កណ្ដាល៖ មានជីវភាពធូរធារជាងកាលពីនៅដាំដំណាំពោត និងស្រូវ គ្រួសាររបស់អ្នកស្រី សុន សារុន សប្បាយចិត្ត ព្រោះអាចរកចំណូលបានច្រើនពីរបរដាំបន្លែ ហើយក៏មិនសូវហត់ដូចកាលពីមុខដែរ។ ទោះជាយ៉ាងណា កសិកររូបនេះ ពិតជាមិនចង់ឱ្យមានការនាំចូលបន្លែ ពីក្រៅប្រទេសឡើយ ព្រោះដើម្បីឱ្យតម្លៃបន្លែក្នុងស្រុកមានលំនឹង និងបានតម្លៃខ្ពស់។
ដើម្បីជ្រាបច្បាស់ពីការផ្លាស់ប្ដូររបស់អ្នកស្រី សុន សារុន តទៅនេះសូមប្រិយមិត្តអញ្ជើញស្ដាប់បទយកការណ៍ ដែលរៀបរៀងដោយកញ្ញា ប៉ូ សាគុន ដូចតទៅ៖
អង្គុយក្នុងរោងចាំចម្ការដែលមានជញ្ចាំង និងដំបូលស័ង្កសី ទំហំប្រមាណជាជាង៣ម៉ែត្រ៤ជ្រុង ស្ថិតនៅចម្ងាយប្រហែល១ គីឡូម៉ែត្រពីភូមិ អ្នកស្រី សុន សារុន កំពុងក្ដិចស្លឹកខ្ទឹមចាស់ៗចោល ដោយសម្អាតទុកយកទៅលក់ឱ្យឈ្មួញ។ ធ្វើការបណ្ដើរ ស្ត្រីកូន៧នាក់រូបនេះ ឆ្លៀត ឆ្លើយប្រាប់សារព័ត៌មានថ្មីៗបណ្ដើរថាគាត់ប្ដូរពីការដាំពោតនិងស្រូវ មកដាំបន្លែវិញ ព្រោះការដាំបន្លែមិនសូវហត់ខ្លាំង។
អ្នកស្រី បញ្ជាក់បន្ថែមដូច្នេះ៖«ធ្វើពោតហត់ហើយបានថោក។ បើបន្លែយើងអាចថាថ្ងៃហ្នឹង យើងមកធ្វើស្មៅពីតូចៗ ដល់តែធំបន្តិតរៀងរយាលដៃ យើងមកស្រោចទឹក និងស្ដារអ៊ីចឹងទៅ។ បើពោតខាតច្រើន ជីក៏ទិញគេ ពូជក៏ទិញគេ។ ពោត១កេះ ៤០ម៉ឺនរៀល ដល់អ៊ីចឹងយើងធ្វើមិនចំណេញទេ ហើយពោត១គីឡូបានតែ៥០០ ទៅ៦០០រៀលហ្នឹង ដាក់ទឹករហូតទៀត។ ខ្ញុំធ្លាប់ធ្វើស្រូវដែរ តែពេលនេះដីនោះទុកចោលហើយ ធ្វើបាន១០តោន តែមិនចំណេញទេ ១គីឡូបានជាង៦០០រៀល។ ហើយថ្នាំបាញ់ស្មៅ បាញ់ម្ដងប្រហែល៤០ម៉ឺនរៀល ព្រោះមមាចត្នោតចុះផង ធ្វើមិនចំណេញក៏ឈប់ធ្វើទៅ»។
មានដីសម្រាប់ធ្វើចម្ការប្រមាណជា៧០អា ស្ត្រីសម្បុរស្រអែមរាងខ្ពស់ ពាក់អាវពណ៌ផ្កាឈូក និងស្លៀកខោផ្ការូបនេះ តាមពិតទៅបានប្ដូរមកដាំបន្លែតាំងពីប្រមាណជា១០ឆ្នាំមុនមកម្លេះ ប៉ុន្តែដោយនៅអាឡោះអាល័យដំណាំស្រូវ នៅក្នុងឆ្នាំនេះ អ្នកស្រីខំឆ្លៀតទុកដីខ្លះធ្វើស្រូវដែរ គ្រាន់បានអង្ករខ្លួនឯង តែវានៅតែមិនបានផល គាត់ក៏លះលែងចោលទាំងស្រុងតែម្ដងទៅ។
