ជាតិ
សង្គមជាតិ
លោក កឹម សុខា ផ្ញើសារជូនសម្តេច ហ៊ុន សែន ចូលរួមរំលែកទុក្ខចំពោះមរណភាពឧបាសិកា ប៊ុន ស៊ាងលី
04, May 2020 , 9:45 am        
រូបភាព
លោក កឹម​ សុខា​ និង ភរិយា រូមទាំងមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិ ថ្វាយបង្គំព្រះសង្ឃក្នុងពិធីបុណ្យមួយ នៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ កាលពីខែមិថុនា ឆ្នាំ២០១៦
លោក កឹម​ សុខា​ និង ភរិយា រូមទាំងមន្រ្តីនៃអតីតគណបក្សសង្គ្រោះជាតិ ថ្វាយបង្គំព្រះសង្ឃក្នុងពិធីបុណ្យមួយ នៅទីស្នាក់ការកណ្តាលនៃអតីតគណបក្សសង្គ្រោះជាតិ កាលពីខែមិថុនា ឆ្នាំ២០១៦
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ និងភរិយា បានសម្តែងសមានចិត្តចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឧបាសិកា ប៊ុន ស៊ាងលី ដែលម្តាយបង្កើតរបស់សម្តេច ប៊ុន រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា និងជាម្តាយក្មេករបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ សារចូលរួមរំលែកទុក្ខនេះ លោក កឹម សុខា បានបង្ហោះលើទំព័រហ្វេសប៊ុក នៅម៉ោង៩កន្លះ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០។



លោក កឹម សុខា សរសេរទៅកាន់សម្តេច ហ៊ុន សែន ដូច្នេះថា៖«មរណភាពរបស់មហាឧបាសិកា ប៊ុន ស៊ាងលី គឺជាការបាត់បង់មាតា ជីដូន ដែលជាអ្នកមានគុណដ៏ធំធេង ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានកូនចៅប្រកបដោយព្រហ្មវិហារធម៌»។

លោក សរសេរបន្តថា៖«ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ភរិយាខ្ញុំ និងរូបខ្ញុំ សូមចូលរួមរំលែកនូវមរណទុក្ខដោយសេចក្តីសោកស្តាយជាមួយសម្តេចអគ្គមហាសេនាបតីតេជោ  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងបុត្រា បុត្រី ចៅ ចៅទួត ព្រមទាំងសាច់ញាតិក្រុមគ្រួសារទាំងអស់នៃសព ដោយសេចក្តីសង្វេគក្រៃលែង»។

ឃ្លាចុងក្រោយ លោក បួងសួងសូមឲ្យដួងវិញ្ញាណក្ខន្ធរបស់ឧបាសិកា ប៊ុន ស៊ាងលី បានទៅសោយសុខក្នុងសុគតិភព។

ឧបាសិកា ប៊ុន ស៊ាងលី បានទទួលមរណភាព ក្នុងព្រះជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ នៅម៉ោង២និង១២នាទី ទៀបភ្លឺ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ។ សពរបស់ឧបាសិកា ប៊ុន ស៊ាងលី តម្កល់ធ្វើបុណ្យ នៅភូមិគ្រឹះរបស់សម្តេច ហ៊ុន សែន និងសម្តេច ប៊ុន រ៉ានី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

អត្ថបទទាក់ទង


ឧបាសិកា ប៊ុន ស៊ាងលី ទទួលបានគោរមងារ ជា «អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី» ពីព្រះមហាក្សត្រ កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០១៩៕



Tag:
 ឧបាសិកា ប៊ុន ស៊ាងលី
  ហ៊ុន សែន
  កឹម​ សុខា
© រក្សាសិទ្ធិដោយ thmeythmey.com