អន្តរជាតិ
លោក គីម ជុង​អ៊ុន បង្ហាញមុខ​ឡើងវិញ ក្រោយ​បាត់​ដំណឹង​២០​ថ្ងៃ​
02, May 2020 , 10:19 am        
រូបភាព
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ញញឹមអំឡុងពេលត្រួតពិនិត្យរោងចក្រផលិតជី។ រូបភាព​ KCNA
មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ញញឹមអំឡុងពេលត្រួតពិនិត្យរោងចក្រផលិតជី។ រូបភាព​ KCNA
​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន បានបង្ហាញ​មុខជា​សាធារណៈ​ឡើងវិញ បន្ទាប់ពី​បាត់​ដំណឹង​សូន្យឈឹង​២០​ថ្ងៃ​រួចមក​។ អំឡុងពេល​បាត់​មុខ​នេះ ពាក្យ​ចចាមអារ៉ាម​បាន​សាយភាយ​ជា​បន្ត​បន្ទាប់ពី​បញ្ហា​សុខភាព​របស់លោក គីម ជុង​អ៊ុន រហូត​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​រាយការណ៍​ថា លោក បាន​ស្លាប់ ឬ​មិនអាច​កម្រើក​បាន​ទៅទៀត​។ ប៉ុន្តែ​មេដឹកនាំ​កូរ៉េខាងជើង បែរជា​មិន​បង្ហាញ​សញ្ញា​អ្វី​ខុសប្លែក​ទាក់ទង​សុខភាព​ឡើយ​។

  
 
​ជាមួយនឹង​ទឹកមុខ​ស្រស់ថ្លា​ដែល​បង្ហាញថា លោក​មាន​សុខ​ភាពល្អ ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​កាត់​ខ្សែបូរ​សម្ពោធ​រោងចក្រ​ផលិត​ជី​មួយកន្លែង​នៅ​ភាគ​ខាងជើង​រដ្ឋធានី​ព្យុងយ៉ាង​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA នៅ​ថ្ងៃទី​២ ខែឧសភា​។ នេះ​ជាការ​បង្ហាញមុខ​លើកទីមួយ​របស់លោក គីម ចាប់តាំងពី​ថ្ងៃទី​១១ ខែមេសា​មក ដែល​នាំ​ឲ្យ​មាន​ពាក្យ​ចចាមអារ៉ាម​ពី​សុខភាព​របស់លោក​។​
 
​បើតាម KCNA ពិធី​សម្ពោធ​នោះ ធ្វើឡើង​នៅ​ថ្ងៃទី​១ ខែឧសភា​។ បើតាម​រូបភាព​ដែល​ចេញ​ដោយ KCNA លោក គីម ហាក់​មិនមាន​បញ្ហា​អ្វី​ដូច​ពាក្យ​លេចឮ​ជាង​២០​ថ្ងៃនេះ​ទេ ហើយ​លោក​មើលទៅ​មាន​សុខ​ភាពល្អ​ទៀតផង​។ KCNA បាន​ស្រង់​សម្ដី​លោក គីម ថា លោក​ពេញ​ចិត្តនឹង​ការបង្កើត​រោងចក្រ​នេះ ហើយ​បាន​ដាក់ចេញ​វិធីសាស្ត្រ និង​ការងារ​ដើម្បី​អភិវឌ្ឍ​វិស័យ​គីមី​ក្នុងស្រុក​ស្របតាម​តម្រូវការ​សតវត្សរ៍​ថ្មី​។​

រូបភាព KCNA
 
​កាលពី​សប្ដាហ៍​មុន ទូរទស្សន៍ CNN ដែល​ស្រង់​ប្រភពពី​មន្ត្រី​ចារកម្ម​អាមេរិក​ផ្សាយ​ថា លោក គីម ធ្លាក់​ឈឺ​ខ្លាំង​។ ក្រោយ​វេ​ប​សាយ Daily NK ដែល​តាមដាន​កិច្ចការ​កូរ៉េខាងជើង ក៏​ផ្សាយ​ថា លោក គីម កំពុង​ទទួល​ការព្យាបាល​ក្រោយ​វះកាត់​បេះដូង​។ ពាក្យ​ចចាមអារ៉ាម​ពី​សុខភាព​មេដឹកនាំ​រូបនេះ ក៏​កាន់តែ​សុះសាយ​ទៅ ស្រប​ពេលដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង ក៏​មិន​រាយការណ៍​អ្វី​សោះ​ពី​សកម្មភាព​លោក គីម ទៅទៀត​។ 
 
​ពេល​លោក គីម បាត់​មុខ​នេះ សេចក្ដីរាយការណ៍​ខ្លះ​លើកឡើងថា លោក កំពុង​សម្រាក​នៅឯ​ក្រុង Wonsan ជាប់មាត់​សមុទ្រ ព្រោះ​រូបភាព​ផ្កាយរណប​បានបង្ហាញ​ពី​រថភ្លើង​ដែល​មេដឹកនាំ​កូរ៉េខាងជើង​ប្រើប្រាស់ និង​សកម្មភាព​នាវា​កម្សាន្ត​របស់លោក គីម ផងដែរ​។ កូរ៉េខាងត្បូង​វិញ ក៏​អះអាងថា ខ្លួន​មើលមិនឃើញ​សកម្ម​ភាពមិនប្រក្រតី​ណាមួយ​ឡើយ​នៅ​កូរ៉េខាងជើង ហើយ​រដ្ឋមន្ត្រី​កូរ៉េខាងត្បូង​មួយរូប​ថែមទាំង​និយាយថា លោក គីម គ្រាន់តែ​គេច​ពី​ជំងឺ COVID-19 ប៉ុណ្ណោះ​។​
 
​យ៉ាងណាមិញ KCNA រាយការណ៍​ពី​មូលហេតុ​ដែល​លោក គីម បាត់​មុខ​ឡើយ​៕

Tag:
 ​កូរ៉េខាងជើង​
  គីម ជុង​អ៊ុន​
© រក្សាសិទ្ធិដោយ thmeythmey.com