ភ្នំពេញ៖ ស្របពេលដែលកម្ពុជា កំពុងប្រឈមនឹងការឆ្លងជំងឺសួតដែលបង្កដោយ កូរ៉ូណាវីរុស (COVID-19) មនុស្សចាស់ជរា និងអ្នកមានជំងឺរ៉ាំរ៉ៃជាច្រើន ត្រូវការការថែទាំខ្ពស់ ព្រោះពួកគេត្រូវចៀសវាងចេញទៅក្រៅ ជាពិសេសទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ដើម្បីបន្ថយហានិភ័យនៃការឆ្លងមេរោគ។ ប៉ុន្តែក្តីបារម្ភនោះគឺស្ថានភាពសុខភាពពួកគាត់អាចប្រឈមការធ្លាក់ដុនដាប ដោយសារអ្នកជំងឺទាំងនោះ មិនអាចទៅចេញក្រៅ ទៅពិនិត្យជំងឺ ឬទទួលការថែមទាំវេជ្ជសាស្ត្រ នៅមន្ទីរពេទ្យ ក៏ដូចជាមិនអាចធ្វើលំហាត់ប្រាណបានទៀងទាត់។
មនុស្សដែលមានវ័យចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ រួមទាំងអ្នកមានជំងឺរ៉ាំរ៉ៃប្រចាំកាយ ស្ថិតក្នុងចំណោមអ្នកមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគ COVID-19។ ក្រុមមនុស្សទាំងនេះ ងាយឆ្លង ហើយពិបាកព្យាបាលជាពីជំងឺកូវីដ-១៩ ដោយសារតែសុខភាពរបស់ពួកគេទន់ខ្សោយ។ នេះតាមការសិក្សាស្រាវជ្រាវ របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (U.S.CDC)។
នៅកម្ពុជាបច្ចុប្បន្ន បើតាមអង្គការ Oxfam កម្ពុជា ប្រជាជនវ័យចំណាស់មានចំនួនប្រមាណ១,៣លាននាក់ ដែលស្មើនឹង ៨ភាគរយ នៃប្រជាជនសរុប។ ប្រជាជនវ័យចំណាស់ និងមានជំងឺប្រចាំកាយទាំងនោះ កំពុងព្យាយាមសម្របខ្លួន ជាមួយស្ថានភាពលំបាកដែលមានជំងឺឆ្លងរាតត្បាត ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន ពីមេរោគឆ្លងផង និងរក្សាសុខភាពកុំឲ្យធ្លាក់ចុះទ្រុឌទ្រោមផង។
ក្នុងចំណោមនោះមាន លោកយាយ លី មី មានវ័យ៨៤ឆ្នាំ ដែលត្រូវបង្ខំចិត្តឈប់ចេញដើរផ្សារទិញម្ហូបអាហារ សម្រាប់ផ្គត់ផ្គង់គ្រួសាររៀងរាល់ថ្ងៃ និងទៅវត្តអារាម ដោយសារតែឥទ្ធិពល នៃជំងឺឆ្លងរាតត្បាតកូវីដ-១៩។
ការសម្ងំខ្លួននៅតែផ្ទះ ដោយមិនចេញទៅក្រៅ និងមិនជួបជុំគេឯង នៅតាមទីសាធារណៈ គឺវិធីបង្ការដ៏ល្អបំផុតពីការឆ្លងជំងឺកូវីដ-១៩។ ប៉ុន្តែសម្រាប់មនុស្សទូទៅ ពិសេសមនុស្សចាស់ និងអ្នកមានជំងឺរ៉ាំរ៉ៃ ច្បាស់ជាអាចមានអារម្មណ៍អផ្សុក និងធុញទ្រាន់ ហើយវាក៏អាចឱ្យធ្វើរាងកាយទ្រុឌទ្រោម និងឈឺនេះឈឺនោះ អាស្រ័យតាមវ័យផងដែរ។ លោកយាយ លី មី ធា្លប់មានអារម្មណ៍បែបនេះដែរ ប៉ុន្តែបានរំសាយទៅវិញ ដោយសារការព្យាយាមធ្វើឱ្យខ្លួនឯងរវល់ជារៀងរាល់ថ្ងៃ ដូចជាចម្អិនអាហារ បោសសម្អាត-រៀបចំផ្ទះ ថែសួនផ្កា និងសកម្មភាពនានាជាដើម។ លោកយាយ មានប្រសាសន៍ថាសម្រាប់មនុស្សចាស់ ការធ្វើកិច្ចការផ្ទះទាំងនេះ មិនត្រឹមតែជួយបង្ការពីការឆ្លងកូវីដ-១៩នោះទេ វាក៏ដូចជាការហាត់ប្រាណមួយ ដើម្បីជួយរក្សាលំនឹងសុខភាពឱ្យល្អដែរ។
«យើងចាស់ហើយ យើងត្រូវការពារសុខភាពយើង។ គ្មានអ្នកណាមកការពារសុខភាពយើងបានទេ ក្រៅពីខ្លួនយើង។ បើយើងឆ្លងជំងឺនេះ(កូវីដ-១៩) គឺពិបាកព្យាបាលជាងក្មេងៗ»។ នេះជាការលើកឡើងរបស់ លោកយាយ លី មី ដែលកំពុងឈរកាន់ទុយោស្រោចផ្កា ប្រទាល និងដើមឈើនានាក្នុងបរិវេណផ្ទះ ដែលស្ថិតនៅសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្រាប់លោកយាយ លី មី ការធ្វើការងារផ្ទះ មើលថែសួន និងដំណាំជាដើម មិនត្រឹមធ្វើឱ្យមាន អារម្មណ៍ស្រស់ស្រាយប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យលោកយាយ អាចសម្រាន្តលក់ស្រួល និងមិនធ្វើឱ្យជំងឺលើសឈាមរបស់ខ្លួនធ្វើទុក្ខឡើយ។
លោកយាយបន្តថា៖«រាល់ថ្ងៃ ក្រៅពីលើសឈាម ខ្ញុំគ្មានជំងឺអ្វីទេ។ ខ្ញុំលេបថ្នាំលើសឈាមមួយគ្រាប់រាល់ព្រឹក ដែលកូនចៅទិញទុកបម្រុងឱ្យមិនដែលខ្វះ ហើយខ្ញុំក៏មិនដែលទៅជួបពេទ្យដែរ»។ លោកយាយ បានបញ្ជាក់ថា ថ្នាំលើសឈាមដែលពិសារាល់ព្រឹកនេះ គឺមានការណែនាំពីវេជ្ជបណ្ឌិត ដែលលោកយាយបានទៅពិនិត្យជំងឺ មុនពិភពលោកមានកូវីដ-១៩។
សព្វថ្ងៃក្រៅពីថ្នាំលើសឈាម និងថ្នាំផ្សេងៗស្តុកសម្រាប់បង្ការជំងឺប្រចាំកាយ លោកយាយ លី មី ក៏មានឧបករណ៍ពេទ្យមួយចំនួន ដែលអាចប្រើប្រាស់នៅផ្ទះបាន ដោយមិនចាំបាច់ទៅពេទ្យ។ ដូចជា ឧបករណ៍វាស់កម្តៅ វាស់សម្ពាធឈាម វាស់បេះដូងជាដើម។ បើតាមលោកយាយវ័យ៨៤ឆ្នាំរូបនេះ ក្នុងស្ថានភាពបច្ចុប្បន្ន វាចាំបាច់សម្រាប់មនុស្សចាស់ ក្នុងការថែទាំសុខភាពឱ្យបានខ្ជាប់ខ្ជួននៅផ្ទះ ដើម្បីចៀសវាង ចេញទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យ។
«បើយើងមានជំងឺរ៉ាំរ៉ៃប្រចាំកាយ យើងគួរតែទិញថ្នាំទុកជាប្រចាំទៅ ពិសេសក្នុងស្ថានភាពពិភពលោក ជួបនឹងជំងឺឆ្លងបែបនេះ។ បើគ្មានការចាំបាច់ ឬជំងឺធ្ងន់ធ្ងរទេ មិនគួរទៅពេទ្យទេ ព្រោះពេទ្យ គឺជាកន្លែងឆ្លងជំងឺទៅវិញទេ»។ នេះជាយោបល់របស់លោកយាយ លី មី។