មិនមែនមានតែបន្លែឡើយ គ្រួសារដែលមានសមាជិក៤នាក់ នៅក្នុងបន្ទុកនេះ ក៏មានដាំដំណាំស្វាយដែរ។ ដៃក្ដិចស្លឹកខ្ទឹមយ៉ាងញាប់ អ្នកស្រី សារុន បញ្ជាក់ថា៖«ឆ្នាំនេះធ្វើស្រូវដែរ តែកណ្ដុរស៊ីអស់ ត្រូវអស់លុយច្រើន មិនតាមទេ មិនឆក់មិនអីទេ ចោលតែម្ដងទៅ មកធ្វើបន្លែវិញ។ បន្លែខ្ញុំធ្វើវគ្គមុនបានប្រហែល៧លាន ទន់អស់ប្រហែលតែ១លានទៅ២លានទេ បានចំណេញច្រើន ។ ប្រាក់នោះខ្ញុំយកទៅទិញថ្នាំបាញ់ស្វាយ»។
ដាំបន្លែច្រើនមុខដូចជាស្ពៃចង្កឹះ ស្ពៃក្រញាញ់ ស្ពៃតឿ សាឡាត់ និងស្លឹកខ្ទឹមជាដើម គ្រួសាររបស់អ្នកស្រី សារុន ដែលរស់នៅភូមិព្រែបាក់ ឃុំព្រែកទម្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល អាចប្រមូលផលបន្លែបានជារៀងរាល់ខែ ហើយស្ត្រីវ័យ៦០ឆ្នាំរូបនេះ ថាវាបានជួយជីវភាពគ្រួសាររបស់គាត់បានច្រើន។ អង្គុយក្បែរប្ដីនិងកូនស្រីប្រុស អ្នកស្រី សុន សារុន បន្ថែម៖«ដំណាំនេះជួយជីវភាពបានធូរជាងធ្វើពោត។ ធ្វើពោត៣ខែទើបប្រមូលផលម្ដង ទម្រាំបានកាច់បានលក់វាចូល៤ខែហើយ។ បើស្ពៃ៤ខែយើងលក់បាន៣ដងបាត់ទៅហើយ បើទោះបីជាវាថោកក៏យើងបានទប់ទល់ម្ហូបដែរ មិនជំពាក់គេ។ ស្ពៃដែលដើមធំពេកគេមិនទិញទេ»។
មានឈ្មួញជួយទិញទោះតិចឬច្រើននៅគ្រប់កាលៈទេសៈក៏ពិតមែន ប៉ុន្តែតម្លៃបន្លែត្រូវធ្លាក់ចុះនៅរដូវសម្បូរ ហើយនេះជាអ្វីដែលអ្នកស្រីបានប្រាប់៖«កាលពីមិនទាន់បិទច្រកព្រំដែន បន្លែរបស់ខ្ញុំក៏ស្រួលលក់ដែរ តែគ្រាន់តែវាបានតម្លៃតែ៤០០ទៅ៥០០រៀល។ ខ្ញុំទើបតែកាត់ស្ពៃតឿ ស្ពៃក្រញាញ់ ហើយទើបនឹងដាំវិញ។ បើសាឡាត់បានតែ៥០០រៀល ហើយគេមិនយកច្រើនទៀត ដកមួយថ្ងៃបាន៧០គីឡូទៅ៨០គីឡូ ហើយសាឡាត់ខ្ញុំរាប់តោនវាផ្កា ដល់អ៊ីចឹងភ្ជួរចោលទៅ។ ពេលបើកព្រំដែនក៏មានពេលលក់បានថ្លៃដែរ បានជាង២,០០០រៀលដែរ តែវាមិនទៀត។ បានតម្លៃថ្លៃវាមានតិចជាងបានតម្លៃថោក»។
ក្នុងទឹកសម្ដីហាក់មិនសូវខ្វល់ខ្លាំងពីតម្លៃបន្លែធ្លាក់ថ្លៃ អ្នកស្រី សារុន ដែលប្រើថ្នាំគីមីតិចតួចទៅលើបន្លែរបស់ខ្លួននេះ យកបន្លែទៅបោះឱ្យឈ្មួញដែលទិញនៅក្នុងភូមិ។«ខ្ញុំមិនកុងត្រាជាមួយឈ្មួញទេ ខ្ញុំដាំបានក៏លក់ទៅ។ ពេលខ្ទឹមមិនមាន គេឡើងថ្លៃទៅ ជួនបាន៣,០០០រៀល ជួនបាន២,៥០០រៀលទៅ។ កាលពីបានតម្លៃ២,៥០០រៀល ខ្ទឹមរបស់ខ្ញុំនៅតូច វាមិនទាន់មានគីឡូទេ។ តែឥឡូវខ្ទឹមចុះថ្លៃសល់តែ២,០០០រៀល ហើយខ្ញុំក៏ត្រូវដកដែរ ហើយគេយកតិចទៀត ម្នាក់យកតែ១០ទៅ២០គីឡូទេ។ កាលមុនគេយកច្រើន តែខ្ញុំមិនមាន។ ខ្ញុំយកទៅបោះឱ្យឈ្មួញដែលលក់នៅតាមផ្ទះក្នុងភូមិ ហើយឈ្មួ្ញនោះ មានឡានមកយកបន្តទៀត ទៅស្វាយរៀង ទៅព្រៃវែងអ៊ីចឹងទៅ»។ នេះជាការពន្យល់របស់អ្នកស្រី សារុន។
