នុង​កម្មវិធី Commonwealth Wrestling Championships ទទួលបាន​លទ្ធផល​ល្អៗ​ជាច្រើន​ក្រោយ​ចូលប្រឡូក​ក្នុង​គុន​ចម្រុះ​នា​ឆ្នាំ ២០១៩​។ Phogat  បាន​ប្ដូរ​ទីលំនៅ​ពី​ឥណ្ឌា​មក​រស់នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​ហ្វឹកហាត់​ពេញ​ម៉ោង​នៅ​ក្លិប​ល្បី Evolve ដែល​ផ្ដល់​បច្ចេកទេស​ថ្មីៗ​ដល់​រូបគេ និង ឈ្នះ​ការប្រកួត​ជាប់​គ្នា​ពីរដង​នៅ​សង្វៀន ONE Championship​។

ជ័យជម្នះ​ពីរលើក​ជាប់​គ្នា​នេះ​ត្រូវគេ​ទទួលស្គាល់​អំពី​កម្រិត​បច្ចេកទេស ប៉ុន្តែ​រូបគេ​រក្សា​បង្កើន​សមត្ថ​ភាព​ឥតឈប់ឈរ​។ នៅក្នុង​បទសម្ភាសន៍​ផ្ដាច់មុខ Phogat បាន​ជជែក​អំពី​ការអភិវឌ្ឍន៍​ខ្លួន​ទោះជា​ជា​រំខាន​ដោយសារ COVID-19 ហើយ អ្វីដែល​រូបគេ​ចង់​ប្រឈម​នោះ​គឺ​កីឡាការិនី​លំដាប់​ពិភពលោក Stamp Fairtex នៅ​ថ្ងៃមុខ​។ 
 
ONE Championship: តើ Ritu រក្សាខ្លួន និង​ការហ្វឹកហាត់​បែបណា​ក្នុងអំឡុងពេល​មេរោគ​ឆ្លង​នេះ​? 
 
Ritu Phogat: ខ្ញុំ​មាន​កាលវិភាគ​សម្រាប់​ខ្លួនឯង ហើយ​ខ្ញុំ​កំហិត​ខ្លួន​ដោយ​យកចិត្តទុកដាក់​បំផុត​។ ក្នុងនោះ​កម្មវិធី​ហ្វឹកហាត់​រួមមាន យូ​ហ្គា ហាត់​ភាព​អំណត់ និង កម្លាំង​ជាដើម​។ 
ONE: តើ Ritu អភិវឌ្ឍ​ជំនាញ​ក្បាច់គុន​ចម្រុះ​ដោយ​វិធី​ណា​ទៅ​? 
 
RP: គ្រូបង្វឹក​របស់ខ្ញុំ​ផ្ដល់​លំ​ហាត់​ហ្វឹកហាត់​នៅផ្ទះ ដើម្បី​ផ្ដោតលើ​ការ​ស្យ​ង់​អារម្មណ៍​និង​បម្លាស់​ទី​ឲ្យ​រហ័ស​។ វា​អាចជួយ​ព​ន្លឿ​ន​គុនភាព​ជំនាញ​របស់ខ្ញុំ​បាន​។ ក្នុងនោះដែរ ខ្ញុំ​ក៏​ហាត់​វ៉ៃ​ស្រមោល និង អនុវត្តន៍​ក្បាច់​ទាត់​ពីរ​បី​ដង​ក្នុង​១​សប្ដាហ៍​ផងដែរ​ដើម្បី​រក្សា​ការធ្វើ​ចលនា​។​


 
ONE: យើង​ដឹងថា Ritu ច្បាស់​ជា​ចង់​ត្រលប់​មកវិញ​។ តើ​ចង់​ជួប​អ្នកណា​ជាងគេ​បើ​ត្រលប់​មកវិញ​? 
 
RP: ខ្ញុំ​ចង់​ជួប​កីឡាការិនី​នៅ​សង្វៀន ONE Championship ដែល​អត់​ទាន់​បាន​ជួបគ្នា​ពីមុន​ក្នុង​ប្រភេទ​ទម្ងន់​នេះ​។ ខ្ញុំ​ចង់​ជួប​ពួកគេ​។ អ្នកណា​ក៏ដោយ ខ្ញុំ​បើកទូលាយ​ដើម្បី​ស្វាគមន៍​ជានិច្ច​។ 
 
ONE: Stamp Fairtex មាន​ជំនាញ​ខ្លាំង​ខាង​មួយ​ថៃ និង kickboxing ហើយ​ឥឡូវនេះ​គេ​ល្អ​ខាង​គុន​ចម្រុះ​ទៀតផង​។ បើសិន​ជួប Stamp តើ​យល់​យ៉ាងណាដែរ​? 
 
