COVID-19
អន្តរជាតិ
Covid-19៖ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី សន្យា​គាំពារ​កម្មករ និង​បុគ្គលិក​ឲ្យ​ល្អ ទោះ​មិនអាច​សង្គ្រោះ​ការងារ​ពួកគេ​បាន​ទាំងអស់​ក៏ដោយ​
03, May 2020 , 8:29 pm        
រូបភាព
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀនឡុង (រូបភាព៖ AFP)
នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លីសៀនឡុង (រូបភាព៖ AFP)
ដោយ:
​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី សៀន​ឡុង កំពុង​ពិចារណា​លើ​ការបន្ធូរបន្ថយ លើ​ការ​រឹតត្បិត​សកម្មភាព​មួយ​ចំ​នួ ន​ដើម្បី​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ​ជា​បណ្តើរៗ ជាមួយនឹង​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត ខណៈ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​លេចធ្លោ​ក្នុង​តំបន់​មួយ​នេះ រង​ផលប៉ះពាល់​យ៉ាងខ្លាំង ពី​វីរុស​រាតត្បាត Covid-19​។


 
​តាមរយៈ​សុន្ទរកថា​សម្រាប់​ការងារ​ប្រចាំ​ខែឧសភា លោកនាយក​រដ្ឋមន្ត្រី លី សៀន​ឡុង បានប្រកាស​ពី​លទ្ធភាព ក្នុងការ​បន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លះ លើ​វិធាន​ការការពារ និង​ទប់ស្កាត់​វីរុស Covid-19 ដើម្បី​ជា​ផ្នែក​នៃ​មួយ​ការស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​ឡើងវិញ បន្ទាប់​រដ្ឋាភិបាល​រប​ស់លោក បាន​មានលទ្ធភាព គ្រប់គ្រង​ស្ថានភាព​នៃ​ជំ​ងឹ​កាន់តែ​ល្អប្រសើរ​។​
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Today Online លោកនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា ស្ថានភាព​នៃ​ការ​រាតត្បាត​របស់​វីរុស Covid-19 ជាពិសេស​ករណី​ឆ្លង​ថ្មី មាន​ភាព​ថមថយ​ហើយ ដូច្នេះ​សិង្ហ​បុរី អាច​បន្ធូរបន្ថយ​បម្រាម ក្នុងការ​ដើរហើរ និង​ចាប់ផ្តើម​ស្តារ​សេដ្ឋកិច្ច​ជា​បណ្តើរ​។ ក៏ប៉ុន្តែ លោក សង្កត់ធ្ងន់ថា ការចាប់ផ្តើម​នេះ នឹងធ្វើ​ដោយ​ប្រុងប្រយ័ត្ន​បំផុត ចៀសវាង​ការផ្ទុះ​ឡើងវិញ​នៃ​វីរុស​។ 
 
​ប្រមុខ​រដ្ឋាភិបាល​សិង្ហ​បុរី​រូបនេះ បាន​ទទួលស្គាល់ថា​ដំណើរ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​លើក​នេះ គឺជា​ផ្លូវ​មួយ​លំបាក និង​វែងឆ្ងាយ ដ្បិត​ស្ថានភាព​សេដ្ឋកិច្ច​របស់​សិង្ហ​បុរី ក៏មាន​ការផ្លាស់ប្តូរ ខណៈដែល​ក្រុមហ៊ុន ឬ​រោងចក្រ​មួយចំនួន ក៏បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​រួចទៅហើយ​។ 
 
​លោក លី បានកត់សម្គាល់​ផងដែរ​ថា រដ្ឋាភិបាល នឹង​នៅតែ​បន្ត​រក្សា​សេវា​ដែល​ចាំបាច់ ហើយ​សកម្មភាព​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច នឹងត្រូវ​បើក​ឲ្យ​ចាប់ផ្តើម​ឡើងវិញ​ជា​ជំហានៗ តែ​មិន​ទាំងអស់​ក្នុងពេល​តែមួយ​នោះទេ​។ ជាក់ស្តែង វិស័យ​ដែល​អាទិភាព​សម្រាប់​លោក លី គឺ​វិស័យ​ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី អាច​ធានា​ពី​សកម្មភាព​ក្នុងស្រុក និង​វិស័យ​ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី ត្រូវ​ផ្សារភ្ជាប់​សង្វាក់​ផលិតកម្ម​ជាមួយនឹង​ពិភពលោក​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ទោះបីជា​រដ្ឋាភិបាល​សិង្ហ​បុរី​មិនអាច​សង្គ្រោះ ឬ​ស្រោចស្រង់​ការងារ ដែល​រង​ផលប៉ះពាល់​ពី​វីរុស​រាតត្បាត​នេះ បាន​ទាំងអស់​ក៏ដោយ លោកនាយក​រដ្ឋមន្ត្រី បាន​សន្យា​គាំពារ​ជីវភាព​ប្រជាជន ដែលជា​កម្មករ ឬ​បុគ្គលិក ដែល​បម្រើការ​លើ​វិស័យ​ពាក់ព័ន្ធ ដែល​រង​ផលប៉ះពាល់​ពី​វីរុស​នេះ មិន​ឲ្យ​លំបាក​ឡើយ​៕ 

Tag:
 សិង្ហ​បុរី​
  Covid-19
© រក្សាសិទ្ធិដោយ thmeythmey.com