អន្តរជាតិ
នយោបាយអន្តរជាតិ
លោក ត្រាំ ថា អាមេរិក នឹងអាចមានវ៉ាក់សាំង COVID-19 នៅចុងឆ្នាំ២០២០នេះ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ។ រូបភាព៖ Fox News
× អាមេរិក នឹងអាចមានវ៉ាក់សាំងការពារជំងឺរលាកសួត ដែលបង្កដោយកូរ៉ូណាវីរុស (COVID-19) នៅចុងឆ្នាំ២០២០។ នេះបើតាមការលើកឡើងដោយមានទំនុកចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាស់ ត្រាំ នៅថ្ងៃទី៣ ខែឧសភា។
មកទល់ពេលនេះ អាមេរិកមាន COVID-19 សរុបចំនួនជាង ១,១លានករណី អ្នកស្លាប់ជិត ៧ម៉ឺនករណី និងអ្នកជាសះស្បើយប្រមាណជិត ១៨ម៉ឺននាក់។ ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកស្រាវជាវអាមេរិក កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការស្វែងរកវ៉ាក់សាំងការពារ ក៏ដូចជាថ្នាំព្យាបាលជំងឺឆ្លងសកលមួយនេះ។
យ៉ាងណាក៏ដោយ អាមេរិកសង្ឃឹមថា នៅចុងឆ្នាំ២០២០នេះ ខ្លួននឹងមានវ៉ាក់សាំងការពារកូរ៉ូណាវីរុស។ «យើងមានទំនុកចិត្តយ៉ាងខ្លាំង ដែលថាយើងនឹងមានវ៉ាក់សាំងនៅចុងឆ្នាំ២០២០ ឬបញ្ចប់ឆ្នាំ»។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយបែបនេះ នៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Fox News។
ជាមួយគ្នានេះ លោកត្រាំ បានបន្ថែមទៀតថា លោកក៏សប្បាយចិត្តដែរ ប្រសិនបើប្រទេសណាមួយ មានលទ្ធភាពរកឃើញវ៉ាក់សាំងមុនអាមេរិក។ ក្នុងន័យនេះ ប្រមុខរដ្ឋអាមេរិក បានបញ្ជាក់ថា៖ «ខ្ញុំមិនខ្វល់អ្វីទាំងអស់ ខ្ញុំចង់បានវ៉ាក់សាំង ដែលការពារមនុស្សបាន»។
ការលើកឡើងរបស់លោកត្រាំ ជុំវិញរយៈពេលរកឃើញវ៉ាក់សាំងការពារបែបនេះ គឺគ្រាន់តែជាយោបល់ និងការគិតរបស់លោកតែប៉ុណ្ណោះ ពោលគឺលោកមិនបានសាកសួរអ្នកជំនាញណាមួយ មុនធ្វើកិច្ចសម្ភាសនេះឡើយ។ ក្រៅពីនេះ លោក ត្រាំ ក៏ត្រូវបានគេសួរសំណួរជុំវិញបុគ្គល ដែលយកទៅធ្វើតេស្តសាកល្បងវ៉ាក់សាំងផងដែរ។ ជាការឆ្លើយតប ប្រធានាធិបតីអាមេរិកទី៤៥រូបនេះ បានលើកឡើងថា អ្វីទាំងអស់គឺធ្វើឡើង ដោយផ្អែកទៅតាមការស្ម័គ្រចិត្ត ហើយបុគ្គលទាំងនោះក៏ដឹងពីអ្វីដែលនឹងត្រូវចាក់បញ្ចូលដែរ។
សូមបញ្ជាក់ថា អាមេរិក ក៏ដូចជាប្រទេសផ្សេងទៀតដូចជា ចិន អាល្លឺម៉ង់ អូស្ត្រាលីជាដើម កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការស្រាវជ្រាវស្វែងរកវ៉ាក់សាំងការពារCOVID-19 ។ អ្វីដែលត្រូវធ្វើនៅពេលនេះ គឺត្រូវស្រាវជ្រាវរកវ៉ាក់សាំង ឲ្យបានកាន់តែឆាប់កាន់តែល្អ ដើម្បីការពារអ្នកស្លាប់ និងអ្នកឆ្លងពីជំងឺថ្មីនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com