ភ្នំពេញ៖ស្របពេលដែលបណ្ដាប្រទេសលើសកលលោកកំពុងប្រឆាំងនឹងជំងឺកូវីដ១៩នេះ ការចរាចរលក់ដូរលើអនឡាញឬលក្ខណៈជាទីផ្សារបណ្ដាញ រឹតតែចាំបាច់ និងរឹតតែគួរឱ្យព្រួយបារម្ភសម្រាប់អ្នកដែលមិនយល់ដឹងស៊ីជម្រៅ ឬមិនបានទទួលការបណ្ដុះបណ្ដាលត្រឹមត្រូវ មុនចេញប្រឡូកការរកស៊ី។
ដើម្បីជ្រាបព័ត៌មានបន្ថែមអំពីការធ្វើទីផ្សារជាបណ្ដាញនេះ សូមលោកអ្នកនាងតាមដានការអធិប្បាយរបស់លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា ដែលសម្ភាសដោយ អ្នកនាង ស៊ែម ម៉ូនីតា អ្នកសារព័ត៌មានថ្មីៗដូចតទៅ៖
អ្នកនាង ស៊ែម ម៉ូនីតា ៖ តើអ្វីទៅជាធុរកិច្ចទីផ្សារជាបណ្ដាញ?
លោក ឡី សុភាព ៖ ធុរកិច្ចទីផ្សារជាបណ្ដាញ គឺជាអាជីវកម្មខ្នាតតូច និងមធ្យមជំរុញការលក់ដោយផ្ទាល់។វាមានពីយូរលង់ណាស់មកហើយ ដែលគេធ្វើលក្ខណៈជាក្រុមឬបែងចែកជាប្រព័ន្ធផ្សេងៗ។ទីផ្សារបណ្ដាញនេះមានជាលក្ខណៈជា(Online និងOffline)ហើយចែកជាបីប្រភេទជារួមមានធ្វើទីផ្សារលក្ខណៈប្រពៃណី(ដោយផ្ទាល់) ការលក់ហ្វ្រេនឆាយឬកម្មសិទ្ធិបញ្ញា និងកាធ្វើបណ្ដាញទីផ្សារ (Network Marketing )។
អ្នកនាង ស៊ែម ម៉ូនីតា ៖ តើការធ្វើធុរកិច្ចទីផ្សារជាបណ្ដាញលក្ខណៈ Online និង Offlineខុសគ្នាដូចម្ដេច?
លោក ឡី សុភាព ៖ តាមពិតវាមិនមានអ្វីខុសគ្នាទេ គ្រាន់តែការធ្វើទីផ្សារOfflineគឺយើងធ្វើវាដោយផ្ទាល់ឬអាចនិយាយបានថាការលក់ដូរ ដែលមានក្រុមដែលគេសរសេរនឹងដៃ។ ឯការធ្វើទីផ្សារOnlineគឺយើងប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតចងជាក្រុមឬប្រព័ន្ធក្នុងកុំព្យូទ័រ វាមានលក្ខណៈទូលាយជាងនិងជំរុញដល់ការលក់ងាយស្រួលជាង។
អ្នកនាង ស៊ែម ម៉ូនីតា ៖ ចុះតើការធ្វើធុរកិច្ចទីផ្សារជាបណ្ដាញនេះ មានគុណសម្បត្តិនិងគុណវិបត្តិអ្វីខ្លះដែរទៅ?
លោក ឡី សុភាព ៖ គុណសម្បត្តិគឺត្រង់ថា វាងាយជំរុញដល់ការលក់ចំណាយដើមទុនតិច ហើយក៏អាចចាប់ផ្ដើមបាន ឬមិនចាំបាច់មានអ្នកបោះដុំច្រើន ក៏អាចចែកចាយបាន ពិសេសទោះបច្ចុប្បន្នកំពុងប្រឈមនិងកូវីដក្ដី ក៏ទីផ្សារអនឡាញនៅតែធំ និងរក្សាចំនុចល្អជាច្រើនផ្សេងទៀត។រីឯគុណវិបត្តិវិញគឺនៅត្រង់ថាកាលណាយើងមិនមានការយល់ដឹងច្បាស់នោះទេ ងាយនិងចាញ់បោកគេណាស់ ព្រោះការចងជាប្រព័ន្ធនេះ កាលណាកាន់តែរីកចម្រើនមនុស្សនៅក្នុងប្រព័ន្ធ គឺរឹតតែច្រើនដូច្នេះលែងអីនិងពិបាកគ្រប់គ្រងនោះទេ។
អ្នកនាង ស៊ែម ម៉ូនីតា ៖ កន្លងមកមានពាក្យថា ការធ្វើទីផ្សារជាបណ្ដាញ ឬNetworkនេះ គឺជាការបោកប្រាស់។ តើការបោកប្រាស់នោះ ក្រោមរូបភាពយ៉ាងម៉េចដែរទៅ?
លោក ឡី សុភាព ៖ តាមពិតទីផ្សារជាបណ្ដាញនេះល្អណាស់ ប៉ុន្តែមានជនខិលខូចមួយចំនួនបានយកវាទៅប្រើប្រាស់ខុស ដើម្បីបានជាប្រយោជន៍ផ្ទាល់ខ្លួន។រូបភាពនៃការបោកប្រាស់នេះ វាមិនខុសអីពីការបោកប្រាស់ទូទៅនោះទេ គ្រាន់តែវាងាយនិងរីកសាយជាង ព្រោះបើកាលណាតែចាញ់បោកម្នាក់នោះ និងចាញ់បោកតរៗគ្នា។
អ្នកនាង ស៊ែម ម៉ូនីតា ៖ ដូច្នេះតើយើងអាចធ្វើទីផ្សារជាបណ្ដាញទៅលើអ្វីខ្លះដែរ?
លោក ឡី សុភាព ៖ គឺយើងអាចអនុវត្តទៅលើអ្វីក៏បាន មិនថា ផលិតផល សេវាកម្ម ឬដីធ្លី នោះទេ ឱ្យតែយល់ដឹងបានច្បាស់។
អ្នកនាង ស៊ែម ម៉ូនីតា ៖ តើពលរដ្ឋត្រូវធ្វើយ៉ាងណា ដើម្បីកុំឱ្យចាញ់បោកជនខិលខូចទាំងនោះ?
លោក ឡី សុភាព ៖ រឿងដែលសំខាន់បំផុតគឺត្រូវចូលរួមការបណ្ដុះបណ្ដាល ហើយនៅសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា និងបណ្ដុះបណ្ដាលផ្ទាល់ ដើម្បីទទួលបានភាពច្បាស់លាស់ យើងអាចដឹងច្បាស់អំពីផលិតផលឬសេវាកម្ម ដែលចង់ធ្វើនោះថា មានប្រភពមកពីណា? ស្របច្បាប់ដែរឬទេ?កំណត់សម្គាល់ត្រង់ណាខ្លះ? ទើបអាចទុកចិត្តបានមុននឹងវិនិយោគជៀសវៀងការទៅធ្វើតាមគ្នាដោយខ្វះព័ត៌មានជាក់លាក់៕