រដ្ឋាភិបាល​កម្ពុជា អះអាងថា រក្សា​អត្រា​ការងារ បាន​ស្ទើរតែ​១០០​ភាគរយ
COVID-19
ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាល​កម្ពុជា អះអាងថា រក្សា​អត្រា​ការងារ បាន​ស្ទើរតែ​១០០​ភាគរយ
02, May 2020 , 2:28 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ថតជាមួយកម្មការិនី ក្នុងរោងចក្រមួយ នៅរាជធានីភ្នំពេញ កាលពីកន្លងទៅ (រូបពី AFP)
សម្តេចនាយករដ្ឋមន្រ្តី ថតជាមួយកម្មការិនី ក្នុងរោងចក្រមួយ នៅរាជធានីភ្នំពេញ កាលពីកន្លងទៅ (រូបពី AFP)
ដោយ: ថ្មីៗ
​នា​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៤ នៅ​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២០ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ផ្ញើ​សារលិខិត​ជូនទៅ​កម្មករនិយោជិត ដូច​រាល់​ឆ្នាំកន្លងមក​។ តាមរយៈ​សារលិខិត ដែល​ចុះហត្ថលេខា​តាំងពី​ថ្ងៃទី​៧ ខែមេសា សម្តេចនាយក​រដ្ឋមន្ត្រី បានលើកឡើង​ពី​គុណសម្បត្តិ​របស់​រដ្ឋាភិបាល ក្នុងការ​បង្កើត​ការងារ​បាន​កាន់តែច្រើន និង​ប្រសើរឡើង​ជូន​ប្រជាពលរដ្ឋ ជាពិសេស​យុវជន​។


 
​សម្តេចនាយក​រដ្ឋមន្ត្រី អះអាងថា រដ្ឋាភិបាល អាច​ធានាបាន​អាត្រា​មានការ​ងារ​ធ្វើ ៩៩,៧​ភាគរយ នៃ​កម្លាំង​ពលកម្ម​សរុប​១០​លាន​នាក់ ដោយ​ក្នុងនោះ នៅក្នុង​ប្រទេស ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ មាន​ជាង​១,៥​លាន​នាក់ ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​ជាង​២,២​លាន​នាក់ វិស័យ​កសិកម្ម មាន​ប្រមាណ​៤​លាន​នាក់ មន្ត្រី​សាធារណៈ មាន​ប្រមាណ​៥០​ម៉ឺន​នាក់ បួ​ក​រួមទាំង ពលករ​ខ្មែរ ដែល​ធ្វើការ​នៅក្រៅ​ប្រទេស ជាង​១,២៨​លាន​នាក់​។ 
 
​យ៉ាងណា បច្ចុប្បន្ន កម្មករ​រោងចក្រ​ច្រើន​គួរសម​ដែរ ត្រូវ​បាត់បង់​និង​ព្យួរការងារ ដោយសារ​ការជះឥទ្ធិពល​នៃ​ជំងឺ​កូ​វីដ​-១៩​។ បើតាម​ក្រសួង​ការងារ មកដល់ពេលនេះ មាន​រោងចក្រ​ជាង​១៣០​ហើយ ដែល​សុំ​ព្យួរការងារ ហើយ​មាន​កម្មករ​ជិត​១០​ម៉ឺន​នាក់ ដែល​រង​ផលប៉ះពាល់​។  
 
​ក្រៅពីនេះ អ្នកបម្រើ​ការងារ ក្នុង​វិស័យ​ផ្សេងៗ​ទៀត ក៏រង​ផលប៉ះពាល់ដែរ បន្ទាប់ពី​រដ្ឋាភិបាល​បិទ​អាជីវកម្ម​មួយចំនួន​ជា​បណ្តោះអាសន្ន​។ ប្រភេទ​អាជីវកម្ម​ទាំងនោះ រួមមាន ខារ៉ាអូខេ ក្លិប​កម្សាន្ត ប៊ី​ហ្កា​ឌិន រោងកុន កាស៊ីណូ កន្លែង​ម៉ាស្សា​-​ស្ប៉ា និង កន្លែង​ហាត់ប្រាណ ជាដើម​។ 
 
​ក្នុង​សារលិខិត​ដដែល សម្តេចនាយក​រដ្ឋមន្ត្រី បានបង្ហាញ​ពី​ការយកចិត្តទុកដាក់​និង​ការលើកកម្ពស់​របស់រ​ដ្ឋា​ភិ​បាល ទៅលើ​សុវត្ថិភាព និង​សុខភាព​របស់​កម្មករ​និយោជិត នៅតាម​គ្រប់​រោងចក្រ​-​សហគ្រាស​។ សម្តេចនាយក​រដ្ឋមន្ត្រី បន្តថា ការបង្កើន​សុវត្ថិភាព​ក្នុងការ​ដឹកជញ្ជូន​កម្ម​ករ​និយោជិត ត្រូវបាន​អនុវត្ត​យ៉ាងសកម្ម​។ 
 
​ទន្ទឹមនឹងនេះ ប្រមុខ​រដ្ឋាភិបាល បាន​រំលេច​ពី​ព្រឹត្តិការណ៍ ដែល​កំពុង​កើតឡើង​នៅ​កម្ពុជា​ថា ជាមួយនឹង​ការលេចឡើង​នូវ​ជំងឺ​កូ​វីដ​-១៩ រដ្ឋាភិបាល បាន​ចាត់វិធានការ​ហ្មត់ចត់ និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ចំពោះ​សុខភាព​របស់​ប្រជា​ជល​រដ្ឋ រួមទាំង​ជំរុញ​កម្មករនិយោជិត ឲ្យ​ប្រកាន់​ភ្ជាប់​នូវ​ការរក្សា​អនាម័យ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។ 
 
​ប្រមុខ​រដ្ឋាភិបាល ប្រាប់​កម្មករនិយោជិត​ថា ការបើកចំហ​សេរីភាព​នៅ​កម្ពុជា បានធ្វើ​ឲ្យ​ការចុះបញ្ជី​អង្គការ​វិជ្ជាជីវៈ កើនឡើង​គួរ​ឲ្យ​គត់​សម្គាល់​។ ប្រមុខ​រដ្ឋាភិបាល បង្ហាញ​តួលេខ​ក្នុង​សារលិខិត​ថា ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៩ មាន​អង្គការ​វិជ្ជាជីវៈ​ជាង​៥,២​ពាន់ ដែល​កំពុង​ប្រតិបត្តិការ ដោយ​ក្នុងនោះ សហជីព​មូលដ្ឋាន មាន​ជិត​៥​ពាន់ សហព័ន្ធ​សហជីព មាន​២១៦ សហភាព​សហជីព មាន​៣៣ និង សមាគម​និយោជក មាន​១១៕ 

Tag:
 ទិវា​ពលកម្ម​អន្តរជាតិ​
  ហ៊ុន សែន​
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com