ជាតិ
សង្គមជាតិ
អ្នកកាសែត​ជើងចាស់​វាយតម្លៃថា សេរីភាព​សារព័ត៌​មាននៅ​កម្ពុ​ជាមាន​ហើយ តែ​ខ្វះ​អ្នកជំនាញ និង​វិជ្ជាជីវៈ​
03, May 2020 , 11:13 am        
រូបភាព
​ភ្នំពេញ​៖ បច្ចុប្បន្ន​សេរីភាព​អ្នកសារព័ត៌មាន ក៏ដូចជា​លំហូរ​ព័ត៌មាន​នៅ​កម្ពុជា គឺមាន​គ្រប់​រូបភាព តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ប៉ុន្តែ​វិស័យនេះ បែរជា​ខ្វះ​នូវ​អ្នកជំនាញ និង​អ្នកអនុវត្ត​ក្រមសីលធម៌​-​វិជ្ជាជីវៈ ក្នុងការ​ប្រមូល​ព័ត៌មាន​ត្រឹមត្រូវ ឬ ពិតប្រាកដ​សម្រាប់​ផ្តល់ជូន​សាធារណជន​នៅក្នុង​សង្គម​។ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នក​សែត​ជើងចាស់​កម្ពុជា ដែលមាន​បទ​សោធន៍​ការងារ​ក្នុង​វិស័យនេះ​ជាង​២០​ឆ្នាំ​មកហើយ​។

 
​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា  បាន​សង្កេតឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ មិន​ថា​សារព័ត៌មាន​បែប​ប្រពៃណី​(​ទូរទស្សន៍ វិទ្យុ កាសែត​បោះពុម្ព​) និង​សារព័ត៌មាន​តាមបែប​អេឡិចត្រូនិក​(​អន​ឡាញ​- Online) នោះទេ គឺមាន​ការរីក​ដុះ​ដាល ខ្លាំង​មែនទែន​។ ក្នុង​វេទិកា​តុមូល​ស្តីពី​«​ការចូលរួម​លើកកម្ពស់ និង​ធានា​សិទ្ធិសេរីភាព​សារព័ត៌មាន​» នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១​ឧសភា ឆ្នាំ​២០២០​។ បើតាម​លោក ប៉ែន បូ​ណា  ការរីក​ដុះ​ដាល​នៃ​សារព័ត៌មាន​នោះ គឺមាន​ទាំង​សិទ្ធិ​ទទួលបាន ព័ត៌មាន​ពី​ប្រភព​ពិ​សេ​សេ​មន្ត្រីរាជការ និង​ផ្តល់​សិទ្ធិ​ផ្តល់ព័ត៌មាន ទៅឱ្យ​សារ​ធារ​ណ​ជន​។ 


លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា។
 
​ទន្ទឹមនឹង​សារព័ត៌​មាននៅ​កម្ពុជា​រីកលូតលាស់​ខ្លាំង​នោះ លោក ប៉ែន បូ​ណា ក៏​មើលឃើញ​ពី​បញ្ហា​ដ៏​សំខាន់​មួយ​របស់​អ្នកកាសែត ពិសេស​អ្នកកាសែត​ដែល​ធ្វើ​ការងារ​លើ​ប្រព័ន្ធ​អន​ឡាញ គឺ​កង្វះខាត​នូវ​ក្រមសីលធម៌ និង​វិ​ជា្ជ​ជីវៈ ក្នុងពេល​អនុវត្ត​សិទ្ធិសេរីភាព​របស់ខ្លួន​។ «​បង​-​ប្អូន​សារព័ត៌មាន​យើង​មួយចំនួន ពិសេស​អ្នកសារព័ត៌មាន​អន​ឡាញ  គាត់​អនុវត្ត​វិជ្ជាជីវៈ​យើង​អត់​ទាន់​ត្រឹមត្រូវ ទៅតាម​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន ដែល​បាន​បង្កបញ្ហា ជាការ​រំលោភសិទ្ធិ​ឯកជន​និង​រំលោភ​ដែន​សមត្ថកិច្ច​ស​ផ្សេងៗ​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​អ្នក​ក្លិប​អ្នកកាសែត​កម្ពុជា​រូបនេះ ដោយបាន​បន្តថា ទន្ទឹមនឹង​កង្វះខាត ឬ​ការអនុវត្ត​លើស​នៃ​ក្រមសីលធម៌ វិ​ជា្ជ​ជីវៈ​របស់​អ្នកសារព័ត៌មាន​មួយចំនួន អាជ្ញា​ធរមាន​សមត្ថកិច្ច ឬ​អ្នកពាក់ព័ន្ធ​ផ្សេងៗ​ដែល​រង​ប៉ះពាល់ ក៏បាន​ចាត់វិធានការ លើ​អ្នកកាសែត លើសពី​ក្រម​ខណ្ឌ​នៃ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ផងដែរ​។ លោក​បាន​បញ្ជាក់ថា​៖«​យើង​មាន​បញ្ហា​ច្រើន​គួរសម​ដែរ រវាង​អ្នកកាសែត ជាមួយ​មន្ត្រី អាជ្ញាធរ អ្នកជំនាញ ជាដើម​»​។​
 
​ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព​សារព័ត៌​មាននៅ​កម្ពុជា លោក គី សុខ​លីម ស្ថាបនិក​នៃ​សារព័ត៌មាន​ថ្មីៗ​(ThmeyThmey.com) លើកឡើង​ក៏​មិន​ខុសគ្នា​ពី​លោក ប៉ែន បូ​ណា ប៉ុន្មាន​ដែរ​។ លោក សុខ​លីម បាន​និយាយថា បច្ចុប្បន្ន សេរីភាព និង​លំហូរ​ព័ត៌មាន​នៅ​កម្ពុជា គឺមាន​ច្រើន​ជាមុន និង​ធំ​ជាង​មុន បើ​ធៀប​នឹង​១០​ឆ្នាំ​មុខ​។​«​ពីមុន​បើ​ខ្ញុំ​ចង់រក​ព័ត៌មាន គឺ​វា​ពិបាក​មែនទែន ប៉ុន្តែ​ឥឡូវនេះ គ្រាន់តែ​យើង​បើកភ្នែក​ឡើង យើង​អាច​ឃើញ​ប្រភពព័ត៌មាន​ជាច្រើន​»​។  បើតាម​លោក គី សុខ​លីម ប្រភពព័ត៌មាន​ទាំងនោះ គឺ​បាន​ពី​បញ្ចេញមតិ និង​គំនិត​នានា​របស់​ពលរដ្ឋ តាមរយៈ​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា ពិសេស​គឺ​នៅលើ​ហ្វេ​ស​ប៊ុ​ក​(Facebook)​។ 


លោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ។
 
​អ្នក​សារ​កាសែត​ជើងចាស់​រូបនេះ បាន​បន្ត ប្រជាពលរដ្ឋ​នាបច្ចុប្បន្ន សឹងតែ​អាច​ក្លាយជា​សារព័ត៌មាន បាន​ដោយមាន​គំនិត​អ្វីមួយ ដែល​មិន​ចិត្ត​ចំពោះ​រដ្ឋាភិបាល ចំពោះ​សហគម ឬ​ចំពោះ​នរណាម្នាក់ ពេលខ្លះ​គឺអាច​បញ្ចេញមតិ​បាន នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងនោះ​។ លំហូរ​នៃ​ការទទួលបាន​ព័ត៌មាន​នេះ ត្រូវបាន​លោក គី សុខ​លីម បាន​យកទៅ​ប្រៀបធៀប​នឹង​វិស័យ​ព័ត៌មាន​នៅ​កម្ពុជា កាលពី​២០​ឆ្នាំមុន​។ លោក គី សុខ​លីម បញ្ជាក់​ដូច្នេះ​៖«​យើងទាំងអស់គ្នា​ដែលជា​ពលរដ្ឋ គឺជា​អ្នកទទួល​ព័ត៌មាន​ពី​ទូរទស្សន៍ ពី វិទ្យុ និង​ពី​កាសែត​។ អ៊ីចឹង ប្រជាពលរដ្ឋ​គឺ​អត់​មាន​សិទ្ធិ​អ្វី​ទាំងអស់ អត់​អាច​បញ្ច្រាស​បាន​ទៅវិញ​ទេ​[​តែ​] ឥឡូវនេះ ប្រជាពលរដ្ឋ​មិន​ពេញ​នរណាម្នាក់ មិន​ពេញ​ចិត្តនឹង​សារព័ត៌មាន​(​បែប​បុរាណ​)​ហ្នឹង ប្រជាពលរដ្ឋ​គឺអាច​បញ្ច្រាស​ឬ​ប្រឆាំង​ទៅវិញ​បាន​ភ្លាមៗ នៅពេលដែល​ចុះផ្សាយ​ព័ត៌មាន​ខុស ឬ​មិន​ត្រឹមត្រូវ​»​។ 
 