លោកយាយលី មី កំពុងអង្គុយនៅក្នុងផ្ទះ
គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ កម្ពុជារកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន១២២នាក់ ក្នុងរាជាធានី-ខេត្តចំនួន១៣។ ក្នុងនោះមានអ្នកជាសះស្បើយ១២០នាក់ ខណៈ២នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ថ្វីដ្បិតការឆ្លងនៃមេរោគនេះ ហាក់មានការថមថយក៏ដោយចុះ អាជ្ញាធរសុខាភិបាលកម្ពុជា នៅតែព្រមានពីលទ្ធភាពនៃការកើតមានរលកឆ្លងទីពីរ និងដាស់តឿនប្រជាជន ឲ្យរក្សាគម្លាតសុវត្ថិភាព និងអនុវត្តអនាម័យខ្លួនប្រាណឲ្យបានខ្ជាប់ខ្ជួន ដ្បិតពិភពលោក មិនទាន់យកឈ្នះមេរោគបាននៅឡើយ ដរាបណាផលិតវ៉ាក់សាំងការពារ មិនទាន់ត្រូវបានគេរកឃើញនោះ។
ដោយឡែក អ្នកមានជំងឺរ៉ាំរ៉ៃម្នាក់ទៀតគឺ លោកយាយ ផាន់ រ៉ានី ដែលមានវ័យ៧៩ឆ្នាំ រស់នៅខេត្តកណ្តាល ក៏ប្រឈមបញ្ហាស្រដៀងគ្នា ស្របពេលដែលការតាមដានសុខភាពរបស់ខ្លួនធ្លាប់ធ្វើជាប្រចាំនៅមន្ទីរពេទ្យនោះ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ (ThmeyThmey) លោកយាយបញ្ជាក់ថា មុននឹងផ្ទុះជំងឺកូវីដ-១៩ រាល់២ខែម្តង ខ្លួនតែងតែទៅធ្វើដំណើរទៅប្រទេសថៃជាមួយកូន-ចៅ ដើម្បីពិនិត្យសុខភាព និងតាមដាននៃជំងឺថ្លើមរ៉ាំរ៉ៃជាប្រចាំ។ យ៉ាងណាមិញ ទោះជាមិនបានទៅពិនិត្យសុខភាពដោយផ្ទាល់ក៏ពិតមែន ប៉ុន្តែលោកយាយ រៀបរាប់ថា ខ្លួននៅតែសុំការណែនាំពីគ្រូពេទ្យតាមរយៈទូរសព្ទជានិច្ច[...] ដើម្បីរក្សាសុខភាពឲ្យល្អ និងរក្សាអនាម័យក្នុងផ្ទះជាប្រចាំ ដើម្បីទប់ស្កាត់ការឆ្លងកូវីដ-១៩ផង។
«ទោះថាខ្ញុំមិនបានទៅពិនិត្យជំងឺ តាមការណាត់របស់គ្រូពេទ្យដោយសារតែកូវីដ-១៩ តែខ្ញុំនៅតែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងហូបថ្នាំជាប្រចាំ»។ លោកយាយ រ៉ានី ពោលដូច្នេះ។ ក្រៅពីពិសាថ្នាំទៀងពេល តាមវេជ្ជបញ្ជាបស់គ្រូពេទ្យ លោកយាយក៏ឆ្លៀតធ្វើកិច្ចការបន្តិចបន្តួចក្នុងផ្ទះ ដូចជា ដើរស្រោចផ្កា ឱ្យចំណីត្រី បោសសម្អាតផ្ទះ ដើម្បីឱ្យរាងកាយមានចលនា និងឱ្យស្រឡះដៃជើង និងមុខមាត់ផងដែរ។
អ្នកជំនាញជំរុញឲ្យអ្នកជំងឺវ័យចំណាស់ថែរក្សា និងតាមដានសុខភាពដោយខ្លួនឯង
