ជាតិ
«​ស្លឹក​ដំឡូងឈើ​»​ជា​ចំណី​ដែល​ធ្វើ​ឲ្យ​គោ ជ្រូក មាន់ ទា ឆាប់​ធំធាត់​ល្អ
04, May 2020 , 8:39 am        
រូបភាព
 រូបថត៖ គណនីហ្វេសប៊ុក លោក ខៀវ បូរិន (Borin Khieu)
រូបថត៖ គណនីហ្វេសប៊ុក លោក ខៀវ បូរិន (Borin Khieu)
​ភ្នំពេញ​៖ ស្លឹក​ដំឡូងឈើ​មាន​ប្រូតេអ៊ីន​ចន្លោះ​២៣-២៥​ភាគរយ ល្អ​សម្រាប់​ការលូតលាស់​របស់​សត្វ​គោ បើ​ធៀប​នឹង​ស្មៅ​ធម្មតា និង​ចំបើង​មាន​សារធាតុចិញ្ចឹម​ត្រឹម​៥​ភាគរយ​។ បើតាម​លោក ខៀវ បូ​រិ​ន អ្នកជំនាញ​វិទ្យាសាស្ត្រ​ចំណី​សត្វ ស្លឹក​ដំឡូង​នេះ គឺជា​ចំណី​សត្វ​បន្ថែម​ដែលមាន​សារធាតុចិញ្ចឹម​ខ្ពស់ ក្នុងការ​រក្សា​ទម្ងន់​សត្វ និង​ធ្វើឱ្យ​ឆាប់​ធំធាត់ តាមបែប​ធម្មជាតិ​។  លោក​បាន​បញ្ជាក់ថា គោមួយ​ក្បាល​អាច​ស៊ី​ស្លឹក​ដំឡូង​នេះ​ជា​មធ្យម​៥​គីឡូក្រាម ក្នុង​មួយថ្ងៃ​។

 
​ស្លឹក​ដំឡូងឈើ ក្រៅពី​មាន​ប្រូតេអ៊ីន​ខ្ពស់​ហើយ​នោះ ក៏​នៅមាន​ផ្ទុក​អាស៊ីត​ស្សា​និក​(Hydrocyanic Acid_HCN) ដែល​អាចជួយ​កាត់បន្ថយ​ព្រូន នៅក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​របស់​សត្វ​ទៀតផង​។ នេះ​ជាការ​អះអាង របស់លោក បូ​រិ​ន  ដោយបាន​បន្តថា កសិករ​ដែលមាន​ចិញ្ចឹម គួរតែ​នាំគ្នា​ដាំដំឡូង​នេះ យក​ឱ្យ​សត្វ​ស៊ី ល្អ​ជាជាង​នាំគ្នា​ទិញ​ស្មៅ ត្រកួន ពី​អ្នកដទៃ ដែលមាន​តម្លៃ​ខ្ពស់​ហើយ មាន​ហានិភ័យ​ចំពោះ​សត្វ​ទៀត​។ បើតាម​អ្នកជំនាញ​សត្វ​រូបនេះ ស្លឹក​ដំឡូងឈើ អាច​យក​ធ្វើជា​ចំណី​គោ ជ្រូក មាន់ ទា និង​សត្វ​ពពែ​ជាដើម​។ 
 
​លោក​ប្រាប់​សារព័ត៌មាន​រាជធានី​-​ខេត្ត​២៥ (ThmeyhThmey25) តាម​ទូរ​សព្ទ​ថា​៖ «​គោ​ដែល​កសិករ​យើង​ចិញ្ចឹម​តាម​គ្រួសារ នៅក្នុង​រដូវប្រាំង​គឺ​ស្រក ឬ​បាត់​គីឡូ​ពី​១០ ទៅ​១៥​គីឡូក្រាម​ក្នុង​មួយខែ បើ​គោ​នោះ​ស៊ី​តែ​ចំបើង​»​។ លោក​បាន​បន្តថា ក្នុង​រដូវប្រាំង​ដែល​ខ្វះ​ស្មៅ សត្វ​នោះ  កសិករ​គួរ​ដាំ​ដំឡូងឈើ យក​ស្លឹក​ធ្វើ​ចំណី​សត្វ ដែល​អាច​ប្រមូលបាន​ក្នុង​ចន្លោះពេល ២១-២៨​ថ្ងៃ ដោយ​ច្រូត​ឬ​កាត់ ហើយ​ដើម​ដំឡូង​ដែល​នៅជាប់​ដី​នោះ កសិករ​គ្រាន់តែ​ស្រោច​ទឹក និង​ដាក់​ជី​ឱ្យបាន​ត្រឹមត្រូវ គឺអាច​ច្រូក​ស្លឹក​ឱ្យ​គោ​ស៊ី បានជា​ប្រចាំ​ហើយ​។ បើតាម​លោក បូ​រិ​ន ចម្ការ​ដំ​ឡូ​វ​ឈើ​១​ហិកតា ឱ្យ​ទិន្នផល​ជា​ស្លឹក ពី​២៨​ទៅ​៣៥​តោន​។ 
 
​ទន្ទឹមនឹង​អត្ថប្រយោជន៍​ខ្ពស់ និង​ភាព​ស្រួល​នៃ​ការចិញ្ចឹម​សត្វ​ឱ្យ​ស៊ី​ស្លឹក​ដំ​ឡូ​វ​ឈើ​នោះ លោក ខៀវ បូ​រិ​ន ក៏បាន​ផ្តាំ​ដល់​កសិករ​មិន​ត្រូវឱ្យ​គោ ឬ​សត្វ​ផ្សេងៗ ស៊ី​ស្លឹក​ដំឡូង​នេះ ដោយ​គ្មាន​ចំណី​គោល នៅក្នុង​ខ្លួន​សត្វ​មាន​នោះទេ (​មិនត្រូវ​មុន​ចំណី​ផ្សេងៗ​) ព្រោះ​អាចធ្វើឱ្យ​សត្វ​ពុល​បាន ដោយសារតែ​អាស៊ីត​ស្សា​និក នៅពេល​សត្វ​ទាំងនោះ​ស៊ី​ស្លឹក​ដំឡូង​ឆ្អែត​។ លោក​បាន​បញ្ជាក់ថា ស្លឹក​ដំឡូងឈើ​នេះ អាចឱ្យ​សត្វ​ស៊ី បាន​ចាប់ពី​ពេល​ថ្ងៃត្រង់​ទៅ  គឺ​ពេលវេលា​សម្រាប់ សម្រាប់​សត្វ​ទទួលយក​ចំណី​នោះ​៕


Tag:
 ដំឡូង​
© រក្សាសិទ្ធិដោយ thmeythmey.com