កូនៗ យល់ទេ? កូនៗស្តាប់អ្នកគ្រូ! ជាមួយនឹងសំឡេងដ៏ពីរោះ និងមានវិធីសាស្ត្របង្រៀនតាមជំនាញគរុកោសល្យ អ្នកគ្រូ សី ស្រីកែវ ក្លាយជាគ្រូបង្គោលម្នាក់របស់ក្រសួងអប់រំ យុវជន និងកីឡា ទទួលបន្ទុកបង្រៀនសិស្សថ្នាក់ទី១ តាមប្រព័ន្ធអនឡាញ ក្នុងកាលៈទេសៈកូវីដ-១៩។ បម្រើការនៅសាលាបឋមសិក្សាសសរស្តម្ភ ខេត្តសៀមរាប អ្នកគ្រូវ័យ២៣ឆ្នាំរូបនេះ ត្រូវធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ម្តងក្នុងមួយសប្តាហ៍ ដើម្បីថតការបង្រៀនរបស់ខ្លួន។ នឿយហត់ទេ? អ្នកគ្រូ ស្រីកែវ បានឆ្លើយប្រាប់សារព័ត៌មានថ្មីៗថា កាយហត់នឿយ តែសប្បាយចិត្ត។
មានស្រុកកំណើតនៅស្រុកពួក ខេត្តសៀមរាប កញ្ញា សី ស្រីកែវ ជាគ្រូបង្រៀនថ្នាក់ទី១ នៅសាលាបឋមសិក្សាសសរស្ដម្ភ។ កញ្ញា សី ស្រីកែវ បានក្លាយជាគ្រូបង្រៀនរយៈពេល ៣ឆ្នាំមកហើយ ដោយផ្ដើមចេញបង្រៀននៅឆ្នាំ២០១៧។
សូមអញ្ជើញស្ដាប់កិច្ចសម្ភាសរវាងកញ្ញា ញឹក ស្រីល័ក្ខ អ្នកសារព័ត៌មានថ្មីៗ ជាមួយកញ្ញា សី ស្រីកែវ គ្រូបង្រៀនថ្នាក់ទី១ តាមប្រព័ន្ធអនឡាញដូចតទៅ៖
ក្នុងឆ្នាំ២០២០នេះ វត្តមានរបស់អ្នកគ្រូវ័យក្មេងរូបនេះ ត្រូវបានមហាជនមួយចំនួនស្គាល់ តាមរយៈការបង្រៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី១ តាមប្រព័ន្ធអនឡាញ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា។ ទោះបីការបង្រៀនតាមអនឡាញមានភាពងាយស្រួលជាងការបង្រៀននៅក្នុងថ្នាក់ក៏ដោយ ក៏អ្នកគ្រូ សី ស្រីកែវ នៅតែបារម្ភពីការទទួលបានរបស់សិស្ស។
អ្នកគ្រូ សី ស្រីកែវ ពន្យល់ពីភាពខុសគ្នានៃការបង្រៀនតាមអនឡាញយ៉ាងដូច្នេះ៖ «ចំពោះការបង្រៀននៅក្នុងថ្នាក់ យើងមានសិស្ស តែតាមអនឡាញវិញ គឺវាងាយស្រួលជាងបង្រៀននៅក្នុងថ្នាក់។ ទោះងាយស្រួល ប៉ុន្តែចំពោះលទ្ធផល យើងមិនដឹងថាសិស្សចាប់បានឬអត់ទេ។ បើនៅក្នុងថ្នាក់វិញ ទោះពិបាកជាង តែយើងអាចជួយសិស្សបាន»។
បើតាមគ្រូបង្រៀនដែលជាកូនកសិកររូបនេះ មុនពេលបង្រៀន នាងត្រូវរៀបចំឯកសារ សម្ភារ និងល្បែងសិក្សាសម្រាប់សិស្ស។ ក្នុងពេលបង្រៀនអ្នកគ្រូ សី ស្រីកែវ បានបង្ហាញភាពរីករាយតាមរយៈទឹកមុខ និងកាយវិការដល់សិស្សាសិស្សតូចៗ ដើម្បីឲ្យពួកគេឆាប់ចាប់បាន និងមិនមានភាពធុញថប់ក្នុងការរៀន។ «ពេលយើងបង្រៀនក្មេងៗ យើងត្រូវធ្វើឲ្យគាត់ចាប់អារម្មណ៍នឹងយើង ព្រោះក្មេងៗចូលចិត្តការបង្រៀនដែលបញ្ចូលល្បែងសិក្សាពេលកំពុងរៀន»។ នេះជាការលើកឡើងរបស់អ្នកគ្រូ សី ស្រីកែវ។