នៅចន្លោះខែមីនា និងខែមេសានេះ អ្នកស្រី សារុន ថាស្ពៃមានតម្រូវការច្រើន តែអ្នកស្រី មិនមានស្ពៃកាត់ឱ្យឈ្មួញឡើយ។ ទោះជាយ៉ាងណានៅខែខ្លះ អ្នកស្រីមានស្ពៃច្រើន បែរជាឈ្មួញយកតិចទៅវិញ។ អ្នកស្រីបន្តដូច្នេះ៖«ឥឡូវស្ពៃគេយកច្រើន ៣០០ឬ៤០០គីឡូក៏គេយកដែរ ប៉ុន្តែខ្ញុំមិនទាន់បានកាត់ ព្រោះវានៅស្ទើរ។ ខ្ញុំធ្លាប់លក់មិនអស់ដែរ កាលពីខែសម្រក ខ្ញុំចោលប្រហែលជា១តោន ព្រោះស្ពៃខ្ញុំវាធំពេកគេមិនយក។ ម៉ូយគេយកពីអ្នកផ្សេងខ្លះយកពីខ្ញុំខ្លះ។ ស្ពៃរបស់ខ្ញុំមានជាង១តោន ហើយមួយថ្ងៃគេយកតែ១០០គីឡូ ដូច្នេះលក់មិនអស់ក៏ចោលទៅ។ សាឡាត់ក៏ចោលដែរ»។
អ្នកស្រីបញ្ជាក់បន្ថែមខណៈភ្នែកមើលទៅបន្លែដែលដុះលើដីដូច្នេះ៖«កាលពីខែ២នេះ ស្ពៃតឿនិងស្ពៃចង្កឹះ១គីឡូបានតែ៣០០រៀល ឱ្យតែគេយកឱ្យអស់ទៅ គេយកមិនអស់ទៀត ព្រោះកាលនោះគេដាំបានគ្រប់គ្នា ។ សាឡាត់បានតែ៥០០រៀលទេ ឥឡូវសាឡាត់បាន៤,០០០រៀល។ គេទិញឡើងទៅភ្នំពេញដែរ ហើយបងប្អូនរបស់ឈ្មួញនោះក៏គេដាំដែរ គេកាត់មួយថ្ងៃប្រហែល១០តោនឯណោះ»។
ដៃចង្អុលទៅរោងបន្លែដែលខ្លះដុះបានទំហំធំ និងខ្លះទៀតទើបតែដុះបានស្លឹក២ទៅ៣ ស្ត្រីដែលមានប្ដីនិងកូនជួយជ្រោមជ្រែងរូបនេះ ថានៅរដូវបន្លែបានថ្លៃ អ្នកស្រីអាចលក់បានប្រាក់ច្រើនគួរសម ក្នុងមួយថ្ងៃ៖«បើស្ពៃបានថ្លៃខ្ញុំកាត់បានប្រហែល៧០ម៉ឺនរៀលទៅ៨០ម៉ឺនរៀលដែរក្នុងមួយថ្ងៃ។ បើយើងដាំបានច្រើន យើងកាត់បានរាល់ថ្ងៃអ៊ីចឹងទៅ។ បើនៅសល់តូចៗប្រហែលកន្លះខែទើបបានកាត់ទៀត។ ដាំសារថ្មីនេះខ្ញុំដាំបន្តគ្នាចូល៨០រង ដើម្បីបានកាត់លក់បន្ត»។
ក្នុងនាមជាកសិករម្នាក់ អ្នកស្រី សុន សារុន មិនចង់ឱ្យមានការនាំចូលបន្លែពីក្រៅប្រទេសឡើយ ដើម្បីឱ្យបន្លែនៅក្នុងស្រុកមានតម្លៃខ្ពស់៖«ខ្ញុំមិនចង់ឱ្យមានការនាំបន្លែចូលពីក្រៅស្រុកដែរ ព្រោះយើងនៅក្នុងស្រុក ហើយធ្វើលក់នៅក្នុងស្រុកវាបានថ្លៃ។ កាលពីមុនស្ពៃ៤០០រៀលឬ៥០០រៀល តែឥឡូវបាន២,០០០រៀលទៅ៣,០០០រៀល។ ឥឡូវកាត់តែ១០០គីឡូ លក់បាន៣០ម៉ឺនរៀល ហើយលើកមុន៣០០គីឡូលក់បានតែ១៥ម៉ឺនរៀលទេ។ កាលពីមុនស្ពៃ១ថង់១០គីឡូបានតែ៥,០០០រៀល តែឥឡូវ១ថង់បាន១០ម៉ឺនរៀល»៕