កម្ពុជា ដាក់ចេញ​វិធានការ​៩​ចំណុច​ដើម្បី​បន្ត​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩
COVID-19
ជាតិ
កម្ពុជា ដាក់ចេញ​វិធានការ​៩​ចំណុច​ដើម្បី​បន្ត​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩
02, May 2020 , 11:29 pm        
រូបភាព
​ភ្នំពេញ​៖ គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​បើក​កិច្ចប្រជុំ​ជាមួយ​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​៣០ មេសា ដើម្បី​ពិនិត្យ​ស្ថានការណ៍​បច្ចុប្បន្ន ចែករំលែក​ព័ត៌មាន ក្នុងការ​ត្រៀម​រៀបចំ និង​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​-១៩​។ កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នេះ ក៏​រៀបចំឡើង​ដើម្បី​ពិភាក្សា និង​កំណត់​ការគាំទ្រ​ជា​អាទិភាព​នាពេល​អនាគត ដោយ​អង្គការសហប្រជាជាតិ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។

 
​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​កម្ពុជា សម្រេច​ដាក់ចេញ​ចំណុច​អាទិភាព​ចំនួន​៩ ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ដែល​រួមមាន​ការបន្ត​អនុវត្ត​ផែនការមេ និង​បន្ត​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល បណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​។ វាយតម្លៃ និង​ពិនិត្យ​លើ​វិធានការ​ចាំបាច់​នានា​, ការពារ និង​គាំទ្រ​ដល់​ជន​ងាយ​រងគ្រោះ​, ពង្រឹង​យន្តការ​ដឹកនាំ និង​សម្របសម្រួល​ជាមួយ​ភាគី​ពាក់ព័ន្ធ​, ជំរុញ​ការចូលរួម​របស់​សហ​គម​ន៍ និង​បុគ្គល​គ្រប់រូប​, ប្រើប្រាស់​បច្ចេកវិទ្យា​សម្រាប់​គ្រប់គ្រង តាមដាន និង​ស្វែងរក​ជំងឺ​, ការ​គៀរគរ​ធនធាន​ដើម្បី​អនុវត្ត​តាមដាន និង​វាយតម្លៃ និង​បន្ត​កិច្ចសហការ​ជាមួយ​ដៃគូ UN និង​វិស័យ​ឯកជន លើ​ការប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៅក្នុង​ប្រទេស​»​។​
 
​ក្រៅពី​គាំទ្រ​ចំណុច​អាទិភាព​ដែល​ដាក់ចេញ​ដោយ​កម្ពុជា ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ក៏បាន​បញ្ជាក់​ពី​ចំណុច​អាទិភាព​ដែល​ខ្លួន​ជំរុញ​ឲ្យ​ផ្ដោត​ការគាំទ្រ​ដែរ ដែល​រួមមាន​ការពារ​សេវា និង​ប្រព័ន្ធ​សុខាភិបាល​, កិច្ចការពារ​សង្គម និង​សេវា​ជា​មូលដ្ឋាន កិច្ចការពារ​ការងារ សហ​គ្រាន​ធុន​តូច និង​មធ្យម​, ម៉ាក្រូសេដ្ឋកិច្ច និង​កិច្ចសហការ​ពហុភាគី និង​ការត្រៀម​លក្ខណៈ​រួចជាស្រេច និង​ការចូលរួម​របស់​សហ​គម​ន៍​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​។ 
 
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី​២ ឧសភា​នេះ កម្ពុជា​រកឃើញ​អ្នកមាន​កូ​វីដ​-១៩ ចំនួន​១២២​នាក់ ក្នុងនោះ​មាន​១២០​នាក់​ហើយ​ដែល​បានជា​សះស្បើយ ឬ​ស្មើនឹង ៩៩.៣៦ ភាគរយ​។ អ្នកជំងឺ​នៅសល់តែ​២​នាក់​ទៀត​ប៉ុណ្ណោះ​។ អ្នក​សះស្បើយ​ទាំង​១២០​នាក់ មាន​ស្រី​៣៧​នាក់ និង​ប្រុស ៨៣​នាក់ ក្នុងនោះ​មាន​ជនជាតិ​ចិន ចំនួន​៣​នាក់ , អង់គ្លេស​៥​នាក់ , អាមេរិកាំង​២​នាក់ , បែ​ល​ហ្សិ​ក​១​នាក់​, បារាំង​៤០​នាក់ , ម៉ាឡេស៊ី​១៣​នាក់ , កាណាដា​២​នាក់ , វៀតណាម​៣​នាក់​, ឥណ្ឌូណេស៊ី​២​នាក់ និង​ជនជាតិខ្មែរ​៤៩​នាក់​៕

Tag:
 COVID-19
  សុខភាព​
  ម៉ម ប៊ុនហេង​
© រក្សាសិទ្ធិដោយ thmeythmey.com