COVID-19
អន្តរជាតិ
ទិវា​សេរីភាព​សារព័ត៌មាន​៖ ប្រមុខ UN ស្នើ​រដ្ឋាភិបាល​ការពារ​អ្នកកាសែត និង​លើកកម្ពស់​សេរីភាព​បញ្ចេញមតិ​
03, May 2020 , 10:15 am        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក្នុងសន្និសីសារព័ត៌មានកន្លងទៅ។ រូបភាព Xinhua
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក្នុងសន្និសីសារព័ត៌មានកន្លងទៅ។ រូបភាព Xinhua
​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានចេញ​សារ​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ថ្ងៃទី​៣ ខែឧសភា ដោយបាន​អំពាវនាវ​ឲ្យ​មានការ​ការពារ​អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យនេះ​។ លោក ហ្គូ​តេ​រ៉េ​ស និយាយថា អ្នកសារព័ត៌មាន មាន​តួនាទី​សំខាន់​ក្នុង​ផ្ដល់ព័ត៌មាន​ពិត និង​ជា​ថ្នាំ​ដើម្បី​ព្យាបាល​អ្វីដែល​ហៅថា ការ​រាតត្បាត​ព័ត៌មាន​ក្លែងបន្លំ​អំឡុងពេល​ជំងឺ COVID-19 ។​

 
​ក្នុង​សារ​វីដេអូ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២ ខែឧសភា ប្រមុខ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បានលើកឡើង​ពី​តួនាទី​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អំឡុងពេល​រាតត្បាត​ជំងឺ COVID-19 នៅ​ជុំវិញ​ពិភពលោក និង​ជួយផ្ដល់​ព័ត៌មាន​ពិត​ដើម្បី​ឈានទៅ​កាន់ការ​សម្រេចចិត្ត​ត្រឹមត្រូវ​។ បើតាម​លោក ហ្គូ​តេ​រ៉េ​ស ការសម្រេចចិត្ត​ដោយ​ផ្អែកលើ​ព័ត៌មាន​ច្បាស់លាស់ គឺមាន​ឥទ្ធិពល​ខ្លាំង​ព្រោះ​អាច​បណ្ដាល​ឲ្យ​មានការ​ស្លាប់ ឬ​ការរស់រានមានជីវិត​។​
 
«​នៅពេល​ជំងឺ​COVID-19 រាតត្បាត ជំងឺ​នេះ​ក៏​នាំ​ឲ្យ​មានការ​កើនឡើង​ការ​រាតត្បាត​ព័ត៌មាន​ក្លែងបន្លំ​ចាប់ពី​ការណែនាំ​ដែល​ប៉ះពាល់​ដល់​សុខភាព​រហូតដល់​ការ​សាយភាយ​ទ្រឹស្តី​ប្លែកៗ​។ សារ​ព័ត​មាន​ជា​អ្នកផ្ដល់​ថ្នាំបន្សាប គឺ​ព័ត៌មាន និង​ការវិភាគ​ដែល​ច្បាស់លាស់ បែប​វិទ្យាសាស្ត្រ និង​ផ្អែកលើ​ការពិត​។​» លោក ហ្គូ​តេ​រ៉េ​ស បញ្ជាក់​បែបនេះ​ក្នុង​សារ​វីដេអូ​របស់លោក​។​
 
​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនេះ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំងអស់​ការពារ​អ្នកសារព័ត៌មាន និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យនេះ និង​លើកកម្ពស់​សេរីភាព​សារព័ត៌មាន​ផងដែរ​។ ត្រង់ចំណុច​នេះ លោក ហ្គូ​តេ​រ៉េ​ស ក៏​និយាយ​ដល់​វិធានការ​រឹតបន្តឹង​របស់​ប្រទេស​នានា​ដើម្បី​ការពារ​ការឆ្លង​ជំងឺ COVID-19 ។ សម្រាប់​លោក វិធានការ​នេះ​ជា​រឿង​សំខាន់ តែ​ក៏​មិន​ត្រូវយក​វិធានការ​នេះ​ទៅ​រឹតត្បិត​សមត្ថភាព​របស់​អ្នកសារព័ត៌មាន​ក្នុងការ​បំពេញការងារ​របស់​ពួកគេ​ដែរ​។ 
 
​ទាក់ទង​បញ្ហា​នេះ លោក David Kaye អ្នករាយការណ៍​ពិសេស​សម្រាប់​ការលើកកម្ពស់ និង​ការពារ​សិទ្ធិ និង​សេរីភាព​បញ្ចេញមតិ និង​យោបល់ និយាយថា លោក​បានទទួល​ព័ត៌មាន​នៃ​ការសង​សឹក​លើ​អ្នកសារព័ត៌មាន​ក្រោមរូបភាព​នៃ​ការ​ចែកចាយ​ព័ត៌មាន​ក្លែងបន្លំ​។ ចំណែក​របាយការណ៍​គណៈកម្មាធិការ​ដើម្បី​ការពារ​អ្នកកាសែត​វិញ បញ្ជាក់ថា អ្នកសារព័ត៌មាន​យ៉ាងហោចណាស់​២៥០​នាក់​នៅ​ជុំវិញ​ពិភពលោក កំពុងស្ថិត​ក្រោម​ការឃុំ​ខ្លួន​។​
 
​ទោះជា​យ៉ាងណា លោក ហ្គូ​តេ​រ៉េ​ស បាន​អរគុណ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ផ្ដល់ព័ត៌មាន​ពិត និង​ការវិភាគ និង​ចំពោះ​តួនាទី​របស់​ពួកគេ​ក្នុងការ​តាមដាន​មេដឹកនាំ​គ្រប់​វិស័យ និង​សម្រាប់​ការនិយាយ​ការពិត​។ លោក​ក៏​ទទួលស្គាល់​ដែរ​ថា អ្ន​កាសែត​បាន​ដើរតួនាទី​ជា​អ្នក​ជួយសង្គ្រោះ​ជីវិត​អំឡុងពេល COVID-19 នេះ និង​ថា ការការពារ​អ្នកសារព័ត៌មាន ជា​រឿ​សំខាន់​សម្រាប់​អនាគត​នៃ​សន្តិភាព យុត្តិធម៌ និង​សិទ្ធិមនុស្ស​សម្រាប់​ទាំងអស់គ្នា​៕

Tag:
 UN
  អាន់​តូ​នី​ញ៉ូ​ហ្គូ​តេ​រ៉េ​ស​
  អ្នកសារព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com