COVID-19
អន្តរជាតិ
សិង្ហ​បុរី នឹង​បន្ធូរបន្ថយ​ការ​រឹតបន្តឹង ក្រោយ​ការឆ្លង COVID-19 ក្នុង​សហគមន៍​ធ្លាក់ចុះ​
02, May 2020 , 4:59 pm        
រូបភាព
ពលករបរទេសម្នាក់អង្គុយរង់ចាំការត្រួតពិនិត្យសុខភាពនៅសិង្ហបុរី។ រូបភាព Xinhua
ពលករបរទេសម្នាក់អង្គុយរង់ចាំការត្រួតពិនិត្យសុខភាពនៅសិង្ហបុរី។ រូបភាព Xinhua
​សិង្ហ​បុរី នឹង​ចាប់ផ្ដើម​បន្ធូរបន្ថយ​វិធានការ​រឹតបន្តឹង​មួយចំនួន​ដែល​ត្រូវ​បានដាក់​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ COVID-19 ក្រោយ​ការឆ្លង​ក្នុង​សហគមន៍​បាន​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។ បើតាម​គណៈកម្មការ​ទទួល​បន្ទុក COVID-19 សិង្ហ​បុរី ការធ្លាក់ចុះ​ការឆ្លង​ក្នុង​សហគមន៍​នេះ ដែលជា​លទ្ធផល​នៃ​ការ​រឹតត្បិត​សកម្មភាព​ជាង​ពីរ​សប្ដាហ៍​មកនេះ​។ សកម្មភាព​សេដ្ឋកិច្ច​មួយចំនួន​ដែលមាន​ហានិភ័យ​ទាប នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ដំណើរការ​ឡើងវិញ​ចាប់ពី​សប្ដាហ៍​ក្រោយ​ទៅ​។​

 
​គិត​ត្រឹម​ថ្ងៃទី​២ ខែឧសភា សិង្ហ​បុរី​មាន​ករណី​ឆ្លង COVID-19 ចំនួន​១៧០១០​នាក់ ដែល​ភាគច្រើន​ជា​កម្មករ​បរទេស​រស់​នៅក្នុង​បន្ទប់​តូចចង្អៀត​។ ទោះ​ករណី​ឆ្លង​ក្នុងចំណោម​ពលករ​បរទេស​នៅមាន​ចំនួន​ច្រើនក្ដី ការឆ្លង​ក្នុង​សហគមន៍​បាន​ថយចុះ​។ នៅ​ថ្ងៃទី​២ ខែឧសភា​ដដែល សិង្ហ​បុរី​រាយការណ៍​ករណី​ឆ្លង​ក្នុង​សហគមន៍​តែ​៥​ករណី​ប៉ុណ្ណោះ​។​
 
​ជាមួយនឹង​ស្ថានភាព​ធូរស្រាល​ក្នុងស្រុក និង​ការគ្រប់គ្រង​ស្ថានការណ៍​ក្នុងចំណោម​កម្ម​ករបរ​ទេស​ដែល​រស់​នៅតាម​អន្តេវាសិកដ្ឋាន​នានា រដ្ឋាភិបាល​សិង្ហ​បុរី ក៏​ត្រៀម​បើក​ដំណើរការ​សកម្មភាព​ខ្លះ​ឡើងវិញ ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​។ រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី លោក Gan Kim Yong និយាយ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃទី​២ ខែឧសភា ថា អាជីវកម្ម​ខ្លះ​អាច​ចាប់​បើក​ឡើងវិញ​ចាប់ពី​ថ្ងៃទី​១២ ខែឧសភា​តទៅ ហើយ​ការរកស៊ី​ខ្លះទៀត នឹងត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរការ​តាម​ដំណាក់កាល​ក្រោយៗ​។​
 
​អាជីវកម្ម​អាហារ​តាម​ផ្ទះ ហាង​អាហារ​ខ្លះ និង​ក្រុមហ៊ុន​ផលិត​អាហារ ក៏​ស្ថិត​ក្នុងចំណោម​អាជីវកម្ម​ដែល​ត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរការ​នៅ​ថ្ងៃទី​១២ ខែឧសភា​ផងដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក Lawrence Wong រដ្ឋមន្ត្រី​អភិវឌ្ឍ​ជាតិ​របស់​សិង្ហ​បុរី​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល​។ លោក Wong បន្តថា អាជ្ញាធរ​ក៏​នឹង​អនុញ្ញាត​ឲ្យ​ដំណើរការ​ការសិក្សា​ទល់មុខ​គ្នា​របស់​សិស្ស​ផងដែរ ប៉ុន្តែ​ត្រូវមាន​ទំហំ​តូច និង​ផ្ដល់​អាទិភាព​សម្រាប់​សិស្ស​ដែល​ត្រូវ​ប្រឡង ឬ​អ្នក​ដែល​ត្រូវ​បញ្ចប់​ការសិក្សា​។ 
 
​ដោយឡែក ការព្យាបាល​តាមបែប​បុរាណ​ចិន​ដូចជា​ការចាក់​ម្ជុល នឹងត្រូវ​អនុញ្ញាត​ឲ្យ​ដំណើរ​មុនគេ គឺ​នៅ​ថ្ងៃទី​៥ ខែឧសភា ព្រម​គ្នា​ការហាត់​ប្រាណ​ក្បែរៗ​ផ្ទះ​នៅតាម​តំបន់​ខ្លះ ប៉ុន្តែ​ការអនុវត្ត​គម្លាត​សុវត្ថិភាព​នៅតែ​ត្រូវបាន​អនុវត្ត​ដដែល​។ ចំណែក​សកម្មភាព​កីឡា​ផ្សេងទៀត នៅតែ​ស្ថិតក្រោម​ការហាមឃាត់​ដដែល​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រ​ទស្សន៍ Channel NewsAsia ។​
 
​ទោះជា​យ៉ាងណា រដ្ឋាភិបាល​សិង្ហ​បុរី ក៏​ព្រមាន​ដែរ​ថា ការលើកលែង​ការ​រឹតត្បិត​ពេលនេះ មិនមែន​មានន័យថា សិង្ហ​បុរី​អស់​ក្ដីបារម្ភ​នឹង COVID-19 ឡើយ​។ លោក Gan ដែលជា​សហប្រធាន​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ឆ្លើយតប COVID-19 លើកឡើងថា បណ្ដុំ​ការឆ្លង​ថ្មី​នៅតែ​អាច​កើតមាន ប្រសិន​ប្រជាជន​បាត់បង់​ការការពារ ដូចនេះ​ប្រជាជន​សិង្ហ​បុរី​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​របស់ខ្លួន​៕  

Tag:
 ​សិង្ហ​បុរី​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com