ជាតិ
អំពូលភ្លើងសូឡា ធ្វើឲ្យភូមិព្រះដាកលែងស្ងាត់ និងកាន់តែមានសោភ័ណ
× សៀមរាប៖ យុទ្ធនាការ «ផ្ទះ១អំពូលភ្លើង១» ត្រូវបានរៀបចំឡើងដោយរដ្ឋបាលស្រុកបន្ទាយស្រី នៅដើមឆ្នាំ២០២០ ដោយក្នុងនោះបានជ្រើសរើសភូមិព្រះដាក ដែលគេស្គាល់ថាមាននំបញ្ចុកឆ្ងាញ់ សម្រាប់អនុវត្តន៍យុទ្ធនាការដំបូងនេះ។ មកដល់ពេលនេះ ភូមិព្រះដាកបានទាក់ទាញចំណាប់អារម្មណ៍ដល់សាធារណជនជាខ្លាំង ដ្បិតមានភ្លើងបំភ្លឺផ្លូវពេលយប់ ដែលធ្វើឱ្យភូមិនេះមានសភាពអ៊ូអរ និងបង្កើនសោភ័ណភាពតាមដងផ្លូវកាន់តែខ្លាំងឡើង។
សូមអញ្ជើញទស្សនាទិដ្ឋភាពនៅក្នុងភូមិព្រះដាកនៅក្នុងវីដេអូខាងក្រោមនេះ៖
លោកយាយ ចែម ខែត កំពុងអង្គុយធ្វើនំមុខផ្ទះ បាននិយាយថា បង្ហាញទឹកមុខរីករាយក្រោយផ្ទះលោកយាយមានភ្លើងភ្លឺចេងចាំង។ ពីមុនផ្ទះលោកយាយ ពុំមានភ្លើងដាក់មុខផ្ទះបែបនេះទេ ដោយសារបារម្ភ ពីការប្រើប្រាស់អគ្គិសនីច្រើនប្រចាំខែ។ លោកយាយ ខែត កត់សម្គាល់ថាតាំងពីមានអំពូលសូឡា ដែលរដ្ឋបាលស្រុកបំពាក់តាមមុខផ្ទះមក ក្នុងភូមិមានភាពអ៊ូអរ មនុស្សម្នាដើរហើរច្រើនមិនថាថ្ងៃ ឬយប់។
កំពុងចម្អិនស្ករត្នោតនៅក្រោមផ្ទះ លោកយាយ ឈួន នោះវិញ ក៏រីករាយជាមួយអំពូលសូឡាថ្មីនេះដែរ។ លោកយាយរៀបរាប់ថា ពីមុនពេលចុះផ្ទះនៅពេលយប់ត្រូវប្រើភ្លើងកែវឆ្លុះ តែសព្វថ្ងៃមិនពិបាកទៀតទេ។ លោកយាយ ក៏គាំទ្រដល់អាជ្ញាធរ រៀបចំដាក់ភ្លើងបំភ្លឺផ្លូវនៅតាមភូមិដដៃទៀត ដើម្បីភាពស្រស់ស្អាតក្នុងឃុំព្រះដាកទាំងមូល។
ចំណែកអ្នកនាង គឹមសេង ដែលកំពុងលក់នំបាញ់ឆែវមុខផ្ទះ ក៏មានមោនកភាពដែរ ក្នុងនាមអ្នកភូមិព្រះដាក់។ អ្នកនាងថា អ្នកដំណើរជិតឆ្ងាយ តែងមានការងឿងឆ្ងល់ និងសាកសួរពីការបំពាក់អំពូលភ្លើងដែលហាក់ភ្លែកភ្នែកធៀបនឹងភូមិដទៃ។ គឹមសេង សប្បាយចិត្តនិងបេ្ដជ្ញាចូលរួមថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អបំផុត៕
Tag:
ផ្ទះ១អំពូលភ្លើង១
ព្រះដាក
© រក្សាសិទ្ធិដោយ thmeythmey.com