​បើតាម​លោក គី សុខ​លីម ទំនាក់ទំនង​បែបនេះ គឺជា​សេរីភាព​សារព័ត៌មាន​មួយ​ដែរ នៃ​លំហរ​ប្រតិកម្ម​ទៅវិញទៅមក រវាង​ពលរដ្ឋ និង​អ្នកសារព័ត៌មាន ដែលមាន​ធំ​ជាង​មុន ហើយ​វា​ក៏​កាន់តែ​ធ្វើឱ្យ​អ្នកសារព័ត៌មាន មាន​សម្ពាធ​កាន់តែ​ធំ ក្នុងការ​ប្រមូល​ព័ត៌មាន និង​ចុះផ្សាយ​ព័ត៌មាន​ដែល​ពិត និង​ត្រឹមត្រូវ ដោយ​ទាមទារ​ចាំបាច់​ឱ្យ​អ្នកកាសែត​ត្រូវអនុវត្ត តាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​។  
 
​ជាមួយនឹង​គ្នា​នេះ លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកកាសែត​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​លើកឡើងថា ការផ្សព្វផ្សាយ​សារព័ត៌មាន​មាន​តួនាទី​ចំនួន​៤ ដែល​ច្រឡំ​គ្នា​នៅ​សង្គម​បច្ចុប្បន្ន​។ ក្នុងនោះ មាន​អ្នកសារព័ត៌មាន អ្នកលេង​បណ្តាញ​សង្គម ព័ត៌មាន​ពលរដ្ឋ និង​អ្នកធ្វើការងារ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​លើ​បណ្តាល​សង្គម​។ បើតាម​លោក ហ៊ុយ វណ្ណៈ ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម គឺ​វា​ច្របូកច្របល់​គ្នា ដែល​វា​ឱ្យ​ប៉ះពាល់​ដល់​វី​ជ្ជា​ជីវៈ​សារព័ត៌មាន ហើយ​លោក​ទាមទារ​ឱ្យ​អ្នក​ប្រកបការងារ ក្នុង​វិស័យ​សារព័ត៌មាន​ត្រូវខិតខំ​ស្រាវជ្រាវ  រៀនសូត្រ និង​អភិវឌ្ឍ​ខ្លួន នៅក្នុង​តួនាទី ឬ​ជំនាញ​នីមួយៗ​នៃ​អ្នកកាសែត​។ 


លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកកាសែតកម្ពុជា ។
 
​លោក​បាន​បន្តថា សព្វថ្ងៃនេះ សេរីភាព​អ្នកសារព័ត៌មាន គឺមាន​រហូតដល់​ពិបាក​ក្នុងការ​គ្រប់គ្រង ដែល​ធ្វើ​លើស​វិជ្ជាជីវៈ នាំឱ្យមាន​ភាព​ប្រឈមមុខ​នឹង​រដ្ឋាភិបាល ឬ​ភាគី​ពាក់ព័ន្ធ​នានា ក្នុងសង្គម​។ លោក​បាន​សង្កេតឃើញ​បាន​ថា មាន​អ្នកសារព័ត៌មាន​មួយចំនួន ពិសេស​នឹង​អ្នក​ដែល​រាយការណ៍​ព័ត៌មាន​ទាន់​ហេតុការណ៍ (Live) គឺ​គ្មាន​ការផ្ទៀងផ្ទាត់ និង​សុក្រឹតភាព​ក្នុងការ​ផ្តល់ព័ត៌មាន​ទៅ​សាធារណជន​ឡើយ​។ តែ​បែរជា​ធ្វ​ឱ្យគេ​យល់ច្រឡំ  ពី​ល្អ​ទៅ​អាក្រក់ ឬ​ស​ទៅ​ខ្មៅ​វិញ​។  
 
​សូមជម្រាបថា ក្នុង​ឆ្នាំ​២០២០ សេរីភាព​សារព័ត៌មាន​របស់​កម្ពុ​ជា បាន​ថយចុះ​មួយ​លេខ​ទៀត ពោលគឺ​ទទួលបាន​ជាប់​ចំណាត់ថ្នាក់​លេខ​១៤៤ ក្នុងចំណោម​ប្រទេស​ចំនួន​១៨០​។ នេះ​បើតាម​របាយការណ៍​រប​ស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន​(RSF)៕ 

Tag:
 សេរីភាព​សារព័ត៌មាន​
© រក្សាសិទ្ធិដោយ thmeythmey.com