ជុំវិញបញ្ហាប្រឈមនេះ អ្នកជំនាញជំងឺរ៉ាំរ៉ៃយល់ស្រប និងជំរុញឲ្យអ្នកជំងឺទាំងនោះលើកលែងតែអ្នក មានបញ្ហាជំងឺខ្សោយតម្រងនោម និងត្រូវលាងឈាមរ៉ាំរ៉ៃ តាមដាន និងពិនិត្យសុខភាពនៅផ្ទះដោយខ្លួនឯង ដោយគ្រាន់តែអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងរាយការណ៍ពីស្ថានភាពជំងឺប្រចាំកាយ ទៅគ្រូពេទ្យរៀងៗខ្លួន ។
«ក្នុងអំឡុងពេលប្រឈមកូវីដ-១៩ សម្រាប់អ្នកជំងឺរ៉ាំរ៉ៃ បើមិនចង់ទៅពេទ្យពិនិត្យសុខភាពដោយផ្ទាល់នោះទេ វាជាការល្អបំផុតដែលពួកគាត់ អាចតាមដានសុខភាពខ្លួនឯងនៅផ្ទះ ហើយរាយការណ៍ពីស្ថានភាពសុខភាពទាំងឡាយ ទៅគ្រូពេទ្យផ្ទាល់ខ្លួន ដើម្បីវាយតម្លៃនៃការប្រើប្រាស់ថ្នាំជាប្រចាំ»។ នេះជាការលើកឡើងរបស់ លោក ហួត ចាន់ថូ វេជ្ជបណ្ឌិតជំនាញជំងឺរ៉ាំរ៉ៃ នៃសម្ពពសោភាមានជ័យ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗតាមទូរសព្ទនៅថ្ងៃទី២៨មេសា។
លោក ចាន់ថូ លើកឧទាហរណ៍ជាក់ស្តែងដូចជា អ្នកជំងឺទឹកនោមផ្អែម គេអាចវាស់សម្ពាធឈាម និងវាស់ជាតិស្ករប្រចាំថ្ងៃដោយខ្លួនឯង ហើយផ្តល់ព័ត៌មានទាំងនោះទៅគ្រូពេទ្យ ដើម្បីវាយតម្លៃ និងប្រែប្រួលនៃរបបថ្នាំព្យាបាល។
បើតាមយោបល់លោក ចាន់ថូ ដើម្បីផ្តល់ព័ត៌មានទាំងនេះ អ្នកជំងឺផ្ទាល់ ឬក៏ក្រុមគ្រួសារ អាចទាក់ទងជាមួយគ្រូពេទ្យដែលមើលថែទាំខ្លួនតាមទូរសព្ទ ឬ បណ្តាញទំនាក់ទំនងសង្គម ដ្បិតថាការតាមដានជំងឺនៅផ្ទះ រួមមានការពិនិត្យរបាយសម្ពាធឈាម កម្រិតជាតិស្ករ... សុទ្ធតែជាអ្វីដែលត្រូវពិនិត្យ ពេលអ្នកជំងឺមកមន្ទីរពេទ្យផ្ទាល់ដែរ។
«ការអនុវត្តបែបនេះ គឺមិនប៉ះពាល់អ្វីទេ។ វាមិនប៉ះពាល់ដល់ប្រសិទ្ធភាពនៃការព្យាបាល ជាមួយនឹងសុខភាពអ្នកជំងឺ ក្នុងអំឡុងពេលនេះទេ ដោយសារយើងមានទំនាក់ទំនងគ្នាល្ អរវាងគ្រូពេទ្យ និងអ្នកជំងឺ»។ អ្នកជំនាញវេជ្ជសាស្ត្រខាងលើបញ្ជាក់បន្ថែមបែបនេះ។
បន្ថែមពីលើការតាមដានសុខភាពប្រចាំថ្ងៃ លោក ចាន់ថូ ផ្តល់យោបល់ថា បើអ្នកជំងឺរ៉ាំរ៉ៃមិនមានបញ្ហាឆ្អឹងខ្នង និងរលាកសន្លាក់ជង្គង់ខ្លាំងទេ ពួកគេអាចហាត់ប្រាណយ៉ាងតិចពី ២០ទៅ៣០នាទី ក្នុងមួយថ្ងៃ ដើម្បីសម្រួលដល់បញ្ហាសម្ពាធឈាម និងគ្រប់គ្រងជាតិស្ករក្នុងខ្លួនផ្ទាល់។ ការហាត់ប្រាណបានទៀងទាត់ជាប្រចាំនោះ បង្កភាពងាយស្រួលដល់ការគ្រប់គ្រងស្ថានភាពជំងឺរ៉ាំរ៉ៃបានកាន់តែល្អប្រសើរ។