ការចាប់ផ្តើមបង្រៀនតាមអនឡាញ មុនដំបូងហាក់មានភាពលំបាកសម្រាប់គ្រូបង្រៀនវ័យក្មេងរូបនេះ ដោយនាងត្រូវឈរនិយាយ ឈរបង្រៀន និងត្រូវឆ្លើយសំណួរខ្លួនឯង។ អ្នកគ្រូ ស្រីកែវ រៀបរាប់ថា៖ «ពេលបង្រៀនត្រូវសួរខ្លួនឯង ឆ្លើយខ្លួនឯង ទះដៃអបអរខ្លួនឯង អញ្ចឹងមានអារម្មណ៍ថាខ្មាស ប៉ុន្តែមានក្រុមការងារខាងក្រសួងលើកទឹកចិត្ត និងជួយខ្ញុំ ធ្វើឲ្យខ្ញុំមានទឹកចិត្តបង្រៀនតទៅទៀត»។
ទម្រាំមានឱកាសឈរបង្រៀនតាមអនឡាញនេះ មិនមែនជារឿងងាយស្រួលឡើយ។ អ្នកគ្រូ ស្រីកែវ ប្រាប់ពីដំណើរការនៃការជ្រើសរើសយ៉ាងដូច្នេះ៖ «ដំបូង ខ្ញុំជាបេក្ខជនដែលត្រូវបានជ្រើសរើស តាមរយៈសមត្ថភាពនៃការបង្រៀនរបស់ខ្ញុំ។ បន្ទាប់មកទៀត ត្រូវប្រកួតប្រជែងជាមួយគ្រូបង្រៀនដទៃទៀតនៅក្នុងស្រុក និងថ្នាក់ជាតិ។ ក្រោយមានការជ្រើសរើស ខាងក្រសួង ចុះមកមើលការបង្រៀនរបស់យើង មើលលើអត្តចរិក និងសម្ភាសគ្រូដទៃ អ្នកលក់នៅក្នុងសាលា និងអាណាព្យាបាលសិស្សជាដើម»។
ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកគ្រូ ស្រីកែវ ឲ្យដឹងថា ក្នុង១ខែ ត្រូវធ្វើដំណើរពីសៀមរាបមកភ្នំពេញ២ដង ដើម្បីបង្រៀនតាមអនឡាញ ដែលផ្សាយផ្ទាល់លើផេកក្រសួងអប់រំ យុវជន និងកីឡា។ បើទោះបីត្រូវធ្វើដំណើរឆ្ងាយ តែអ្នកគ្រូ ស្រីកែវ សប្បាយចិត្ត និងមានភាពនឿយហត់ឡើយ។ «មិនហត់នឿយទេ ព្រោះយើងទៅបង្រៀន យើងបានបង្ហាញស្នាដៃ និងបានបង្រៀនដល់សិស្ស»។ នេះជាការលើកឡើងរបស់អ្នកគ្រូ ស្រីកែវ។
មិនត្រឹមតែមានវ័យក្មេង និងទើបប្រឡូកក្នុងអាជីពជាគ្រូបង្រៀនរយៈពេល៣ឆ្នាំនោះទេ កញ្ញា សី ស្រីកែវ បានក្លាយជាគ្រូបង្រៀនល្អ ដែលទទួលបានជ័យលាភីលេខ៤ របស់ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ គ្រូបង្រៀនរូបនេះ ប្ដេជ្ញាខំប្រឹងពង្រឹងសមត្ថភាពនៃការបង្រៀនឲ្យកាន់តែល្អថែមទៀត។
សូមបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតកម្មវិធីសិក្សាពីចម្ងាយ និងការសិក្សាតាមប្រព័ន្ធអេឡិចត្រូនិក ដល់សិស្សានុសិស្សចាប់តាំងពីថ្នាក់បឋម ដល់មធ្យមសិក្សា ដែលផ្សព្វផ្សាយតាមទូរទស្សន៍ចំនួន ៥៧ប៉ុស្តិ៍ ដើម្បីជួយសិស្សានុសិស្សអាចសិក្សាដោយខ្លួនតាមប៉ុស្តិ៍ទាំងនេះ និងតាមអនឡាញ ក្នុងអំឡុងពេលបិទសាលា ដោយសារការរាតត្បាតជំងឺកូវីដ-១៩៕