អន្តរជាតិ
កូរ៉េទាំងពីរ បាញ់កាំភ្លើងដាក់គ្នាជាច្រើនគ្រាប់នៅតំបន់គ្មានកងទ័ព កងទ័ពកូរ៉េខាងត្បូងឈរយាមនៅផ្នែកខាងត្បូងនៃតំបន់គ្មានកងទ័ពខណ្ឌចែកឧបកូរ៉េ។ រូបភាព KCNA
× យោធាកូរ៉េខាងត្បូង និងខាងជើង នៅព្រឹកថ្ងៃទី៣ ខែឧសភាបានបាញ់កាំភ្លើងដាក់គ្នាទៅវិញទៅមកជាច្រើនគ្រាប់នៅឯ៑តំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកកូរ៉េទាំងពីរ។ បើតាមយោធាកូរ៉េខាងត្បូង កងទ័ពកូរ៉េខាងជើង ជាអ្នកចាប់ផ្ដើមបាញ់មុន។
សេនាធិការចម្រុះកងទ័ពកូរ៉េខាងត្បូង បញ្ជាក់ថា យោធាកូរ៉េខាងជើង បានបាញ់កាំភ្លើងជាច្រើនគ្រាប់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យរបស់ខ្លួនមួយកន្លែងនៃទីក្រុង Cheorwon ក្នុងតំបន់គ្មានយោធានៅម៉ោង៧ និង៤១នាទី ព្រឹកថ្ងៃទី៣ ខែមេសា។ យ៉ាងណាមិញ មិនមានរបាយការណ៍ពីការស្លាប់ និងរបួស ក៏ដូចជាការខូចខាតណាឡើយ
បើតាមទីភ្នាក់ងារព័តមាន Yonhap យោធាកូរ៉េខាងត្បូង ក៏បានបន្លឺសារព្រមាន ហើយបាញ់តវិញ២០គ្រាប់ផងដែរ។ មិនទាន់មានព័ត៌មានជាក់លាក់ទាក់ទងហេតុការណ៍នេះនៅឡើយទេ ប៉ុន្តែយោធាកូរ៉េខាងត្បូងអះអាងថា ខ្លួនបានប្រើប្រាស់បណ្ដាញទាក់ទងអន្តរកូរ៉េដើម្បីប្រមូលព័ត៌មាន និងបញ្ចៀសហេតុការណ៍បែបនេះកើតឡើងម្ដងទៀត។
ការបាញ់បោះទៅមក កើតឡើងក្រោយការបង្ហាញមុខឡើងវិញរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្រោយបាត់ដំណឹង២០ថ្ងៃដែលនាំឲ្យមានពាក្យចចាមអារ៉ាមទាក់ទងសុខភាពលោក៕
Tag:
កូរ៉េខាងត្បូង
កូរ៉េខាងជើង
DMZ
© រក្សាសិទ្ធិដោយ thmeythmey.com