កីឡាជាតិ
ជាតិ
លោក ស៊ុន ចាន់ថុល ចង់ឃើញកម្ពុជាមានធនធានកីឡាករហែលទឹកកាន់តែច្រើន លោក ស៊ុន ចាន់ថុល (លើកដៃសំពះ) ពេលចុះត្រួតពិនិត្យអាងហែលទឹកពហុកីឡដ្ឋានជាតិកាលពីពេលកន្លងទៅ, រូបភាពពី Cambodia SEA Games 2023
× លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានអំពាវនាវឲ្យយុវជន សិស្សនិស្សិតដែលចង់ក្លាយជាកីឡាករហែលទឹកអាជីព ចូលរួមហ្វឹកហាត់កីឡានេះ ឲ្យបានច្រើន។ ការអំពាវនាវនេះ គឺដោយសារលោក ចង់ឲ្យកម្ពុជាមានធនធានកាន់តែច្រើន ត្រៀមសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងសម្រាប់ព្រឹត្តិការណ៍អន្តរជាតិដទៃទៀត។ លោកអះអាងថា ការបង្ហាត់បង្រៀនគ្មានការបង់ប្រាក់នោះទេ។
យុវជនយុវនារី សិស្សនិស្សិតទាំងអ្នកចេះ និងមិនចេះហែលទឹក ដែលចង់ក្លាយជាកីឡាករ ហែលទឹកអាជីព អាចចូលហ្វឹកហាត់ជាមួយសហព័ន្ធខ្មែរកីឡាហែលទឹក ដ្បិតការបង្ហាត់បង្រៀន មិនទាមទារឲ្យមានការបង់ប្រាក់នោះឡើយ។ នេះបើតាមការអះអាងរបស់លោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក។
«ខ្ញុំសូមអំពាវនាវទៅយុវជនយើង សិស្សនិស្សិតយើង សូមមេត្តាចូលរួមហ្វឹកហាត់កីឡាហែលទឹក យើងបង្ហាត់មិនគិតថ្លៃនោះទេ។ ជាពិសេសអ្នកដែលចង់ក្លាយជាកីឡាករជម្រើសជាតិ តំណាងឲ្យប្រទេសជាតិ ក្នុងការប្រកួតប្រជែងដណ្តើមមេដាយជូនជាតិ នៅលើឆាកអន្តរជាតិ»។ លោក ស៊ុន ចាន់ថុល អំពាវនាវបែបនេះ ពេលលោកចុះត្រួតពិនិត្យអាងហែលទឹកពហុកីឡដ្ឋានជាតិ ដែលបានបញ្ចប់ការស្តារ និងជួសជុលជាស្ថាពរកាលពីពេលថ្មីៗ។
ការចេញមុខអំពាវនាវបែបនេះ ដ្បិតប្រធានសហព័ន្ធរូបនេះ ចង់ឲ្យធនធានកីឡាករហែលទឹកនៅកម្ពុជា មានចំនួនកាន់តែច្រើនហើយនឹងផ្តល់ភាពងាយស្រួល សម្រាប់សហព័ន្ធជ្រើសរើស ពេលមានការប្រកួតនៅក្រៅប្រទេសម្តងៗ ជាពិសេស គឺដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូង។
កីឡាហែលទឹកកម្ពុជា មានសក្តានុពលណាស់ នៅមុនរបបប្រល័យពូជសាសន៍ប៉ុលពត បើធៀបនឹងប្រទេសក្នុងតំបន់អាស៊ាន ដោយកម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធផង។ តែ នៅក្រោយរបបប៉ុលពត កីឡាហែលទឹកកម្ពុជា ពុំធ្លាប់ដណ្តើមបានមេដាយ ពីការប្រកួតលក្ខណៈអន្តរជាតិ ដូចជាការប្រកួតកីឡាស៊ីហ្គេម កីឡាអាស៊ី និងអូឡាំពិកនោះទេ។ នេះបើតាមលោក ស៊ុន ចាន់ថុល ដែលបានបន្តដោយរំពឹងថា កម្ពុជានឹងអាចស្តារកិត្តិយសឡើងវិញ ពេលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣។
អាងហែលទឹកពហុកីឡដ្ឋានជាតិ ត្រូវបានស្តារ និងជួសជុលឡើងវិញ ឲ្យស្របតាមស្តង់ដាអន្តរជាតិ ដោយមានការបំពាក់នូវឧបករណ៍ទំនើបៗ ដែលអាចរៀបចំការប្រកួតលក្ខណៈអន្តរជាតិធំៗបាន។ ការស្តារនិងជួសជុលនេះ ចំណាយពេល១៨ខែ និងថវិកាជិត៣លានដុល្លារ ដែលជាជំនួយរបស់ក្រុមហ៊ុនចិន៕
Tag:
ហែលទឹក
ស៊ុន ចាន់ថុល
អាងហែលទឹកពហុកីឡដ្ឋានជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com