ជាតិ
អាជ្ញាធរ​អប្សរា​គ្រោង​ដាំ​កូនឈើ​១១​ម៉ឺន​បន្ថែម​ក្នុងព្រៃ​ឧទ្យាន​អង្គរ​
03, May 2020 , 5:29 pm        
រូបភាព
​សៀមរាប​៖ ចាប់ពី​ឆ្នាំ​២០១៩​មក យុទ្ធនា​ការដាំ​កូនឈើ​ទ្រង់ទ្រាយ​ធំ ត្រូវបាន​រៀបចំឡើង​ក្នុងព្រៃ​ឧទ្យាន​អង្គរ​។ ឆ្នាំ​២០១៩ ដើមឈើ​ជិត​៣​ម៉ឺន​ដើម ត្រូវបាន​ដាំ និង​បាន​ចែកចាយ​ទៅខាង​ក្រៅ​ជាង​៧​ម៉ឺន​ដើម​។ ដោយឡែក​ក្នុង​ឆ្នាំ​២០២០​នេះ អាជ្ញាធរ​អប្សរា​បាន​ត្រៀម​កូនឈើ​ប្រមាណ​១១​ម៉ឺន​ដើម​បន្ថែមទៀត ដែល​ក្នុងនោះ​បូក​ទាំង​ការត្រៀម​ចែកចាយ​ដល់​សាធារណជន​ដែលមាន​បំណង​យក​កូនឈើ​ទៅ​ដាំ​តាម​ផ្ទះ តាម​សាលារៀន ឬ​តាម​វត្ត​អារាម​ជាដើម​។

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​៖
 
 
​បច្ចុប្បន្ន ក្រុមការងារ​ព្រៃឈើ​នៃ​អា​ជ្ញ​ធរ​អប្សរា កំពុង​មមាញឹក​ក្នុងការ​បណ្ដុះ​កូនឈើ និង​ថែទាំ តាម​ស្ថានីយ​បណ្ដុះ​កូនឈើ​នីមួយៗ ត្រៀម​សម្រាប់​ដាំ និង​ចែកចាយ​ក្នុង​ឆ្នាំ​២០២០​នេះ​។ ជាទូទៅ ការដាំ​នឹង​ចាប់ផ្តើម​នា​រដូវវស្សា នា​អំឡុង​ខែ កក្កដា តទៅ​។​
 
​មន្ត្រី​បច្ចេកទេស​ទទួលបន្ទុក​ការងារ​ដាំ និង​បណ្ដុះ​កូនឈើ នៃ​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន លោក ឡី គឹម​ស៊ី បានឱ្យដឹងថា  នៅ​ឆ្នាំ​២០២០​នេះ​ស្ថានីយ​បណ្ដុះ​កូនឈើ​ទាំង​៤​កន្លែង បាន​ត្រៀម​កូនឈើ​ប្រមាណ​១១​ម៉ឺន​ដើម សម្រាប់​ដាំ និង​ចែកចាយ​។ លោក​បន្តថា កូនឈើ​ដែល​ត្រៀម​នោះ​មាន​ទាំង​ប្រភេទ​ឈើប្រណិត ឈើ​លេខ​១ លេខ​២ លេខ​៣ ប្រភេទ​ដើមឈើ​លម្អ និង​ដើមឈើ​ព្រៃ​ហូប​ផ្លែ ដែល​ដើមឈើ​ទាំងអស់​សរុប​៤៥​មុខ​។​
 
​លោក ឡី គឹម​ស៊ី បន្ថែមថា​៖« ចំពោះ​កូនឈើ​ដែល​បណ្ដុះ​ទាំងអស់​មាន​២ ទី​១​យើង​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ឧទ្យាន​អង្គរ ទី​២​សម្រាប់​ចែកចាយ​ដល់​អង្គភាព​ផ្សេងៗ និង​ប្រជាពលរដ្ឋ​មានបំណង​យកទៅ​ដាំ​ដើម្បី​ភាព​បៃតង ឬ​បង្កើត​គម្រប​ព្រៃ​»​។​
 
​ដោយសារ​បរិបទ​ជំងឺ​កូ​វីដ​១៩ ធ្វើឱ្យ​គម្រោង​រៀបចំ​យុទ្ធនា​ការដាំ​ដើមឈើ​ដូច​ឆ្នាំកន្លងមក​ក្នុងព្រៃ​ឧទ្យាន​អង្គរ មិនទាន់​ច្បាស់លាស់​។ លោក គឹម​ស៊ី ពន្យល់ថា ប្រសិនបើ​ស្ថានភាព​ល្អប្រសើរ ក្រុមការងារ​ព្រៃឈើ​នឹង​បន្ត​រៀបចំ​យុទ្ធនាការ​តូចធំ ដើម្បីឱ្យ​មហាជន​ចូលរួម​ដាំ តែបើ​មិន​ដូច្នោះ​ទេ គឺ​ការដាំ​ឆ្នាំនេះ នឹង​ធ្វើជា​លក្ខណៈ​ផ្ទៃក្នុង​តាម​គោលដៅ​ដែល​បាន​ត្រៀម​រួចរាល់​។​


 
​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ចង់​ទំនាក់ទំនង​សុំ​កូនឈើ​យកទៅ​ដាំ សូម​ទាក់ទង​មកកាន់​ស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណ​បណ្ណ និង​ទម្រង់​បំពេញបែបបទ​សុំ​កូនឈើ ហើយ​រយៈពេល​មួយ​សប្ដាហ៍ ពួកគាត់​នឹង​ទទួលបាន​កូនឈើ​ដែល​ត្រូវបាន​រៀបចំ​ជូន​។ នេះ​ជាការ​លើកឡើង​របស់លោក គឹម​ស៊ី​។​
 
