COVID-19
ជាតិ
ក្រសួងទេសចរណ៍ ចាប់ផ្ដើមរៀបចំស្តង់ដារអាជីវកម្មទេសចរណ៍ថ្មី រូបភាពពីទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ ក្នុងបរិបទកូវីដ១៩ បានធ្វើឲ្យវិស័យទេសចរណ៍ជួបបញ្ហាប្រឈមក្នុងការបាត់បង់ប្រាក់ចំណូល។ ក្រសួងទេសចរណ៍ បានចាប់ផ្ដើមរៀបចំស្ដង់ដាថ្មី ក្នុងពេលកម្ពុជាកំពុងជួបប្រទះបញ្ហាកូវីដ-១៩ សម្រាប់អាជីវកម្មទេសចរណ៍ចំនួន ៣ រួមមានសេវាកម្មស្នាក់នៅ ម្ហូបអាហារ និងសេវាកម្មទេសចរណ៍សហគមន៍-រមណីយដ្ឋានទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ ការរៀបចំស្ដង់ដាថ្មីនេះ ដើម្បីឲ្យវិស័យទេសចរណ៍មានសកម្មភាពឡើងវិញ ដោយធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
នៅថ្ងៃទី៣០ មេសាកន្លងទៅ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានដឹកនាំកិច្ចប្រជុំរវាងក្រសួងទេសចរណ៍ ជាមួយវិស័យឯកជនក្នុងវិស័យទេសចរណ៍ ជុំវិញការរកដំណោះស្រាយលើផលប៉ះពាល់ក្នុងវិស័យទេចរណ៍ ដោយសារកូវីដ-១៩។ ក្នុងកិច្ចប្រជុំខាងលើ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានសម្រេចរៀបចំស្ដង់ដាអាជីវកម្មទេសចរណ៍ថ្មី។
បើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងទេសចរណ៍ ស្ដង់ដាអាជីវកម្មទេសចរណ៍ថ្មីនេះ ផ្ដោតលើសេវាកម្មស្នាក់នៅ, ម្ហូបអាហារ និងសេវាកម្មទេសចរណ៍សហគមន៍-រមណីយដ្ឋានទេសចរណ៍។ ក្រសួងទេសចរណ៍ បញ្ជាក់ថា ស្ដង់ដាអាជីវកម្មទេសចរណ៍ថ្មីនេះ នឹងមានការចេញប្រកាសឲ្យអនុវត្តជាផ្លូវការយ៉ាងយូរដាច់ខែឧសភា ឆ្នាំ២០២០។
ទាក់ទងនឹងសកម្មភាពរបស់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនៅតាមតំបន់ទេសចរណ៍ក្នុងស្រុកឡើងវិញនេះ ក្រសួងទេសចរណ៍ តម្រូវឲ្យម្ចាស់អាជីវកម្មទេសចរណ៍នៅតាមតំបន់ទោះនោះ ត្រូវអនុវត្តតាមបទបញ្ជា និងការណែនាំរបស់រដ្ឋាភិបាល និងក្រសួងសុខាភិបាល។ លោក ថោង ខុន បានលើកឡើងថា៖ «នៅចំពោះមុខដែលមិនទាន់ចេញស្ដង់ដាថ្មីខាងលើនេះ ប្រសិនបើមានភ្ញៀវទេសចរទៅទស្សនា ឬមានតម្រូវការសេវាកម្មទេសចរណ៍ មន្ទីរទេសចរណ៍ អាជីវកម្មទេសចរណ៍ត្រូវទទួលភ្ញៀវតាមធម្មតា មិនថាភ្ញៀវទេសចរជាតិ ឬភ្ញៀវទេសចរបរទេសនោះឡើយ»។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍។
ស្របពេលដែលកម្ពុជា ជួបបញ្ហាកូវីដ-១៩នេះ ក្រសួងទេសចរណ៍ បន្តក្រើនរំឭកដល់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍នានា ត្រូវរៀបចំសោភ័ណភាព និងយកចិត្តទុកដាក់លើស្ដង់ដាអនាម័យ ភាពស្អាត បន្ទប់ទឹកស្អាតជានិច្ច។ ដោយឡែក អាហារដ្ឋាន ភោជនីយដ្ឋាន នៅក្នុងរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ ក៏ត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
លោក ថោង ខុន ក៏បានព្រមានដល់ម្ចាស់អាជីវកម្មទេសចរណ៍យ៉ាងដូច្នេះ៖ «ប្រសិនបើម្ចាស់អាជីវកម្មទេសចរណ៍ណាដែលមិនអនុវត្តតាមគោលនយោបាយ បទបញ្ជា និងស្ដង់ដាសុវត្ថិភាពអនាម័យរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធទេនោះ មូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងនោះ នឹងត្រូវប្រឈមនឹងការផ្អាកសកម្មភាពអាជីវកម្ម ឬឈានទៅដល់ការបិទអាជីវកម្មទាំងស្រុងតែម្ដង»។ នេះបើតាមទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ដដែល៕
© រក្សាសិទ្ធិដោយ thmeythmey.com