RP: Stamp ជា​កីឡាការិនី​មាន​ទេពកោសល្យ​។  ខ្ញុំ​ពិតជា​ចូលចិត្ត​គេ​។ គេ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់ World Champion  ដល់​ពីរ​ក្នុង​ពីរ​ប្រភេទ​កីឡា​ផ្សេងគ្នា ហើយ​ខ្ញុំ​បាន​រៀន​ច្រើន​ពី​រូបគេ​។ បើសិនជា​ជួប​គេ​ពិតមែន នោះ​ច្បាស់​ជា​ល្អមើល​មិន​ខាន​សម្រាប់​អ្នក​រាល់គ្នា ហើយ​ពួកយើង​ក៏​រំភើប​ដែរ​។ យើង​ទាំងពី​សុទ្ធ​តែមាន​កម្លាំង​ល្អ​ដូចគ្នា​។ ប៉ុន្តែ Stamp មានបទពិសោធន៍​ច្រើនជាង​ខ្ញុំ​នៅលើ​សង្វៀន​។ បែបណា​ក្ដី ខ្ញុំ​គិតថា​យើង​មាន​ស្ទិល​ប្រកួត​ខុសគ្នា ទោះ​រូបគេ​ពូកែ​ខាង​មួយ​ថៃ និង kickboxing​។ ច្បាស់​ណាស់ បើសិន​ជួបគ្នា​មែន  ខ្ញុំ​ត្រូវតែ​ងើបឈរ​វ៉ៃ​ច្រើន​មិន​ខាន​ព្រោះ​គេ​ជំនាញ​ឈរ​វ៉ៃ​។ 
 
ONE: Stamp បាន​យកឈ្នះ​កីឡាការិនី​ឥណ្ឌា​ដូចជា Asha Roka និង Puja Tomar​។ តើ Ritu គិតថា​អាច​យកឈ្នះ​បានទេ​? 
 
RP: ដូច​ខ្ញុំ​និយាយ​អីចឹង គេ​ជា​កីឡាការិនី​ល្អ​ណាស់ ហើយ​បើ​ពេលវេលា​មកដល់ ខ្ញុំ​ស្រលាញ់​ការប្រកួត​ទល់នឹង​រូបគេ​។ សុបិន​របស់ខ្ញុំ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់ World Champion នៅ​ថ្ងៃ​ណាមួយ​។ ខ្ញុំ​ត្រៀមខ្លួន​យកឈ្នះ​ដៃគូ​ខ្លាំងៗ​។ នៅពេល ONE ផ្គូផ្គង​ឲ្យ​ខ្ញុំ​ប៉ះ Stamp ខ្ញុំ​សន្យាថា ខ្ញុំ​នឹង​រៀបចំខ្លួន​ឲ្យ​រួចរាល់​ដើម្បី​ជំនួប​ដ៏​ធំ​នេះ​។ 
 
ONE: តើ​មាន​អ្វី​ទៀត​ដែល Ritu ចង់​ប្រាប់​ទៅ​អ្នកគាំទ្រ​?
 
RP: ការពិត​ណាស់​! ខ្ញុំ​ចង់បង្ហាញ​ខ្លួន​ឲ្យ​កាន់តែ​ល្អ ប៉ុន្តែ ពេលនេះ​ពិភពលោក​កំពុងតែ​ស្ថិតក្នុង​ភាពលំបាក​នៅឡើយ​។ យើង​ត្រូវការ​តតាំង​នឹង​មេរោគ​ជាមុនសិន​។ នៅពេល​យើង​យកឈ្នះ​មេរោគ​ទាំងអស់គ្នា​រួចហើយ ពិភពលោក​នឹង​ស្រស់ស្អាត​ឡើងវិញ​និង​ឃើញ​ការប្រកួត​ជាថ្មី​។ យើង​រួមគ្នា យើង​នឹង​ឈ្នះ​មេរោគ​ដ៏​កាច​សាហាវ​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com