​និយាយ​ដល់​ការរក​គ្រាប់ពូជ​វិញ គ្រាប់ពូជ​មួយផ្នែកធំ​ត្រូវបាន​ប្រមូលយក​ពី​ក្នុងព្រៃ​ឧទ្យាន​អង្គរ មួយផ្នែក​ទៀត​ត្រូវ​ទិញ​ពី​ខាងក្រៅ​។ ប្រភេទ​ដើមឈើ​មួយចំនួន​ដូចជា​រំដួល ដែល​កម្រ និង​ពេលខ្លះ​រើស​មិនទាន់​ប្រជាពលរដ្ឋ​ដែល​រើស​ទុក​លក់​នៅ​ទីផ្សារ​ជាដើម​។ 
 
​ទាក់ទង​នឹង​ការងារ​បណ្ដុះ​កូនឈើ​វិញ សព្វថ្ងៃ​អាជ្ញាធរ​អប្សរា​មាន​ស្ថានីយ​បណ្ដុះ​កូនឈើ​ចំនួន​៤ ទី​១ សួន​បណ្ដុះ​កូនឈើ​៨​ហិកតា ដែល​បណ្ដុះ​ប្រភេទ​ឈើប្រណិត ទី​២ ស្ថានីយ​បណ្ដុះ​កូនឈើ​ប្រាសាទតាកែវ ដែល​បណ្ដុះ​ប្រភេទ​ឈើ​លេខ​១ លេខ​២ លេខ​៣ និង​ក្រៅ​ប្រភេទ ទី​៣ ស្ថានីយ​បណ្ដុះ​កូនឈើ​មណ្ឌល​៣ ដែល​បណ្ដុះ​ប្រភេទ​ឈើ​លម្អ និង​ឈើ​ព្រៃ​ហូប​ផ្លែ និង​ទី​៤ សួន​បណ្ដុះ​កូនឈើ​បា​ឡុង ដែល​បណ្ដុះ ថែទាំ និង​ផ្សាំកូនឈើ​បន្តវេន​គ្រប់​ប្រភេទ​។ រាល់​ឆ្នាំ អាជ្ញាធរ​អប្សរា​តែង​ដាំ​និង​ចែកចាយ​រាល់​ប្រភេទ​ឈើ​ទាំងអស់នេះ ក្រោយ​ថែទាំ និង​ដល់​អាយុ ឬ​កម្ពស់​ដែល​ត្រូវ​ដាំ​។ លោក គឹម​ស៊ី ពន្យល់ថា​៖« ជារួម​ដើមឈើ​ដែលមាន​កម្ពស់​៥​ទៅ​៦​តឹក​ឡើង អាចយ​កដាំ​បាន ព្រោះ​ដើមឈើ​ខ្លះ​បណ្ដុះ​ទៅ​លឿន ខ្លះ​ក៏​យឺត ទាមទារ​រយៈពេល​៦​ខែ ខ្លះទៀត​ក៏​មួយឆ្នាំ​តាម​នឹង​»​។​
 
​ចំពោះ​ការថែទាំ​វិញ ក្រោយ​ដាំ​រួច ក្រុមការងារ​ព្រៃឈើ​មាន​បុគ្គលិក​សម្រាប់​មើល​ការងារ​ស្រោច​ទឹក និង​ថែទាំ​តាម​តំបន់​គោលដៅ​នីមួយៗ ដើម្បី​ធានាថា ការដាំ​កូនឈើ​ទាំងនោះ​មាន​បរិមាណ​រស់​ច្រើន​។ ត្រង់ចំណុច​នេះ​លោក គឹម​ស៊ី ពន្យល់ថា ដោយសារ​ផ្ទៃដី​ក្នុងព្រៃ​ឧទ្យាន​អង្គរ​មាន​ភាព​អំណោយផល​ផង ធ្វើឱ្យ​ការដាំ​ភាគច្រើន​លូតលាស់​ល្អ​។ អត្រា​លូតលាស់ និងរ​ស់មាន​រហូតដល់​៨០​ទៅ​៩០​ភាគរយ​នៅ​ទីតាំង​ដែល​ឡានទឹក​ចូល​ស្រោច​បាន ចំណែក​តំបន់​ដែល​ពិបាក​ឡាន​ចូល មាន​អត្រា​រស់​មធ្យម​៦០​ភាគរយ​។ តែ​យ៉ាងណា កូនឈើ​ងាប់​ទាំងនោះ​នឹងត្រូវ​ជួស​ឡើងវិញ​នៅ​រដូវ​បន្ទាប់​។​
 
​ការងារ​ដាំ​ដើមឈើ​ឡើងវិញ គឺជា​កិច្ចការ​ដ៏​សំខាន់​មួយ​ក្រៅពី​អភិរក្ស​ប្រាង្គ​ប្រាសាទ​។ ចាប់ពី​ចុងឆ្នាំ​២០១៩​មក និង​រហូតដល់​ដើមឆ្នាំ​២០២០​នេះ អាជ្ញាធរ​អប្សរា​បានចាប់ផ្តើម​រៀបចំ​កែលម្អ​សួន​នៅ​ប្រាសាទអង្គរវត្ត ទាំង​ការដាំ​ស្មៅ និង​ដើមឈើ​ជា​តូចធំ​ជាច្រើន ក្នុង​បំណង​ដើម្បី​បង្កើន​ភាព​បៃតង ក៏ដូចជា​បង្កើន​គម្រប​ព្រៃឈើ​ក្នុង​តំបន់​ព្រៃ​ឧទ្យាន​អង្គរ​៕









Tag:
 ឧទ្យាន​អង្គរ​
  ព្រៃឈើ​
  អប្សរា​
© រក្សាសិទ្ធិដោយ thmeythmey.com