ចំណែកអ្នកមានជំងឺខ្សោយតំរងនោម និងលាងឈាមរ៉ាំរ៉ៃវិញ ដាច់ខាត់ត្រូវតែទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលណាមួយ ដើម្បីលាងឈាមជាប្រចាំ។ លោក ចាន់ថូ បានបញ្ជាក់ថា អ្នកមានជំងឺរ៉ាំរ៉ៃប្រភេទនេះ គឺចាំបាច់ទៅលាងឈាមជាប្រចាំ យ៉ាងហោចណាស់២-៣ដង ក្នុងមួយសប្តាហ៍ ដើម្បីសង្គ្រោះជីវិត។
រដ្ឋាភិបាលកំពុងសិក្សាពីលទ្ធភាពជួយមនុស្សចាស់ដែលរងផលប៉ះពាល់ពីកូវីដ-១៩
ខណៈដែលប្រជាជនវ័យចំណាស់ជាច្រើននៅកម្ពុជា ប្រឈមនឹងហានិភ័យដោយសារការរាតត្បាត នៃជំងឺឆ្លងកូវីដ-១៩ ការគាំទ្រណាមួយពីរដ្ឋាភិបាល នឹងចូលរួមយ៉ាងសំខាន់ក្នុងការគាំពារសុខុមាលភាព ប្រជាជនងាយរងគ្រោះទាំងនោះ។
ថ្វីបើការគាំពារសុខុមាលភាពមនុស្សចាស់ ស្ថិតនៅក្នុងគោលនយោបាយថ្នាក់ជាតិ ស្តីពីមនុស្សវ័យចំណាស់ឆ្នាំ ២០១៧-២០៣០ របស់រដ្ឋាភិបាលកម្ពុជាក៏ពិតមែន ចំណាត់ការគាំពារមនុស្សចាស់ ក្នុងស្ថានភាពមហន្តរាយដូចជា កូវីដ-១៩ នេះ មិនទាន់មានការកំណត់ជាក់ច្បាស់នៅឡើយទេ។
បើតាមក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បច្ចុប្បន្នស្ថាប័នដែលមានភារកិច្ចធានាគុណភាពជីវិត និងការគាំពារសុខុមាលភាពមនុស្សចាស់ កំពុងស្ថិតក្នុងដំណាក់កាលសិក្សា ពីផលប៉ះពាល់ចំពោះប្រជាជនវ័យចំណាស់ នៅទូទាំងប្រទេស ដោយសារមេរោគ កូវីដ-១៩នៅឡើយ។
«យើងកំពុងសិក្សាពីពួកគាត់ ក្នុងស្ថានភាពកូវីដ-១៩ហ្នឹង។ ការសិក្សាហ្នឹងយើងផ្តោតទាំងអស់ ពិសេសគឺផ្តោតលើសុខភាពរបស់ពួកគាត់ ហើយយើងអាចផ្តល់ជាកម្ចីថវិកាដល់ពួកគាត់»។ នេះជាការបញ្ជាក់ របស់លោក គុណ ជាស៊ីម ប្រធាននាយកដ្ឋានសុខុមាលភាពមនុស្សចាស់។
បើតាមប្រធាននាយកដ្ឋានខាងលើ កម្ចីថវិកាដែលមនុស្សចាស់ម្នាក់ៗ ក្នុងសមាគមត្រូវទទួលបាននោះ ក្រសួងសង្គមកិច្ច កំពុងសិក្សាជាមួយក្រសួងសេដ្ឋកិច្ច និងអង្គការ UNICEF ផងដែរ។
«ប៉ុន្តែយើងមិនទាន់កំណត់ បានថាម្នាក់ៗទទួលបានកម្ចីថវិកាប៉ុន្មាននៅឡើយទេ ព្រោះសិក្សាមិនទាន់ចប់»។ លោក អះអាងដូច្នេះ។ លោកបន្តថា ចំណាត់ការគាំទ្រដែលស្ថិតក្នុងដំណាក់កាលសិក្សានេះ នឹងអនុវត្តចំពោះប្រជាជនវ័យ ចំណាស់ប្រមាណ ៣០ ម៉ឺននាក់ ដែលជាសមាជិកសមាគមមនុស្សចាស់ចំនួន ១,៦៤៦ឃុំ-សង្កាត់នៅទូទាំប្រទេស៕